ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បាននិងកំពុង​សហកា​រ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ដៃគូ​ពាក់ព័ន្ធ ក្នុងការ​ត្រៀម​រៀបចំ​ប្រារព្ធ​ទិវា​ស្វាយចន្ទី ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​សប្ដាហ៍​ទី​២ ខែធ្នូ ខាងមុខ​ក្នុង​គោលបំណង​ប្រមូលផ្តុំ​តួអង្គ​ពាក់ព័ន្ធ​ក្នុង​វិស័យ​ស្វាយចន្ទី រៀបចំ​ការដាក់​តាំង​បង្ហាញ ប្រកួតប្រជែង​គុណភាព ស្នាដៃ​ផលិត និង​ការកែច្នៃ សំដៅ​លើកកម្ពស់​វិស័យ​ស្វាយចន្ទី កម្ពុជា​។​

​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២៣ បានរៀបចំ​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ លោក រាជ រ៉ា រដ្ឋ​លេ​​ខា​ធិ​ការ​ក្រសួងពាណិជ្ជកម្ម រួម​នឹងមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ពា​ណិ​ជ្ជ​កម្ម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តំណាង​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា សមាគម​ស្វាយចន្ទី​កម្ពុជា និង​តំណាង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ រួមមាន ប្រតិភូ​សហភាព​អឺរ៉ុប អង្គការ GIZ អង្គ​​ការ FAO អង្គការ CIRD និង​អង្គការ HEKS ផងដែរ​។


​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​តាមរយៈ​ហ្វេ​ស​ប៊ុ​កថា កិច្ចប្រជុំ​នេះ មាន​គោលបំណង​ពិនិត្យ និង​ពិភាក្សា​លើ​ការរៀបចំ​សេចក្តីព្រាង​ក​ម្ម​វិធី​សម្រាប់​ទិវា​ស្វាយចន្ទី​ដើម្បី​ឱ្យមាន​ភាព​ទាក់ទាញ និង​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​ស្វាយចន្ទី​កម្ពុជា​ស្របតាម​គោ​លន​យោ​បាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​ឆ្នាំ​ ២០២២-២០២៧ ដែល​ទទួលបាន​ការអនុម័ត​ពី​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​ ១៣ ខែមករា ឆ្នាំ​ ២០២៣ ​កន្លងទៅ​។​

​ទាក់ទង​នឹង​ការងារ​នេះដែរ លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម ឱ្យដឹង​បន្ថែមថា ទិវា​ស្វាយចន្ទី​នេះ គ្រោង​ធ្វើ​នៅ​ខេត្តកំពង់ធំ​នេះ នឹង​ប្រមូលផ្ដុំ​តួអង្គ​ពាក់ព័ន្ធ​ក្នុង​វិស័យនេះ ដោយមាន​សកម្មភាព​សំខាន់ៗ​មួយចំនួន រួមមាន ការផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ការចែករំលែក​បទ​ពិ​សោធន៍ និង​ការអនុវត្ត​ល្អ​ក្នុង​វិស័យ​ស្វាយចន្ទី និង​ការ​ដាក់តាំង​បង្ហាញ​ផលិត​ផល ជាដើម​។


លោក​បាន​ប្រាប់ថា​៖ «​ការរៀបចំ​ពិធី​នេះ គឺ​អនុលោម​ទៅតាម​ផែនការ សកម្មភាព នៅក្នុង​គោល​នយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​ឆ្នាំ​ ២០២២ ​ដល់ ២០២៧»​។​

​លោក ​អួន ស៊ី​ឡុ​ត សមាគម​ស្វាយចន្ទី​កម្ពុជា​ក៏​ឱ្យដឹង​ដែរ​ថា សមាគម​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម ដើម្បី​ជួយ​រៀបចំ​តាម​ការចាត់ចែង​របស់​ក្រសួងពាណិជ្ជកម្ម​។ លោក​ថ្លែងថា វិស័យ​ស្វាយចន្ទី ជា​វិស័យ​មួយ​ដែល​ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ​ចាត់ទុក ជា​វិស័យ​នាំមុខ​ទី​៣ បន្ទាប់ពី​ស្រូវ និង​ដំឡូង​មី ដែល​នាំ​ចំណូល​ចាក់​ចូល​ចរន្ត​សេដ្ឋកិច្ចជាតិ​។

