ភ្នំពេញៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហ​ព័ន្ធ​ស្រូវ​អង្ករ លោក សុង សារ៉ន បាន​លើក​​ឡើង​ថា វត្តមាន​ជា​ផ្លូវការ​លើកដំបូង​របស់​អង្ករ​កម្ពុជា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី គឺជា​ប្រ​វ​ត្តិ​សាស្ត្រ​ថ្មី ១ ​ទៀត​នៃ​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា ដែល​កើតឡើង​ពី​ការខិតខំ​រួមគ្នា​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំង​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​។ ការណ៍​នេះ​គឺជា​ការបើក​ទីផ្សារ​ថ្មី​សម្រាប់​អង្ករ​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​ប្រជាជាតិ​អាស៊ាន​ដែលមាន​ចំនួន​ប្រជាជន​ច្រើនជាងគេ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ព្រឹក​ថ្ងៃទី ​២ ខែវិច្ឆិកា បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​ផ្ទាល់ខ្លួន​ថា​ «​អង្ករ​ខ្មែរ​ជើង​ដំបូង​»​ បាន​ដឹក​ទៅដល់​កំពង់ផែ​ប្រទេស​ឥណ្ឌូនេស៊ី ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​ ២ វិច្ឆិកា ២០២៣ បន្ទាប់ពី​ការ​ចរចា​បើក​ទីផ្សារ​បានសម្រេច​ក្នុង​ខែសីហា ឆ្នាំ​ ២០២៣​។ នេះ​ជា​លទ្ធផល ១​ ទៀត​នៃ​កិច្ច​ខំប្រឹងប្រែង​ក្នុងការ​ចរចា​បើក​ទីផ្សារ និង​ជំរុញ​ការនាំចេញ​រហូត​បានសម្រេច​ក្រោម​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​រាជ​រដ្ឋា​ភិ​បាល និង​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ រាប់​ចាប់តាំងពី​ក្រសួងកសិកម្ម ក្រសួង​​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​​ករ​កម្ពុជា ក៏ដូចជា​វិស័យ​ឯកជន​ជា​ដៃគូ គឺ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF)​។​


​លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖ «​កិច្ច​ខំប្រឹងប្រែង​ទាំងអស់នេះ ធ្វើឡើង​ស្របទៅតាម​គោលនយោបាយ​បញ្ច​កោណ​ដំណាក់​កាល​ទី​១ ផ្ដោតលើ​ការលើកស្ទួយ​កសិកម្ម និង​ការអភិវឌ្ឍ​ជនបទ ដែល​ផ្ដោតលើ​ការបន្ត​ពង្រឹង​តួនាទី និង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​ទំនើប សម្បូរបែប និង​មាន​ភាព​ធន់ ដែល​គាំទ្រ​ដល់ ការអភិវឌ្ឍ​ជនបទ សំដៅ​ធានា​សន្តិសុខ និង​សុវត្ថិភាព​ស្បៀង​, បង្កើន​តម្លៃបន្ថែម​ខ្ពស់​,​ជំរុញ​ភាព​ប្រកួតប្រជែង និង​លើកកម្ពស់​គុណភាព​ជីវ​ភាព​ប្រជាជន​នៅ​ទីជនបទ​»​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF) លោក សុង សារ៉ន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា​ថា នេះ​ជា​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​ដែល​កើតឡើង​ពី​ការខិតខំ​រួមគ្នា​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំង​រដ្ឋា​ភិ​បាល និង​ឯកជន​។​


​លោក​បាន​ថ្លែងថា​៖ «​ការ​​នាំ​ចេញទៅ​ឥណ្ឌូនេស៊ី បានបង្ហាញ​ពី​ការរីកចម្រើន​នៃ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា តាម​រយៈ​ការដាក់ចេញ​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​រដ្ឋាភិបាល​»​។​

​កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ភាគី​តំណាង​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា និង​ឥណ្ឌូនេស៊ី បានធ្វើ​ពិធី​ទទួល​ស្វាគមន៍​ជា​ផ្លូវការ ចំពោះ​ការមកដល់​អង្ករ​កម្ពុ​ជា នៅក្នុង​បរិមាណ ៣ ៥០០​ តោន​ជា​លើកដំបូង​នៅ​កំពង់ផែ Tanjung Emas Harbor ទីក្រុង​ស៊ី​ម៉ា​រ៉ាំ​ង នៃ​ខេត្ត​ចា​វ៉ា​កណ្ដាល ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​ស្បៀងអាហារ ​(NFA) ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ទទួល​ការមកដល់​នៃ​អង្ករ​ពី​ប្រទេស​កម្ពុជា លោក Areif Prasetyo Adi អគ្គនាយក NFA និង​លោក Akhmad Kholisun ប្រធាន​ក្រុមហ៊ុន Perum BULOG សាខា​ខេត្ត​ចា​វា​កណ្ដាល បាន​បញ្ជាក់ថា អង្ក​រស (White Rice) របស់​កម្ពុជា​ពិតជា​មានគុណ​ភាពល្អ ហើយ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ខាងលើ​សង្កត់ធ្ងន់ថា សូម​ភាគី​កម្ពុជា​ត្រៀមលក្ខណៈ​ក្នុងការ​ផលិត​ឱ្យបាន​ច្រើន​ថែមទៀត​ដើម្បី​នាំមក​កាន់​ទីផ្សារ​ឥណ្ឌូ​នេ​ស៊ី ក្នុងពេល​ឆាប់ៗ​។​

