ភ្នំពេញៈ នៅអំឡុងពេលចូលរួមក្នុងវេទិកាអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី ចេងចូវ-កម្ពុជា-អាស៊ាន ឆ្នាំ២០២៣ នៅទីក្រុងចេងចូវ ខេត្តហឺណាន ប្រទេសចិន កាលពីសប្តាហ៍មុន លោក គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញនិងលើកទឹកចិត្តឱ្យវិនិយោគិនចិន-អាស៊ាន បណ្តាក់ទុនលើវិស័យកសិកម្មកម្ពុជា និងជំរុញឱ្យមានការអនុគ្រោះពន្ធបន្ថែមទៀត។
លោកថ្លែងថា ដោយសារកម្ពុជាស្ថិតនៅចំកណ្តាលអាស៊ាន កម្ពុជាអាចក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មសម្រាប់ខេត្តហឺណាន ដើម្បីបង្កើនពាណិជ្ជកម្មអន្តរជាតិរបស់ពួកគេ តាមរយៈការផ្លាស់ប្តូរមូលធន ទំនិញ និងសេវាកម្មជាមួយបណ្តាប្រទេសអាស៊ាន។
លោកបានថ្លែងថា៖«បើប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម១ ខ្ញុំគិតថា ការវិនិយោគ និងពាណិជ្ជកម្មរបស់ទីក្រុងចេងចូវទៅកាន់សមាជិកអាស៊ាន អាចនឹងត្រូវបានពង្រីកវិសាលភាព តាមរយៈប្រទេសកម្ពុជា ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន បាននិងកំពុងជះឥទ្ធិពលផ្ទាល់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង២»។
«យើងក៏កំពុងប្រឹងប្រែងក្នុងការកែច្នៃស្វាយដែលមានគុណភាពខ្ពស់បំផុត ពោលគឺស្វាយស្ងួត ឬតំណាប់ស្វាយ។ យើងដឹងហើយថា នៅខេត្តហឺណាន ប្រទេសចិន មានកន្លែងជាច្រើនដែលអាចដាំដុះផ្លែស្វាយបាន ប៉ុន្តែបើនិយាយពីគុណភាពវិញ គឺមានភាពខុសគ្នា ដោយសារផ្លែស្វាយកម្ពុជាមានរសជាតិឆ្ងាញ់ជាង ដែលនេះជាឱកាសមាសសម្រាប់អ្នកវិនិយោគចិន នាំចូលផ្លែស្វាយពីកម្ពុជា ជាមួយនឹងការប្រើប្រាស់ដើមទុនតិច និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា»។ លោក គី សេរីវឌ្ឍន៍ បានបញ្ជាក់បន្ថែម។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានបង្ហាញពីក្តីសង្ឃឹមផងដែរថា ប្រទេសចិននឹងជួយសម្រួលដល់គោលនយោបាយអនុគ្រោះពន្ធ ជាពិសេសការកាត់បន្ថយរបាំងមិនមែនពន្ធគយ សម្រាប់ការនាំចេញទំនិញកម្ពុជាទៅកាន់ប្រទេសចិន ក្នុងនោះមានសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិតជាដើម។
ជាមួយគ្នានោះដែរ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានប្រាប់ដែរថា ចិនជាប្រទេសមហាមិត្ត ដែលមានទំនាក់ទំនងល្អជាមួយកម្ពុជា ទាំងផ្នែកនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ខណៈដែលប្រទេសនេះ ជាដៃគូពាណិជ្ជកម្មដ៏ធំ១របស់កម្ពុជាផងដែរ។
លោកបាននិយាយថា កម្ពុជាទទួលបានការអនុញ្ញាតក្នុងការនាំចេញទំនិញកសិកម្ម ទៅកាន់ប្រទេសចិនជាបន្តបន្ទាប់ ដោយសារចិនមានទីផ្សារធំ ខណៈដែលកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-ចិន និងសមាជិកអាស៊ាន លើវិស័យវាយនភណ្ឌកាត់ដេរ វត្ថុធាតុដើម ផ្លែឈើស្រស់ ផ្លែឈើកែច្នៃ ទំនិញប្រើប្រាស់ ម្ហូបអាហារ និងគ្រឿងចក្រជាដើមនោះ កាន់តែសកម្ម។
លោក ហុង វណ្ណៈ បានបញ្ជាក់ប្រាប់ថា៖«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ បានជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសសេដ្ឋកិច្ចកំពូលៗនៅអាស៊ី»។
លោក ហ៊ុន ឡាក់ តំណាងវិស័យឯកជន ដែលបានវិនិយោគច្រើនលើវិស័យកសិកម្ម បានប្រាប់ឱ្យដឹងដែរថា វាពិតជាមានកាលានុវត្តភាពខ្ពស់ក្នុងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ជាពិសេសវិនិយោគទៅលើរោងចក្រកែច្នៃ និងឃ្លាំងត្រជាក់ រួមទាំងបច្ចេកវិទ្យានៅក្នុងវិស័យកសិកម្ម។
លោកថ្លែងថា៖ «ខ្ញុំយល់ថា វាមិនត្រឹមវិនិយោគិនបរទេសទេសទេ ដែលគួរចាប់អារម្មណ៍លើវិស័យនេះ វិនិយោគិនក្នុងស្រុកយើងក៏គួរគិតគូរក្នុងការវិនិយោគលើវិស័យនេះដែរ។ ការរកផលចំណេញពីការវិនិយោគជារឿងមួយ ប៉ុន្តែការជួយលើកស្ទួយដល់សេដ្ឋកិច្ចជាតិ ក៏ជារឿងចាំបាច់ ដែលយើងត្រូវគិតគូរផងដែរ។ដូចនេះខ្ញុំយល់ថា បើសិនជាចង់ឱ្យអ្នកវិនិយោគចាប់អារម្មណ៍លើវិស័យកសិកម្មច្រើន រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធគួរតែកែលម្អបរិយាកាសវិនិយោគមួយចំនួនផងដែរ»។
បើតាមទិន្នន័យក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ ៩ ០៩៩ លានដុល្លារអាមេរិក ក្នុងនោះការនាំចេញកម្ពុជាទៅចិន មានទឹកប្រាក់ ១ ០៥៩ លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ចំណែកម្ពុជានាំចូលពីចិនវិញ មានទឹកប្រាក់ ៨ ០៤០ លានដុល្លារ កើនជាង១ភាគរយ បើធៀបឆ្នាំ២០២២៕