«​អង្ករ​ខ្មែរ​ជើង​ដំបូង​» ចំនួន ៣ ៥០០ ​តោន បាន​ដឹក​ទៅដល់​កំពង់ផែ​ឥណ្ឌូនេស៊ី​ជា​ផ្លូវការ​ហើយ នា​ព្រឹក​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដោយមាន​ការរៀបចំ​ពិធី​បើក​កុងតឺន័រ​ជា​ផ្លូវការ​ផងដែរ បន្ទាប់ពី​ចរចា​បើក​ទីផ្សារ​បានសម្រេច កាលពី​ខែសីហា កន្លងទៅនេះ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​តាមរយៈ​តេ​ឡេ​ក្រាម​ថា នេះ​ជា​លទ្ធផល​នៃ​កិច្ច​ខំប្រឹងប្រែង​ក្នុងការ​ចរចា​បើក​ទីផ្សារ និង​ជំរុញ​ការនាំចេញ​រហូត​បានសម្រេច តាមរយៈ​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ការចូលរួម​ពី​សំណាក់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ រាប់​ចាប់តាំងពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​វិស័យ​ឯកជន​ជា​ដៃគូ គឺ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​


​លោក​បាន​បញ្ជាក់ថា៖ «​កិច្ច​ខំប្រឹងប្រែង​ទាំងអស់នេះ ធ្វើឡើង​ស្របទៅតាម​គោលនយោបាយ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ផ្ដោតលើ​ការលើកស្ទួយ​កសិកម្ម និង​ការអភិវឌ្ឍ​ជនបទ ដែល​ផ្ដោតលើ​ការបន្ត​ពង្រឹង​តួនាទី និង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​ទំនើប សម្បូរបែប និង​មាន​ភាព​ធន់ ដែល​គាំទ្រ​ដល់​ការអភិវឌ្ឍ​ជនបទ សំដៅ​ធានា​សន្តិសុខ និង​សុវត្ថិភាព​ស្បៀង​, បង្កើន​តម្លៃបន្ថែម​ខ្ពស់​, ជំរុញ​ភាព​ប្រកួតប្រជែង និង​លើកកម្ពស់​គុណភាព​ជីវភាព​ប្រជាជន​នៅ​ទីជនបទ​»​។​

​លោក ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏បាន​លើកឡើង​ឱ្យដឹង​នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា​ដែរ​ថា ​អង្ក​រស​-​កម្ពុជា ជើង​ទី​១ បាន​ទៅដល់​ទឹកដី​ឥណ្ឌូនេស៊ី ចំនួន ៣ ៥០០ តោន និង​បន្ត​ដឹកជញ្ជូន​ចំនួន ២​ ជើង​បន្ថែមទៀត សរុប ១០ ០០០ ​តោន​។​


​លោក​មានប្រសាសន៍ថា៖ «​ទឹកប្រាក់​សរុប​លើ​កិច្ចសន្យា​ទី​១ គឺ​ប្រមាណ ៦,៥​ លាន​ដុល្លារ​ ដែល​ដឹក​ចេញ​ជា ៣ ​ដង​។ ការដឹកចេញ​លើក​ទី​១ បាន​ទៅដល់​គោលដៅ នឹង​បានរៀបចំ​ពិធី​បើក​ទូ​ក្នុងថ្ងៃនេះ​ផងដែរ​ចំនួន ៣ ៥០០ តោន​»​។​

សាលារៀន​មួយកន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​ធ្វើជា​មជ្ឈមណ្ឌល​ចត្តាឡីស័ក​។ រូបថត សហការី

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា បាន​ប្រាប់ឱ្យដឹង​ដែរ​ថា នេះ​គឺជា​ទីផ្សារ​ថ្មី​មួយទៀត​សម្រាប់​អង្ករ​កម្ពុជា នៅក្នុង​តំបន់​។

​កញ្ញា​បាន​ថ្លែងថា៖ «​ខ្ញុំ​សូម​អបអរសាទរ និង​អរគុណ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន ដែល​បាន​ជំរុញ​ការចរចា​បើក​ទីផ្សារ រហូត​សម្រេចបាន​ការនាំចេញ​ជា​ផ្លូវការ​នាពេលនេះ​»​។​

​កញ្ញា អ៊ឹម រចនា បាន​បន្តថា៖ «​អ្វីៗ​ទាំងអស់​ដែល​យើង​ប្រឹងប្រែង​រួមគ្នា​ធ្វើ​នាពេលនេះ មាន​គោលដៅ​សំខាន់​ចុងក្រោយ​បំផុត គឺ​ផ្ដល់​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​បងប្អូន ពូ មីង​ ដែលជា​ប្រជាកសិករ​ឱ្យ​ស័ក្តិសម​ទៅនឹង​ការ​ហត់នឿយ​របស់​ពួកគាត់ ការឈាន​ទៅមុខ​នៃ​វិស័យ​កសិកម្ម​កម្ពុជា ក៏ដូចជា​ជោគជ័យ​នៃ​កិច្ចសហការ​រួមគ្នា​រវាង​វិស័យ​រដ្ឋ​និង​ឯកជន ដើម្បី​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​»​។​

​សូម​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី ​១៦ ខែសីហា ឆ្នាំ​ ២០២៣ ​កន្លងទៅ ឥណ្ឌូនេស៊ី​បាន​ឯកភាព​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ ១២៥ ០០០​ តោន ក្នុងនោះ​អង្ក​រស​បរិមាណ ​១០០ ០០០ តោន ដោយ​ប្រើប្រាស់​យន្តការ ក្រុមហ៊ុន​Bulog និង​ក្រុមហ៊ុន ហ្គ្រី​ន​ត្រេ​ដ និង​បរិមាណ ២៥ ០០០​តោន​ទៀត ជា​ប្រភេទ​អង្ករ​ប្រណីត ដោយ​អនុវត្ត​រវាង​ក្រុមហ៊ុន ID Food និង​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា CRF​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។​

​យោងតាម​ក្រសួងពាណិជ្ជកម្ម​ដដែល ភាគី​កម្ពុជា និង​ឥណ្ឌូនេស៊ី ក៏បាន​ឯកភាពគ្នា​ឱ្យមាន​ការរៀបចំ​ឡើងវិញ​នូវ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី ក្នុង​បរិមាណ​អង្ករ​រហូតដល់ ២៥០ ០០០ ​តោន ​ក្នុង​រយៈពេល​ ១ ឆ្នាំ សម្រាប់​សុពលភាព​ ៤ ​ឆ្នាំ​៕​