ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម ប្រាប់​ឱ្យ​អាជីវករ និង​ម្ចាស់​ក្រុម​ហ៊ុន​ក្នុងស្រុក​ទាំងអស់​ដែល​មានបំណង​ផ្សព្វផ្សាយ​ពី​ផលិត​​ផល​របស់ខ្លួន​អាចមក​សួរ​ព័ត៌មាន​នៅ​ទីស្តីការក្រសួង ខណៈ​ក្រសួង​នឹង​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ​ក្នុងឱកាស​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​ ១០ នៅ​ក្រុងកែប​នាពេល​ឆាប់ៗ​នេះ​។​

​សេចក្តីជូនដំណឹង​ពី​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី ​៣០ ខែតុលា បានឱ្យដឹងថា ក្នុង​យុទ្ធ​​សាស្ត្រ​ជំរុញ និង​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ឱ្យមាន​ការ​ទទួលស្គាល់ និង​ប្រើប្រាស់​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស ក្រសួង​នឹង​រៀបចំ​ពិ​ព័រ​ណ៍​ផលិតផល​ខ្មែរ​ក្នុងឱកាស​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១០ ជុំ​ទី​៣ ចាប់ពី​ថ្ងៃទី ​១ ដល់​ថ្ងៃទី​ ៣ ខែធ្នូ ឆ្នាំ​ ២០២៣ នៅ​ក្រុង​កែប ខេត្ត​កែប​។​


​លិខិត​បញ្ជាក់ថា​៖ «​ក្នុងអំឡុង​​ពេល​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម ផ្សារភ្ជាប់​នឹង​ទេស​​ចរណ៍​នាឱកាស​នោះ ក្រសួង​សូម​អញ្ជើញលោក លោកស្រី​ជា​ផលិតករ សិប្បករ ម្ចាស់​ក្រុម​ហ៊ុន សហគ្រាស​ក្នុងស្រុក នាំយក​ផលិតផល​ខ្មែរ​ដែលមាន​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ និង​មានការ​វេច​ខ្ចប់​ល្អ​ត្រឹមត្រូវ​អនុលោម​តាម​ស្តង់ដា​ផលិតកម្ម​មកពី​គ្រប់ទិសទី​ទូទាំងប្រទេស​មក​ដាក់តាំង​បង្ហាញ​ផ្សព្វផ្សាយ និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ក្នុងឱកាស​នេះ​»​។​

​លិខិត​បន្តថា ក្រសួង​សូម​ផ្តល់​អាទិភាព​ខ្ពស់​លើ​ផលិតផល និង​សេវា​ទើបនឹង​បង្កើត​ថ្មី មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ដែល​ម្ចាស់​អាជីវកម្ម​មានបំណង​ចូលរួម​តាំង​បង្ហាញ​ស្នាដៃ​របស់ខ្លួន សូម​រួសរាន់​មក​ដាក់ពាក្យ​ចូលរួម ព្រោះ​ចំនួន​ស្តង់​មានកំណត់​។​


​ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប លោក ប៊ុន ណារិន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២ ខែវិច្ឆិកា​ថា ការរៀប​ចំ​ពិធី​តាំងពិព័រណ៍​ផលិតផល​​ខ្មែរ​ក្នុងអំឡុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១០ នា​ដើមខែ​ធ្នូ​ខាងមុខ គឺ​ពិតជា​ឱកាសល្អ​មួយ​សម្រាប់​ផលិតករ​សិប្បករ និង​សហ​​គ្រាស​ក្នុងស្រុក​ទាំងអស់​ដើម្បី​អាច​នាំយក​ផលិតផល​ខ្លួន​ទៅ​ដាក់តាំង​បង្ហាញ និង​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​ស្គាល់​ពី​ម៉ាក​សញ្ញា និង​គុណភាព​។

លោក​បន្តថា ទោះបីយ៉ាងណា​លោក​មិនទាន់មាន​ព័ត៌មាន​លម្អិត​ពី​លក្ខខណ្ឌ​ដែល​ក្រសួង​តម្រូវ​ដូចជា ប្រភេទ​ផលិតផល​អាច​ចូលរួមបាន ការបង់​កម្រៃ​សេវា ... និង​ទីតាំង​ដាក់តាំង ជាដើម​។​

​លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​ផលិតផល​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ​ទំនិញ ​(GI)​ យើង​ពិតជា​ចង់​ផ្សព្វផ្សាយ​ឱ្យ​សាធារណ​​ជនជាតិ និង​អន្តរជាតិ​ស្គាល់​ពី​គុណភាព និង​សម្បក​វេច​ខ្ចប់​ផលិតផល​អំបិល​ខ្មែរ​ឱ្យ​កាន់តែច្រើន​។ បើ​ក្រសួង​ផ្តល់​កន្លែង​សមរម្យ​យើង​ចូលរួម​»​។​

​លោក​បន្តទៀតថា ក្នុងនាម​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប លោក និង​គណៈកម្មការ​សមា​គម​កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​ផ្សព្វផ្សាយ​ឱ្យ​សាធារណ​​ជន​បាន​ស្គាល់​ពី​ផលិតផល​អំបិល GI នេះ​។​

​ប្រធាន​សម្ព័ន្ធ​សមាគម​សហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​លោក តែ តាំង​ប៉ ធ្លាប់​និយាយថា ទន្ទឹមនឹង​ការខិតខំ​ពង្រឹង និង​ពង្រីក​ផលិតផល ការ​ផ្សព្វ​ផ្សាយ​គឺជា​រឿង​ចាំបាច់ ខណៈ​សកម្មភាព​ផលិតកម្ម និង​ចំនួន​រោងចក្រ​/​សហគ្រាស​នៅ​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់​។​

​លោក​ប្រាប់ថា​៖ «​ការ​ផ្សព្វ​ផ្សាយ​គឺ​ភាពចាំបាច់​សម្រាប់​ការវិវឌ្ឍ​អាជីវកម្ម​នីមួយៗ​»​។​

​ឆ្នាំ​ ២០២៣ គឺជា​លើក​ទី​១០ ដែល​ប្រទេស​កម្ពុជា​រៀបចំ​ពិធី​បុណ្យ​សមុទ្រ ខណៈ​វា​ជា​លើក​ទី ​៣ សម្រាប់​ខេត្ត​កែប​ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​លើក​ទី១ កាលពី​ឆ្នាំ ​២០១៣ និង​លើក​ទី​២ ក្នុង​ឆ្នាំ​ ២០១៧​។ កាលពី​ឆ្នាំ​ ២០២២ បុណ្យ​សមុទ្រ​ត្រូវបានធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​។ បុណ្យ​​សមុទ្រ​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ​(​លើកលែង​អំឡុង​ពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩) ដោយ​ប្តូរ​វេន រវាង​ខេត្ត​នៅជាប់​មាត់សមុទ្រ​ទាំង​ ៤ គឺ​ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្តកោះកុង​៕