រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ងសាំង កុមារ បានលើកឡើង​ថា កម្ពុជា​ បានបញ្ចប់ការ​ប្រមូលស្រូវស្រាល​រដូវវស្សា​លើផ្ទៃដី ៧៥ ម៉ឺនហិកតា​ដោយទទួលបានផល​ចំនួន ៣ លានតោន ខណៈដែលការប្រមូល​ស្រូវរដូវវស្សា​សំខាន់​បន្ទាប់ទៀត​គឺនៅខែ​វិច្ឆិកា និងខែធ្នូ ២០២៣ នេះ នឹងមានការប្រមូល​លើផ្ទៃដី​សរុបចំនួន​ប្រមាណ ២,១ លានហិកតា និងផលរំពឹង​សរុប​ប្រមាណ ៦,៣ លានតោន។

លោក យ៉ងសាំង កុមារ តាមរយៈបណ្តាញហ្វេសប៊ុក​ផ្លូវការ​របស់​លោក កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានបង្ហោះថា កម្ពុជា​រំពឹងប្រមូលផល​ស្រូវរដូវវស្សា​សរុបបានរហូត​ដល់ ៩,៣ លានតោន គឺលើសរដូវវស្សា​ឆ្នាំមុន ប្រមាណ ០,៦ លានតោន ខណៈដែលកាលពី​ឆ្នាំ២០២២ ការប្រមូល​ផលស្រូវវស្សា​បានប្រមាណ៨,៧ លានតោន។


ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃ​ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោក យ៉ងសាំង កុមារ បានប្រាប់ឱ្យដឹងបន្ថែម​ថា វាគ្រាន់តែ​ជាការរំពឹង​ទុករបស់ក្រសួង​តែប៉ុណ្ណោះ ដោយលទ្ធផល​ជាក់ស្តែង​វាអាស្រ័យ​ទៅលើការប្រែប្រួល​អាកាសធាតុ និងកត្តាប្រឈម​នានា​មួយចំនួនទៀត។

លោកបានបញ្ជាក់ដូច្នេះ​ថា៖«យើងមិនទាន់​អាចប្រាកដ ១០០ ភាគរយ​ថា ទិន្នផល​វានឹងអាចដូចអ្វី​ដែលយើង​រំពឹងទុក​នោះទេ ប៉ុន្តែបើតាម​ការប៉ាន់​ស្មានរបស់​យើងបច្ចុប្បន្ន​នេះ គឺអាចបាន​ក្នុងបរិមាណ​ប៉ុណ្ណឹង (៩,៣ លានតោន)។ ថ្វីដ្បិតតែការ​ប្រមូលផល​ស្រូវរដូវវស្សា​បានច្រើន និងមានតម្លៃល្អ​ជាងឆ្នាំមុនមែន តែសម្រាប់​ផែនការឆ្នាំ​ក្រោយ ក្រសួង​នឹងពិនិត្យ​មើលឱ្យបាន​បន្ថែមទាក់ទងនឹង​តម្រូវការសកល​ផងដែរ ដើម្បី​ជូនដំណឹង​ដល់កសិករ»។


បើតាម លោករដ្ឋលេខាធិការ ការដាំដុះ​ស្រូវផ្ការំដួល​មានប្រមាណ ជាង ៨០ម៉ឺនហិកតា ជាមួយផលរំពឹង​ទុកប្រមាណ ២,៤ លានតោន ឬស្មើនឹង​ ២៥ ភាគរយ​នៃផលស្រូវវស្សា​សរុប ឬប្រមាណ​ជិត ៤០ ភាគរយ​នៃផលស្រូវវស្សា​ប្រមូលនៅខែ​វិច្ឆិកា និងខែធ្នូ ២០២៣ នេះ។

លោកបានបន្ថែមថា បច្ចុប្បន្ន តម្លៃស្រូវ​ផ្ការំដួល​បច្ចុប្បន្ន​ជាមធ្យម ១៣០០ រៀល​ក្នុង ១ គីឡូក្រាម គឺខ្ពស់ជាង​ឆ្នាំមុន​ជាមធ្យម​ប្រមាណ ២០០ រៀលឬស្មើនឹងប្រមាណ ១៨ ភាគរយ។ តែតម្លៃអាច​មានការប្រែប្រួល​ដោយសារការប្រមូលផល​នឹងមានការកើន​ឡើងខ្លាំង​ចាប់ពីសប្តាហ៍​ក្រោយ។ តែទោះជាយ៉ាងណាក៏ដោយ​តម្លៃស្រូវ​នៅតែល្អ​ជាងឆ្នាំ ២០២២ កន្លងមក។

«យើងកំពុង​តាមដាន​ការគ្រប់គ្រង​ការប្រមូលផល​ដើម្បី​សម្របសម្រួល​ឱ្យកសិករ​ទទួលបានតម្លៃល្អ​សមរម្យ​សម្រាប់​ផលិតផល​ស្រូវផ្ការំដួលគាត់ និងរោងម៉ាស៊ីន​ទទួលបាន​ស្រូវផ្ការំដួល​គុណភាពល្អ​សម្រាប់ការកែច្នៃ​នាំចេញ ជាពិសេស​កសិករ​និងរោងម៉ាស៊ីន​ដែលចូលរួម​ជាមួយ​ប្រព័ន្ធ​ពូជសុទ្ធ​ផ្ការំដួល»។ នេះជាការ​បញ្ជាក់​បន្ថែម ពីលោក យ៉ងសាំង កុមារ។

របាយការណ៍​ពីក្រសួង​កសិម្ម បានឱ្យដឹងថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៣​នេះ ការនាំចេញអង្ករ​គឺមានជាង ៥៣ ម៉ឺនតោន កើនឡើងជាង ៤ ភាគរយ, ស្រូវចំនួន​ជាង ២ លានតោន កើនឡើងជាង ២១ ភាគរយ ប្រៀបធៀបនឹង​រយៈពេល​ដូចគ្នាក្នុង​ឆ្នាំ២០២២៕