ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​សិង្ហ​បុរី រយៈពេល ៣ ​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប​ជាង ៧២៣​ លាន​ដុល្លារ កើនឡើង ១២,៥ ​ភាគរយ បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំមុន ខណៈ​សិង្ហ​បុរី គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំ​ទី ៨ របស់​កម្ពុជា​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​។​

​តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​របស់ GDCE ឱ្យដឹងថា ពី​ខែមករា​-​ខែកញ្ញា ឆ្នាំ ​២០២៣ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ​២ មាន​ទឹកប្រាក់​សរុប ៧២៣,៥៤​ លាន​ដុល្លារ កើនឡើង ១២,៥ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ៦៤៣,១​ លាន​ដុ​ល្លារ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​សិង្ហ​បុរី ចំនួន ៣៣,៥ ​លាន​ដុល្លារ ថយចុះ ១៩​ ភាគរយ និង​ទំនិញ​សិង្ហ​បុរី​នាំមក​កម្ពុជា ៦៩០,០៤​ លាន​ដុល្លារ កើន ១៤,៧​ ភាគរយ​។​


​យោងតាម​តារាង​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​រយៈ​​ពេល ៩​ ខែ​ឆ្នាំ​ ២០២៣ មាន​ឱនភាព ៦៥៦,៥៤ ​លាន​ដុល្លារ កើន​ពី ៥៦០,៣៦ ​លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៥ ខែវិច្ឆិកា​ថា ក្នុងនាម​ជាស​មា​ជិ​ក​អាស៊ាន និង​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋ​​កិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP)​ ការនាំចេញ​-​នាំចូល​រវាង​កម្ពុជា​-​សិង្ហ​បុរី បាន​បោះជំហាន​ទៅ​មុខជា​បន្តបន្ទាប់ ខណៈ​កំ​ពង់​ផែ​របស់​សិង្ហ​បុរី គឺជា​ទីតាំង​ដ៏​សំខាន់​មួយ​សម្រាប់​ការដឹក​ទំនិញ​របស់​ក​ម្ពុ​ជា​ជាមួយនឹង​ទីផ្សារ​អន្តរជាតិ​។​


​លោក​ប្រាប់ទៀតថា ក្រៅពី​ចរាចរ​ទំនិញ បច្ចុប្បន្ន​ក៏មាន​វិនិយោគិន​សិង្ហ​បុរី​ជាច្រើន​កំពុងបើក​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​នៅ​កម្ពុជា​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​តាមរយៈ​អ្វីដែល​កម្ពុជា​កំពុងមាន ខ្ញុំ​គិតថា ចំនួន​ទឹកប្រាក់​នៃ​ការនាំចេញ​របស់​កម្ពុជា​នឹង​បន្ត​កើនឡើង​បន្ថែមទៀត ជាពិសេស​ផលិត​ផល​កសិកម្ម​»​។​

​យោងតាម លោក ហុង វណ្ណៈ ទំនិញ​ដែល​កម្ពុជា​នាំទៅ​សិង្ហ​បុរី មានដូចជា ផលិតផល​សម្លៀក​បំពាក់ កាបូប និង​ស្បែកជើង គ្រឿង​បង្គុំ​អគ្គិសនី និង​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម រីឯ​ទំនិញ​សិង្ហ​បុរី​នាំមក​កម្ពុជា គឺ​សម្ភារ​អេឡិចត្រូនិក​អគ្គិសនី ភេសជ្ជៈ អាហារ សម្ភារ​សំណង់ និង​ឱសថ​មួយចំនួន​។​

​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យមាន​ទំហំ​កាន់តែ​ធំ កម្ពុជា និង​សិង្ហ​បុរី កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានធ្វើ​ពិធី​ចុះហត្ថលេខា​លើ​ «​ពិធីសារ​ទី​២» ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​សាធារណរដ្ឋ​សិង្ហ​បុរី ស្តីពី​ «​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​​ចំណូល ​(Double Taxation Agreement DTA)»​។​

​ពិធីសារ​ទី​២ នេះ​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ ក្នុងនាម​រដ្ឋា​ភិ​បាល​កម្ពុជា​ជាមួយ​លោកស្រី Teo Lay Cheng ឯកអគ្គ​រដ្ឋ​ទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា ក្នុងនាម​រដ្ឋាភិបាល​សិង្ហ​បុរី​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ចបានឱ្យដឹងថា​៖ «​គោលបំណង​នៃ​ការរៀបចំ​ឱ្យមាន «​ពិធីសារ​ទី​២» នេះ​គឺ​ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង DTA កម្ពុជា​-​សិង្ហ​បុរី ឱ្យមាន​សង្គតិភាព​ជាមួយ​បទ​​ដ្ឋា​ន​អន្តរជាតិ​ដែល​ត្រូវបាន​វិ​វ​ឌ្ឍ​ចុងក្រោយ ពិសេស​ក្រោម​ក្រប​ខ័​ណ្ឌ​បរិ​យាប​ន្ន​របស់​អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​(OECD) សម្រាប់​ប្រឈម​នឹង​ការបន្ថយ​មូលដ្ឋាន​គិត​ពន្ធ និង​ការ​បង្វែរ​ប្រាក់​ចំ​​ណេ​ញ​ (Base Erosion and Profit Shifting BEPS)»​។​

​បើតាម​ក្រសួង​សេដ្ឋកិច្ច កិច្ច​ព្រមព្រៀង DTA នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ​២០ ខែមេសា ឆ្នាំ​ ២០១៦ ហើយ​បាន​ចូល​ជា​ធរមាន និង​មាន​ប្រ​សិទ្ធ​ភាព​អនុវត្ត​ចាប់តាំងពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ ​២០១៨​។​

​ទិន្នន័យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា ​(CDC)​ បានឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ ​២០២១ កា​រវិ​និ​យោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា ​(FDI) ​មានតម្លៃ​សរុប ៤១ ​ពាន់​លាន​ដុល្លារ ដោយមាន​អត្រាកំណើន​មធ្យម​ប្រចាំឆ្នាំ ១១,២ ​ភាគរយ​។ ក្នុងចំណោម​ប្រទេស​បណ្តាក់ទុន​នៅ​កម្ពុជា​ច្រើនជាងគេ គឺ​សិង្ហ​បុរី​ស្ថិតនៅ​លេខ​រៀង​ទី៣ ដោយមាន​ទឹកប្រាក់​ចំនួន ២,៧​ ពាន់​លាន​ដុល្លារ​ស្មើ ៦,៥ ​ភាគរយ​នៃ​ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​៕