​ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍ និង​រង់ចាំ​សហការ​ជា​មួយ​រដ្ឋាភិបាល​ថៃ សម្រាប់​ការ​ចរចា​ឡើងវិញ​លើ​តំបន់​អភិវឌ្ឍន៍​រួមគ្នា (JDA)​ សម្រាប់​ការរុករក​ប្រេង និង​ឧស្ម័ន ក្នុង​តំបន់​ត្រួត​ស៊ីគ្នា ​(OCA)​ នៅលើ​ផ្ទៃដី ២៦ ០០០ ​គីឡូម៉ែត្រ​ការ៉េ ដែល​តាម​ការប៉ាន់ស្មាន​ គឺមាន​ស្តុក​ប្រេង និង​ឧស្ម័ន​រហូតដល់ ៥០០​ លាន​បារ៉ែល​នៅក្រោម​បាតសមុទ្រ ជា​ប្រយោជន៍​នៃ​អនាគត​ថាមពល​ខណៈ​វិបត្តិ​ថាមពល​នឹង​ឡើង​ខ្លាំង​នៅពេល​អនាគត​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ Thai BSP បាន​ដកស្រង់​សម្ដី​លោក Pirapan Salirathavibhagaon ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ថាមពល នៅ​ថ្ងៃទី ​៣០ ខែតុលា ដោយ​លើកឡើងថា រដ្ឋាភិបាល​ថ្មី​នឹង​ផ្តោតលើ​ការចរចា​ជា​មួយ​កម្ពុជា​លើ OCA ដោយ​បញ្ជាក់​ពី​ការអភិវឌ្ឍ​រួមគ្នា​ជាជាង​ការកំណត់​ព្រំ​ដែនសមុទ្រ​។​


​លោក​បាន​លើកឡើងថា​៖ «​យើង​ត្រូវការ​ថាមពល​ពី OCA មិនមែន​ការកំណត់​ព្រំដែន​សមុទ្រ​នោះទេ​។ វា​ជាការ​លំបាក និង​ត្រូវការ​ពេលវេលា​ដើម្បី​ដោះស្រាយ​វិវាទ​លើទឹក​ដី ដោយសារ​គ្មាន​ប្រទេស​ណា​អាច​ទទួលយក​ការផ្លាស់ប្តូរ​ព្រំដែន​របស់ខ្លួន​ដោយ​ងាយ​នោះទេ​»​។​

​ប្រទេស​ថៃ និង​កម្ពុជា បាន​អះអាង​ពី​តំបន់​ទឹក​រាក់​សមុទ្រ និង​ព្រំដែន​សមុទ្រ​រៀងៗ​ខ្លួន ហើយ​ការអះអាង​គឺ​ផ្អែកលើ​ច្បាប់​ផ្សេងៗ​គ្នា​។ លោក Pirapan អ្នក​ជំនាញ​ផ្នែក​ច្បាប់​ផងដែរ​នោះបាន​ឱ្យដឹងថា​៖«​ប្រទេស​ទាំង ​២​ បាន​អះអាង​ភាពស្របច្បាប់ ដូច្នេះ​វា​ពិតជា​ពិបាក​ក្នុងការ​វិនិច្ឆ័យ​ថា​អ្នកណា​ត្រូវ ឬ​ខុស​»​។


លោក​បន្តថា​៖ «​បើ​យើង​មិនអាច​ដោះស្រាយ​វិវាទ​បាន​ដោយ​ងាយ តើ​អ្វី​ជា​ចំណុច​ដែល​ធ្វើឱ្យ​វា​កាន់តែ​ស្មុគស្មាញ​ដោយ​ការ​​ភ្ជាប់​បញ្ហា​ទាំង ​២​ជាមួយគ្នា​នោះ​»​។​

​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា​ថា កម្ពុជា​ស្វាគមន៍​ក្នុងការ​ធ្វើការ​ជាមួយ​ភាគី​ថៃ​សម្រាប់ JDA ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំង​ ២​។ លោក​បន្តថា​៖ «​យើង​កំពុង​រង់ចាំ​ធ្វើការ​ជាមួយ​ភាគី​ថៃ​»​។​

​យោងតាម BSP របស់​ថៃ​បាន​ដក​​ស្រង់​សម្ដី លោក Parnpree Bahiddha Nukara ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ដោយ​លើកឡើងថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ភ្នំពេញ​កាល​ពី​ចុងខែ​កញ្ញា រដ្ឋាភិបាល​របស់លោក​ចាំបាច់​ត្រូវតែ​បង្កើត​គណៈកម្មាធិការ​ប​ច្ចេកទេស​ថ្មី​មួយ មុនពេល​ចាប់ផ្តើម​ការចរចា OCA ឡើងវិញ​ជាមួយ​កម្ពុជា​។​

​គេ​មិនទាន់​ដឹងថា ​តើន​រណា​នឹងត្រូវ​បញ្ចូល​ក្នុង​គណៈកម្មាធិការ​នេះ ហើយ​ថា ​តើ​វា​នឹង​ត្រូវបាន​ដឹកនាំ​ដោយ​ក្រសួង​ការបរទេស ឬ​ក្រសួង​ថាមពល ឬ​យ៉ាង​ណា​នោះទេ​។ លោក Pirapan ដែលជា​ប្រធាន​គណបក្ស​ថៃ​រួបរួម​ជាតិ ទំនងជា​ចង់​ទទួល​ការងារ​នេះ​។ លោក​បានស្នើ​បំបែក​បញ្ហា​ថាមពល​ចេញពី​ការចរចា​ព្រំដែន​សមុទ្រ​។ លោក​បន្តថា វិស័យ​ឯកជន​ដែល​ចាប់អារម្មណ៍​លើ​ថាមពល គួរតែ​ចូលរួម​ក្នុងការ​ចរចា​នេះ​។​

​សិទ្ធិ​អភិវឌ្ឍន៍​លើ OCA ដែលមាន​ផ្ទៃ​​ទឹក​ទំហំ ២៦ ០០០​ គីឡូម៉ែត្រ​ការ៉េ ត្រួត​លើ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ឈូង​សមុទ្រ​​ថៃ គឺជា​ចំណុច​អះអាង​រវាង​ប្រទេសជិតខាង​ទាំង ​២ ​នេះ ដែល​ភាគី​ទាំង​ ២​ បាន​អះអាង​តំបន់​នេះ​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ មក​។​

​ប្រទេស​ទាំង​ ២ ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ដើម្បី​រួមគ្នា​រុករក​តំបន់​នេះ​ត្រូវបាន​ចុះហត្ថលេខា​តាំងពី​ឆ្នាំ​ ២០០១ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ពន្យារពេល​ដោយ​រដ្ឋាភិបាល​ថៃ​ក្នុង​ឆ្នាំ​ ២០០៩​។​

​បន្ទាប់ពី​ការផ្តួលរំលំ​រដ្ឋាភិបាល​របស់លោក​ស្រី​យី​ង​ឡាក់ កាលពី​ខែឧសភា ឆ្នាំ​ ២០១៤ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ២​ ក៏បាន​ស្វែងរក​ការចរចា​ឡើងវិញ​ដែរ​។​

​តំបន់ OCA ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា នឹងមាន​ផ្ទុក​ប្រេង និង​ឧស្ម័ន​រហូតដល់ ៥០០​ លាន​បារ៉ែល​នៅក្រោម​បាត​​សមុទ្រ​៕