ក្រសួង​ទេសចរណ៍ បានប្រកាសឱ្យដឹងថា កម្ពុជា ត្រូវបានជ្រើសរើស​ជាគោលដៅ​វប្បធម៌​ឈានមុខគេ​ក្នុងទ្វីប​អាស៊ី ឆ្នាំ២០២៣ និងគោលដៅ​ទេសចរណ៍​យុវជន​ឈានមុខគេ​ក្នុងទ្វីប​អាស៊ី ប្រចាំឆ្នាំ២០២៣ ខណៈ​អ្នកជំនាញ បានបង្ហាញក្តី​រំពឹង​ថា តាមរយៈ​លទ្ធផលនេះ​នឹងផ្តល់ផល​ចំណេញ​ច្រើន​ដល់​វិស័យទេសចរណ៍​កម្ពុជា។

ក្រសួង​ទេសចរណ៍ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់​ថា៖«កម្ពុជា​ទទួលបាន​ពានរង្វាន់នេះ​ចំនួន ២ ឆ្នាំជាប់គ្នា ដែលកាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ប្រតិភូ​ក្រសួង​ទេសចរណ៍​កម្ពុជា​ធ្លាប់បានទៅ​ទទួលពាន​រង្វាន់នេះដោយផ្ទាល់​ក្នុងឱកាស​ប្រារព្ធខួប​ទី២៩ឆ្នាំ របស់​ក្រុមហ៊ុន World Travel Awards ក្នុងកម្មវិធី World Travel Awards'' Asia & Oceania Gala Ceremony 2022 នៅទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ផងដែរ»។


បើតាមក្រសួង​ទេសចរណ៍ ការជ្រើសរើសនេះ​ធ្វើឡើងតាម​រយៈការ​បោះឆ្នោតលើប្រព័ន្ធ​អនឡាញ​ពីអ្នកជំនាញ​ក្នុងវិស័យ​ទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និងអ្នកប្រើប្រាស់​បណ្តាញសង្គម​ជុំវិញ​ពិភពលោក រៀបចំ​ដោយក្រុមហ៊ុន World Travel Awards មានទីស្នាក់ការ​នៅចក្រភព​អង់គ្លេស។

ជុំវិញរឿង​នេះ លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារទេសចរណ៍​កម្ពុជា បានថ្លែង​ថា នេះជាមុខមាត់​របស់​កម្ពុជា ដែលទទួលបាន​ការជ្រើសរើស​ជា គោលដៅ​វប្បធម៌​ឈានមុខគេ​ក្នុងទ្វីប​អាស៊ី ឆ្នាំ២០២៣។ លោកស្រីបន្ត​ថា នេះគឺជាឱកាស​ឱ្យ​ប្រតិបត្តិករ​ទេសចរណ៍​កម្ពុជា អាចធ្វើ​ជាទុន​ដើម្បី​ឈានទៅ​ផ្សព្វផ្សាយ​ពីរឿងនេះ​ឱ្យកាន់តែ​ទូលាយ​បន្ថែមទៀត។


លោកស្រីបញ្ជាក់​ថា៖«ទន្ទឹមនឹង​ការរួមគ្នា​ផ្សព្វផ្សាយ​ពីសក្តានុពល​ទេសចរណ៍ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​បន្ថែមទៀត យើងក៏ត្រូវតែ​ខិតខំ​កែលម្អ​នូវចំនុច​ខ្វះខាតរៀងៗ​ខ្លួន​ចាប់ពីភ្ញៀវចូល​មកទឹកដី​កម្ពុជា រាប់ចាប់ពី​បដិសណ្ឋារកិច្ច ការបម្រើសេវាកម្ម​ឱ្យកាន់តែ​មានគុណភាព និងសុវត្ថិភាព។ លើសពីនេះ​ការគិតគូរ​លើបរិស្ថាន​នៅតែសំខាន់ គ្រប់ទី​ធ្លាសាធារណៈ រមណីយដ្ឋាន ត្រូវតែស្អាត និងមានអនាម័យល្អ ដើម្បី​ទាញកំណើន​ភ្ញៀវទេសចរ​ឱ្យនៅតែ​ចងចាំ​កម្ពុជា ហើយបន្តមក​កម្សាន្តនៅ​កម្ពុជា​ជានិច្ច»។

ក្រសួង​ទេសចរណ៍ ក៏បានអំពាវនាវ​ដល់​សមាគម​ទេសចរណ៍ គ្រប់ប្រតិបត្តិករ​ទេសចរណ៍ ផ្នែកឯកជន ស្ថាប័ន ពាក់ព័ន្ធ ទេសចរជាតិ-អន្តរជាតិ សាធារណជន និងអ្នកសារព័ត៌មាន ចូលរួម​ផ្សព្វផ្សាយ​អំពីការទទួលបាន​ពានរង្វាន់កម្ពុជា ជាគោលដៅ​ទេសចរណ៍​ឈានមុខគេ​លើពិភពលោក​ផ្នែកទេសចរណ៍​វប្បធម៌ និងដំណើរកម្សាន្ត របស់​យុវជន ឆ្នាំ២០២៣ ខាងលើនេះ​ឱ្យបាន​ទូលំទូលាយ។

ក្រសួង​បញ្ជាក់បន្ថែម​ថា៖«សូមឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ប្រើតាម​គ្រប់មធ្យោបាយ និងគ្រប់រូបភាព ក្នុងការផ្សព្វផ្សាយ​បន្ត​សំដៅទាក់ទាញ​ទេសចរ និងវិនិយោគិន​អន្តរជាតិ​ឱ្យ​មកទស្សនា និងវិនិយោគ​នៅកម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត»៕