ទោះយ៉ាងណា ៩៥​ ភាគរយ នៃ​គ្រាប់​ស្វាយចន្ទី​ឆៅ​ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម ដែល​ធ្វើឱ្យ​កម្ពុជា បាត់​តម្លៃបន្ថែម​ដល់​កសិករ និង​មិនអាច​បង្កើត​ការងារ​ជូន​ពលករ​ក្នុង​សហគមន៍​។ ក្រសួង​ពាក់ព័ន្ធ បានរៀបចំ​ជា​គោ​លន​យោ​​បាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​ដើម្បី​ជួយ​លើកតម្កើង​វិស័យ​មួយ​នេះ​។​

​លោក​ស៊ី​ឡុ​ត​បញ្ជាក់ថា​៖ «​គោ​លន​យោ​បាយ​នេះ​មាន​គោលដៅ សំខាន់​ចំនួន ​៣ គឺ​ដើម្បី​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ស្វាយចន្ទី​ដ៏​សំខាន់​មួយ សម្រាប់​បម្រើ​ទីផ្សារ​ក្នុង​​ស្រុក តំបន់ និង​ពិភពលោក​»​។

​សូមជម្រាបថា គោលនយោបាយ​​ជាតិ​ស្តីពី​ស្វាយចន្ទី​នឹង​ជួយ​លើកកម្ពស់​ទិន្នផល​នៃ​ការផលិត​នូវ​ផលិតកម្ម ប្រកប​ដោយ​គុណភាព​ប្រកួតប្រជែង​, ជំរុញ​ការធ្វើ​ឧស្សាហូបនីយកម្ម ដើម្បី​បង្កើន​តម្លៃបន្ថែម​លើ​ការប្រមូល​ផល និង​កែច្នៃ​​អនុផល​ស្វាយចន្ទី ឱ្យសម្រេចបាន​ដល់ ២៥​ ភាគរយ នៅ​ឆ្នាំ​ ២០២៧ និង​យ៉ាងតិច​ ៥០​ ភាគរយ នៅ​ឆ្នាំ​ ២០៣២,​ ជំរុញ​ការនាំចេញ តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ ការផ្សារភ្ជាប់​អន្តរ​វិស័យ​ក្នុងការ​នាំចេញ កិច្ច​សម្រួល​ពាណិជ្ជកម្ម ការកាត់បន្ថយ​ថ្លៃដើម និង​ការលើកកម្ពស់​ឧត្តមភាព​លើ​ទីផ្សារ​។

​បើតាម​របាយ​ការណ៍​សមាគម​ស្វាយចន្ទី​កម្ពុជា បច្ចុប្បន្ន កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយចន្ទី​ជាង ៦៥​ ម៉ឺន​ហិកតា (​ការសន្និដ្ឋាន​នៃ​ការដាំ​ថ្មី​បន្ថែម​ប្រហែល​៤​ ម៉ឺន​ហិកតា​ទៀត​)​។ ចំណែក​ផលិតកម្ម​ស្វាយចន្ទី ក្នុង​រយៈពេល ៩​ ខែ ឆ្នាំ​២០២៣ (​មករា​-​កញ្ញា ២០២៣)​ នេះ កម្ពុជា​ផលិត​គ្រាប់ស្វាយចន្ទី​ឆៅ​បាន ៦៣៩ ០០០ តោន​។ ក្នុងនោះ​នាំចេញ​ទៅ​វៀតណាម​បាន​សរុប ៦១៣ ២០០​ តោន ស្មើ​ទឹក​​ប្រាក់ ៨២៩​ លាន​ដុល្លារ ថយចុះ ១៦,៣ ​ភាគរយ បើ​ធៀប​រយៈកាល​ដូចគ្នា ទៅនឹង​ឆ្នាំ​ ២០២២​។ តម្លៃ​មធ្យម​គ្រាប់​ស្ងួត ១ ៦៥៨​ ដុល្លារ​ ក្នុង ​១​ តោន​៕