អ្នក​ជិះទូក​ម្នាក់​កំពុងតែ​ឈប់​មើល​រថភ្លើង​ដែល​ពោរពេញ​ទៅដោយ​ភ្ញៀវទេសចរ ឈប់​នៅលើ​ស្ពាន​ដែល​ហាក់ដូចជា​កំពុង​អណ្ដែត​លើ​ផ្ទៃ​ទឹក​ក្នុង​ខេត្ត​ឡុ​ប​ប៊ូ​រី (Lopburi)។ អ្នកទេសចរ​ជាច្រើន​បាន​ថតរូប​លេង​កម្សាន្ត​ និង​រីករាយ​ជាមួយ​ទិដ្ឋភាព​ជុំវិញ​ដែល​ពោរពេញ​ទៅដោយ​ផ្ទៃ​ទឹក​ដ៏​ស្រស់ស្អាត។

ដំណើរ​ផ្សងព្រេង​ផ្លូវដែក​កាន់តែ​មាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​ថៃ ដោយសារ​អ្នកទេសចរ​ហាក់​កំពុងតែ​ចង់​ស្វែងរក​បទពិសោធ​ធ្វើដំណើរប្លែកៗ ក្រៅពី​ប្រាសាទ និង​ឆ្នេរ​ដែលមាន​មនុស្ស​ច្រើន​កុះករ។


កាលពី​ថ្ងៃ​សៅរ៍​ ទី ៤ ខែវិច្ឆិកា ផ្លូវដែក​រដ្ឋ​របស់​ប្រទេស​ថៃ​បានចាប់ផ្តើម​បើក​ដំណើរការ​ជា​លើកដំបូង ដោយ​រត់​ចាប់ពី​ទីក្រុង​បាងកក​ទៅកាន់​ទំនប់​ប៉ា​សាក់​ចូឡា​សិទ្ធ(PasakJolasid)ដើម្បី​ជាការ​អបអរ​ដល់​ការបញ្ចប់​រដូវវស្សា។ គ្រាន់តែ​ដល់​ថ្ងៃ​បើក​ដំណើរការ​ដំបូង អ្នកដំណើរ​រាប់រយ​នាក់​បាន​ងើប​ពី​ព្រឹក​ព្រលឹម​ដើម្បី​បាន​ឡើង​រថភ្លើង​នៅ​ស្ថានីយ៍​ហួ​ឡាំ​ផូង(Hua Lamphong) នៅ​ទីក្រុង​បាងកក ដែលជា​ស្ថានីយ៍​មាន​អាយុកាល​ជាង​មួយរយ​ឆ្នាំ​មកហើយ។

ជាការ​កត់សម្គាល់ ភ្ញៀវទេសចរ​នៅ​ថ្នាក់​ទី​បី​នៃ​រថភ្លើង​បាន​ងើប​ចេញ​តាម​បង្អួច ដើម្បី​ថតរូប​ស្រះ​ឈូក ព្រៃឈើ ប្រាសាទ និង​វាលស្រែ​យ៉ាង​ស្រស់ស្អាត។ ពួកគេ​ទំនងជា​កំពុង​រីករាយ​នឹង​ទេសភាព​ស្រស់ស្រាយ​បែប​ធម្មជាតិ ហើយ​អ្នកខ្លះ​អង្គុយ​មើល​ជនជាតិ​ថៃ​ដែល​តែងខ្លួន​មាន​សក់​ពណ៌​ប្រផេះ កំពុង​ឡើង​រថភ្លើង​នៅឯ​ទីក្រុង​អយុធ្យា ដើម្បី​លក់​អំបោះ​ទេពអប្សរ និង​ម្ហូបអាហារ​ដូចជា​ឆា​មួយ​ប្រភេទ​ដែល​ល្បីល្បាញ​នៅ​ប្រទេស​ថៃ។


បី​ម៉ោង​កន្លះ​បន្ទាប់ពី​ចាកចេញ​ពី​ទីក្រុង​បាងកក រថភ្លើង​មួយ​នេះ​បាន​ឆ្លងកាត់​អាង​ស្តុក​ទឹក​លើ​ស្ពាន​ជា​បន្តបន្ទាប់ ហើយ​បាន​ឈប់​រយៈពេល ២០ នាទី​ដើម្បីឱ្យ​អ្នកដំណើរ​អាច​ថត​ផ្ដិត​យក​រូបភាព​ទេសភាព​យ៉ាង​ស្រស់ស្អាត។ ជាទូទៅ គេ​អាច​មើលឃើញ​គោក្របី​ស៊ី​ស្មៅ​ក្រោម​ស្ពាន ប៉ុន្តែ​ចាប់ពី​ខែតុលា​ដល់​ខែមករា កម្រិត​ទឹកបាន​នឹង​កំពុង​ឡើង​ខ្ពស់​ធ្វើឱ្យ​មើលទៅ​ដូច​រថភ្លើង​កំពុង​អណ្តែត​នៅលើ​ផ្ទៃ​ទឹក។