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ឥណ្ឌូ​​នេ​ស៊ី គឺជា​ទីផ្សារ​ថ្មី​មួយទៀត​សម្រាប់​អង្ករ​កម្ពុជា​នៅក្នុង​តំបន់​។ អ្វីៗ​ដែល​យើង​ប្រឹង​ប្រែង​រួមគ្នា​ធ្វើ​ពេលនេះ គឺមាន​គោលដៅ​សំខាន់​ចុងក្រោយ​បំផុត គឺ​ផ្ដល់​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​បងប្អូន​ពូ​មីង ជា​ប្រជាកសិករ​ឱ្យ​ស័ក្តិសម​នឹង​ការ​ហត់នឿយ​របស់​ពួកគាត់ និង​ការឈាន​ទៅមុខ​នៃ​វិស័យ​កសិកម្ម​កម្ពុជា ក៏ដូចជា​ជោគ​ជ័យ​នៃ​កិច្ចសហការ​រួម​រវាង​វិស័យ​រដ្ឋ និង​ឯកជន ដើម្បី​រួម​ចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។​

​កញ្ញា​លើកឡើងថា​៖ «​ខ្ញុំ​សូម​អបអរសាទរ និង​អរគុណ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន ដែល​បាន​ជំរុញ​ការចរចា​បើក​ទីផ្សារ​រហូត​សម្រេចបាន​ការនាំចេញ​ជា​ផ្លូវការ​ពេលនេះ​»​។​

​កម្ពុជា​បានទទួល​ការបញ្ជាទិញ​អង្ករ​ពី​ក្រុមហ៊ុន Perum BULOG ឥណ្ឌូនេស៊ី មកកាន់​ក្រុមហ៊ុន Green Trade (​កម្ពុជា​)​ ក្នុង​បរិមាណ​សរុប ១០ ០០០​ តោន​ សម្រាប់​ឆ្នាំ​ ២០២៣​។ អង្ករ​ចំនួន ៣ ៥០០​ តោន​ បាន​មកដល់​ឥណ្ឌូ​នេ​ស៊ី នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។ បើតាម​ក្រុមហ៊ុន Green Trade អង្ករ​ចំនួន ៣ ០០០ ​តោន​បន្ថែមទៀត​ បាន​ចាក​ចេញពី​កំពង់ផែ​កម្ពុជា កាលពី​ថ្ងៃទី​ ២៩ ខែតុលា ឆ្នាំ​ ២០២៣ និង ៣ ៥០០​ តោន​ទៀត​គ្រោង​នឹង​បញ្ជូន​ចេញពី​កម្ពុជា នៅ​ថ្ងៃទី​ ៥ ខែវិច្ឆិកា ឆ្នាំ ​២០២៣​។​

​ជាមួយនឹង​ដំណឹង​ដ៏​ល្អ​ខាង​លើ កាលពី​ថ្ងៃទី ​២៨ ខែតុលា កន្លងមក​ថ្មីៗ​នេះ អង្ករ​កម្ពុជា ​«​អង្ករ​ពូជស្រូវ​សែន​ក្រអូប​»​ ក៏​ទើប​បានឈ្នះ​ពានមាស នៅក្នុង​កម្មវិធី​វាយតម្លៃ​គុណភាព​រសជាតិ​ប្រភេទ​អង្ក​រស​គ្រាប់​វែង​ចិន​-​អាស៊ាន លើក​ទី​១ (1st China-ASEAN Taste Quality Appraisal Activities ដែល​រៀបចំ​នៅ​ប្រទេស​ចិន​ផងដែរ​។​

​របាយការណ៍​របស់​ស​ហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ឱ្យដឹងថា ក្នុង​រយៈពេល ៩ ខែ ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៤៥៦ ៥៨១​ តោន ដែល​នាំចេញ​ដោយ​ក្រុមហ៊ុន​ចំនួន ៥៥ ទៅ​គោលដៅ​ចំនួន ៥៧ គិត​ជា​ប្រាក់​បាន​ចំនួន ៣២៧,៤៥ លាន​ដុល្លារ​។ ក្នុងនោះ​នាំទៅ​ប្រទេស​ចិន និង​ហុងកុង ១៥៥ ៣៦៦​ តោន គិត​ជា​ប្រាក់ ៩៩,៦៥ លាន​ដុល្លារ​, ទៅ​ប្រទេស​ទ្វីបអឺរ៉ុប ​(២៦​ ប្រទេស​) ចំនួន ១៩០ ៧៨៨​ តោន ​គិត​ជា​ប្រាក់ ១៣៨,៩៨​ លាន​ដុល្លារ​, ប្រទេស​សមាជិក​អាស៊ាន ៥ ប្រទេស មាន​ចំនួន ៤៥ ៣០៦ ​តោន គិត​ជា​ប្រាក់ ៣១,៣២ ​លាន​ដុល្លារ និង​គោលដៅ​ផ្សេងទៀត​ចំនួន ២៤ ប្រទេស ចំនួន ៦៦ ៣៣១ តោន គិត​ជា​ប្រាក់ ៥៧,៤៩ លាន​ដុល្លារ​៕