ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​រក​ចំណូល​បាន​ជាង ៣​ ពាន់​លាន​ដុល្លារ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ស្មើនឹង ៨៥,៧០ ​ភាគរយ ​នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣ បើទោះបី​ស្ថានភាព​សេដ្ឋកិច្ច​សកល​ក្នុង​តំបន់​រួមទាំង​កម្ពុជា​កំពុងមាន​ការធ្លាក់ចុះ​ក្តី​។ នេះ​បើ​យោងតាម​តួលេខ​ពី​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ (GDT)​។​

​បើតាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់ GDT អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៣០ ខែតុលា​ថា នៅក្នុង​រយៈពេល​ ៩​ ខែ​ឆ្នាំ​ ២០២៣ ចំណូល​ពន្ធអាករ​សម្រេច​បាន​ប្រមាណ ២,៨០៦ ​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង ៧៨,៥៧ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ​២០២៣ ហើយ​បើ​គិតដល់​ត្រឹម​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំ​ ២០២៣ គឺ​សម្រេចបាន​ប្រ​មាណ​ជាង ៣ ​ពាន់​លាន​ដុល្លារ ស្មើ ៨៥,៧០​ ភាគរយ​នៃ​ផែន​ការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣​។​


​លោក គង់ វិបុល អគ្គនាយក​នៃ GDT បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី​ ៣១ ខែតុលា​ថា ចំពោះ​លទ្ធផល​ប្រ​មូល​ពន្ធអាករ​នេះ​ គឺ​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ក្នុងការ​ផ្តល់នូវ​សេវាកម្ម​គាំទ្រ​ផ្នែក​អេឡិចត្រូនិក ​(eTax Service) ជូន​អ្នក​ជាប់ពន្ធ​ក្នុង​គោល​ដៅ​សម្រួល​ដល់​ការប្រើប្រាស់​ប្រព័ន្ធ និង​កម្មវិធី​របស់​អគ្គ​នាយដ្ឋាន​ពន្ធដារ​។

​លោក​បាន​ថ្លែងថា​៖ «​យើង​នឹង​បន្តធ្វើ​បច្ចុប្បន្នភាព និង​ជំរុញ​ការអនុវត្ត​និយាម​នីតិវិធី​ប្រតិបត្តិការ ​(SOP) របស់​អង្គ​ភាព​ពន្ធដារ​ទាំងអស់​ដើម្បី​សម្រប​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មីៗ និង​ការវិវឌ្ឍ​ដំណើរការ​ការងារ (Business Process) តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ផងដែរ​»​។​


​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ធ្វើជា​អធិបតីភាព​នៃ​កិច្ចប្រជុំ​នោះបាន​កោត​សរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធដារ​ទាំងអស់ ដែល​បានរួម​ចំណែក​បំពេញភារកិច្ច​អស់ពី​កម្លាំងកាយ​ចិត្ត និង​សម្រេចបាន​លទ្ធផល​ការងារ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​យ៉ាង​ល្អប្រសើរ​។ រដ្ឋមន្ត្រី​រូបនេះ ក៏បាន​បង្ហាញ​ការគាំទ្រ​លើ​ការដាក់ចេញ​ចក្ខុវិស័យ​នៃ​ការធ្វើ​បដិវត្តន៍​កម្ម​ឌីជីថល​រដ្ឋបាល​សារពើពន្ធ ដើម្បី​កែប្រែ​អគ្គ​នា​យក​ដ្ឋា​ន​ពន្ធដារ​កម្ពុជា ទៅជា​រដ្ឋបាល​សារពើពន្ធ​ជំនាន់ ​៣.០ ស្របតាម​ការវិវឌ្ឍ​នៃ​រដ្ឋបាល​សារពើពន្ធ​សកលលោក​។​

​លោក​បន្ថែមថា​៖ «​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បន្តធ្វើ​ការងារ​អាទិ​ភាព​សំខាន់ៗ ក្នុងការ​ពង្រឹង និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការផ្តល់សេវា​អ្នក​ជាប់ពន្ធ ការដាក់ចេញ​អាទិភាព​ការងារ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​វិស័យ​ឯកជន​ក៏​ដូច​ជា​សាធារណជន​ទូទៅ​»​។​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) កាលពី​ថ្ងៃទី​ ៣១ ខែតុលា បាន​ទម្លាក់​ការ​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​មក​នៅត្រឹម​ ៥,៣ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣ នេះ​ទាប​ជាង​ការ​ព្យាករ​កាលពី​ខែមេសា ដែលមាន​អត្រា ៥,៨ ​ភាគរយ ដោយសារតែ​បញ្ហា​ប្រឈម​ខាងក្រៅ និង​ការធ្លាក់ចុះ​នៅក្នុង​វិស័យ​អចលនទ្រព្យ ជាពិសេស​ការធ្លាក់​ចុះ​នៃ​បណ្តា​ប្រទេស​គោលដៅ​នាំចេញ​ដូចជា​អាមេរិក អឺរ៉ុប និង​ប្រទេស​ចិន​។​

​ប្រធាន​បេសកកម្ម​ប្រចាំ​កម្ពុជា លោក Davide Furceri បាន​ថ្លែងថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​ស្ទុះ​ងើបឡើង​វិញ​ជា​លំដាប់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ប៉ុន្តែ​ប្រឈមមុខ​នឹង​បញ្ហា​ក្នុងស្រុក និង​ខាងក្រៅ​។ សេដ្ឋកិច្ច​ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង ៥,៣ ​ភាគរយ​នៅ​ឆ្នាំ​ ២០២៣ និង ៦,០​ ភាគរយ​នៅ​ឆ្នាំ​ ២០២៤​។​

​លោក​បញ្ជាក់ថា​៖ «​ការ​ស្ទុះ​ងើបឡើង​វិញ​ជា​បន្តបន្ទាប់​នៃ​វិស័យ​ទេសចរណ៍ និង​ការនាំចេញ​បន្ទះ​សូ​ឡា និង​គ្រឿង​បន្លាស់​អគ្គិសនី គឺជា​កត្តា​ជំរុញ​កំណើន​ដ៏​សំខាន់​។ ការនាំចេញ​សម្លៀកបំពាក់​នៅតែ​ខ្សោយ ដោយ​បង្ហាញ​សញ្ញា​ការ​​ស្ទុះ​ងើបឡើង​តិចតួច​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ស្របពេល​សកម្មភាព​សំណង់​កាន់តែ​យឺតយ៉ាវ ដែល​បានដាក់​សម្ពាធ​លើ​កំណើន​ផងដែរ​»​។​

​លោក​លើកឡើងថា​៖ «​បន្ទាប់ពី​រយៈ​ពេល​នៃ​ការធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់បំផុត​កាលពី​ក្នុង​ខែមិថុនា ឆ្នាំមុន អតិផរណា​បាន​ស្ទុះ​ងើប​ដល់ ៣,៨​ ភាគរយ​ កាលពី​ក្នុង​ខែកញ្ញា ឆ្នាំ​ ២០២៣ ដោយសារតែ​តម្លៃ​អាហារ និង​ឥន្ធនៈ​កាន់តែ​ខ្ពស់​»​។​

​លោក​បន្ថែមថា សម្រាប់​ពេញ​ ១​ ឆ្នាំ ២០២៣ អតិផរណា​ត្រូវបាន​រំពឹងថា ​នឹងមាន​មធ្យម ២,៣ ​ភាគរយ និង​ឈានដល់​និន្នាការ​រយៈពេល​វែង​របស់​វា​ប្រហែល ៣ ​ភាគរយ​នៅ​ឆ្នាំ ​២០២៤៕