អ្នកដំណើរ​ម្នាក់​ឈ្មោះថា លោក បា​រ៉ូ​បាន​និយាយថា៖ «ខ្ញុំ​បានធ្វើ​ដំណើរ​កម្សាន្ដ​បែបនេះ​ច្រើនដង​មកហើយ​ហើយ​ខ្ញុំ​មាន​គម្រោង​នឹងធ្វើ​ដំណើរ​បី​ដង​ទៀត​ក្នុង​រដូវ​កាល​នេះ»។ លោក​បាន​សម្តែង​ការខកចិត្ត​ដែល​ដំណើរ​កម្សាន្ត​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​តែ​ជា​ភាសា​ថៃ ដោយ​មិនមែនជា​ភាសា​អង់គ្លេស ដូច្នេះហើយ​បានជា​មិនសូវមាន​ជនជាតិ​បរទេស​ច្រើន​ទេ​ដែល​បានដឹង​ពីបទ​ពិសោធ​ដ៏​ពិ​សេសមួយ​នេះ។ លោក​បាន​ពិពណ៌នា​ថា​វា​គឺជា​ឱកាស​ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​មួយ​ដែល​មនុស្ស​ភាគច្រើន​បាន​ខកខាន​មិន​បានមក​លេង។

ក្មេងស្រី​វ័យ ១១ឆ្នាំ​ម្នាក់​ឈ្មោះថា លី​លី ភិ​រ៉ា​ត​ឆា​គិត (Lily Piratchakit) បាន​ចែករំលែក​នូវ​ការយល់ឃើញ​របស់​នាង​ថា​នាង​សប្បាយចិត្ត​ណាស់​ដែល​អាចមាន​ពេលវេលាល្អៗក្នុងការ​ធ្វើដំណើរ​ប្រចាំថ្ងៃ​ជាមួយ​ម្តាយ​របស់​នាង ហើយ​បាន​ឃើញថា​ទិដ្ឋភាព​ទឹក​គឺ​ស្រស់ស្អាត​ណាស់ ហើយ​មើលទៅ​គឺ​ដាច់​កន្ទុយភ្នែក​តែម្ដង។ នាង​បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន​ AFP ថា៖«វា​ពិតជា​អស្ចារ្យ​ណាស់ ហើយក៏​ជា​រឿង​មួយ​ដែល​ល្អ​ក្នុង​ការដែល​យើង​អាចធ្វើ​ដំណើរ​ចេញ​ក្រៅ​ខ្លះ​ដើម្បី​ទទួលបាន​ខ្យល់អាកាស​បរិសុទ្ធ»។

កញ្ញា វៃ វូ (Wei Wu)អាយុ ២១ឆ្នាំ​ដែលជា​និ​ស្សិ​ផ្លាស់ប្ដូរ​កម្មវិធីសិក្សា​មកពី​តៃវ៉ាន់​បាន​សម្តែង​ការរំភើប​ចំពោះ​ការថតរូប​នៅលើ​ផ្លូវ​រថភ្លើង។ នាង​បាន​និយាយ​ទៅកាន់​សារព័ត៌មាន ​AFP ថា៖«វា​ពិតជា​ឡូយ​ណាស់។ វា​ជា​លើកដំបូង​របស់ខ្ញុំ​ដែល​បាន​ជិះ​រថភ្លើង​នៅក្នុង​ប្រទេស​ថៃ។ អ្នកទេសចរ​ភាគច្រើន​បាន​ឃើញតែ​ទិដ្ឋភាពធម្មតាៗរបស់​ប្រទេស​ថៃ​ប៉ុណ្ណោះ»។

បន្ទាប់មក អ្នកដំណើរ​មួយចំនួន​បាន​ទៅលេង​នៅ​ទំនប់​ប៉ា​សាក់​ចូឡា​សិទ្ធ​និង​ទទួលទាន​អាហារ​នៅ​ទីនោះ។ គួរ​បញ្ជាក់ថា ទំនប់​នេះ​ត្រូវបាន​សាងសង់ឡើង​ក្នុង​គោលបំណង​បម្រើ​ដល់​វិស័យ​កសិកម្ម និង​ការការពារ​ទឹកជំនន់ ហើយ​វា​កំពុង​ក្លាយជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​ពេញនិយម។ ជាទូទៅ ការធ្វើដំណើរ​តាម​ផ្លូវដែក​ទៅកាន់​ទំនប់ទឹក​នេះ មានការ​ពេញនិយម​ជាពិសេស​ចាប់ពី​ខែវិច្ឆិកា​ដល់​ខែមករា។

សម្រាប់​កញ្ញា ម៉ែ​ល ដែលមាន​អាយុ ២៨ឆ្នាំ និង​មិត្ត​ប្រុស​របស់​នាង បាន​យល់ឃើញថា រថភ្លើង​អណ្តែត​ទឹក​បែបនេះ ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​អាច​សប្បាយរីករាយ​នឹង​ទេសភាព​ផ្ទៃ​ទឹក​ដោយ​មិនចាំបាច់​ទៅ​សមុទ្រ​នោះទេ។ នាង​បាន​និយាយ​បែប​កំប្លែង​ថា «ខ្ញុំ​មិន​ចូលចិត្ត​សមុទ្រ​ទេ ប៉ុន្តែ​មិត្ត​ប្រុស​របស់ខ្ញុំ​ចូលចិត្ត​វា ដូច្នេះហើយ​បានជា​យើង​មក​ទីនេះ»៕