​អូស្ត្រាលីបង្ហាញ​ការគាំទ្រ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​នៅ​កម្ពុជា ​(G-PSF) ដោយ​ទទួលស្គាល់ថា​កិច្ចសន្ទនា​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ធានាឱ្យមាន​បរិ​យា​កាស​អំណោយផល និង​ភាពរឹងមាំ​នៃ​វិស័យ​ផ្នែក​ធុរកិច្ច​នៅ​កម្ពុជា​។

​គួរ​ជម្រាប​ថា កិច្ចប្រជុំពេញអង្គ​នៃ​វេទិកា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​វិស័យ​ឯកជន​លើក​ទី​១៩ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នៅ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព​លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​


​ការបញ្ជា​ក់នូវ​ការគាំទ្រ​របស់​អូស្ត្រាលី បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រវាង​តំណាង​ស្ថានទូត​អូស្ត្រាលី​ជាមួយ​តំណាង​មកពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​សភាពាណិជ្ជកម្ម​កម្ពុជា (CCC) ដែល​ស្ថាប័ន​ទាំងពីរ​មាន​តួនាទី​ជា លេខាធិការដ្ឋាន​នៃ​វេទិកា​មួយ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​។​

​ប្រភព​ដដែល​បញ្ជាក់ថា​៖ «​តាមរយៈ​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​យើង​គឺ កម្មវិធី​ភាពជា​ដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់ (CAPRED) អូស្ត្រាលី​កំពុងផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ក្នុងន័យ​ជួយ​ដល់​វេទិកា​នេះ ក្នុង​ការបង្កើត​វិធីសាស្ត្រ​អនុវត្តន៍​ល្អប្រសើរ​មួយ និង​ធានាបាន​នូវ​ការចូលរួម​ប្រកបដោយ​បរិ​យាប​ន្ន និង​បម្រើ​ប្រយោជន៍​រួម​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​»​។​


​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ជំនួប​នោះ បានឱ្យដឹងថា នៅក្នុង​កិច្ចប្រជុំ​នេះ អូស្ត្រាលី​បានទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ការសន្ទនា​បើកចំហ​រវាង​វិស័យ​សាធារណៈ និង​ឯកជន ហើយ​បាន​រំឭក​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​គាំទ្រ G-PSF ជា​វេទិកា​ចម្បង​សម្រាប់​ការសម្របសម្រួល​កិច្ចសន្ទនា​នេះ​។

​សេចក្តីប្រកាស​ដដែល​ប​ន្ត​ថា G-PSF ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៩ ហើយ​បានទទួល​ការគាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៩ ក្នុងអំឡុង​ពេលនោះ​វា​ត្រូវបាន​ទទួលស្គាល់ថា​ជា​អ្នកដឹកនាំ​សកលលោក​ក្នុងការ​អនុវត្តន៍​ល្អ​បំផុត​នៃ​ការសន្ទនា​សាធារណៈ និង​ឯកជន​។ ចាប់តាំងពី​ពេលនោះ​មក G-PSF បាន​ពង្រីក​ពី ៦ ទៅ ១៤ ក្រុមការងារ ដោយ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការសន្ទនា​របស់​វិស័យ​ឯកជន ដើម្បី​កែលម្អ​បរិយាកាស​បើក​ដំណើរការ​អាជីវកម្ម​។​

​លោក Justin Whyatt ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា «​វិស័យ​ឯកជន​របស់​កម្ពុ​ជាមាន​សក្តានុពល​ខ្លាំង​ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​G-PSF គឺជា​ឧបករណ៍​ដ៏​មានតម្លៃ​សម្រាប់​ដោះ​សោ​សមត្ថភាព និង​សក្តានុពល​នេះ ដោយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រុមការងារ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិស័យ​ឯកជន​»៕​