​អាជ្ញាធរ​ខេត្តសៀមរាប​រំពឹងថា ​នឹង​ទទួលបាន​ភ្ញៀវ​ទេចរ​ចិន​មក​កាន់តែច្រើន​បន្ថែមទៀត​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រោយ​ពេលដែល​ខេត្តសៀមរាប និង​ខេត្ត Liaoning នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គាំទ្រ និង​ជំរុញ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ព្រមទាំង​វិស័យ​ផ្សេងៗ​ទៀត ស្រប​ពេលដែល​អាកាស​យាន្ត​អន្តរជាតិ​សៀមរាប​-​អង្គរ​ទើប​ដាក់ឱ្យ​ដំណើការ​។​

​ការចុះ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​វត្ត​របស់លោក អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត និង​គណៈប្រតិភូ​ក្រុង Dalian ខេត្ត Liaoning ដឹកនាំ​ដោយ​លោក Wang Tianwei ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ក្រុង Dalian និង​សហការី កាលពី​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា​នៅ​សាលាខេត្ត​សៀមរាប​។


នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាខេត្ត​​លោក អ៊ា​ន ឃុន ការចុះ​កិច្ចព្រមព្រៀង​នោះដែរ ភាគី​ទាំងពីរ បាន​គាំទ្រ និង​ជម្រុញ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ សុខភាព និង​កីឡា ព្រមទាំង​វិស័យ​ផ្សេងៗ​ទៀត ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ដំណើរ ទស្សនកិច្ច​សិក្សា និង​ចែករំលែក​បទពិសោធន៍ ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ដល់​ម​ន្ត្រី នៃ​ខេត្ត​ក្រុង​ទាំងពីរ​ទៀតផង​។

​លោក អ៊ា​ន ឃុន ​បាន​លើកឡើងថា​៖« អ្នកវិនិយោគទុន ក៏ដូចជា​ប្រជាជន​ចិន មក​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ពិសេស​វិនិយោគ​នៅ​ខេត្តសៀមរាប ដែលជា​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម​ផងដែរ​។ ការបង្កើត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ក្នុងការ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​មិត្តភាព ដើម្បី​ផ្សព្វផ្សាយ អំពី​វប្បធម៌ អរិយធម៌ និង​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​វិស័យ​ផ្សេងៗ ក្នុង​ខេត្ត ក្រុង​ទាំងពីរ​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​»​។​


​លោ​កថា​រហូតមក​ទាល់​ពេលនេះ ខេត្ត​របស់លោក​បានធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​ខេត្ត​-​ក្រុង ចំនួន​ ៣០ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ចំនួន​ ០៩ ខេត្ត​-​ក្រុង កិច្ចព្រមព្រៀង​ចំនួន ០៦ ខេត្ត​-​ក្រុង និង​លិខិត​ផ្តួចផ្តើម​ចំនួន ១៥​ ខេត្ត​-​ក្រុង​។​

​លោក Wang បានបញ្ជាក់​អំពី​គោលបំណង​នៃ​ការចង​សម្ព័ន្ធមេត្រីភាព​រវាង​ក្រុង Dalian និង​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ចុះហត្ថលេខា​យោគយល់​គ្នា ក្នុង​កិច្ចសហប្រតិបត្តិការ រវាង​ក្រុង និង​ខេត្ត​ទាំង ២ ដោយ​ផ្តោតលើ​វិស័យ អប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និង​វិស័យ​ផ្សេងៗ​ទៀត​។​

​លោក Wang Tianwei លោក​ថា​៖« ស្ថានភាព​ភូមិសាស្ត្រ សេដ្ឋកិច្ច​របស់ ក្រុង Dalian នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​ក្រុង​ Dalian ជា​ក្រុង​មួយ​មាន​យន្តហោះ​ផ្ទាល់ និង​ធ្វើការ​ហោះហើរ​ផ្ទាប់​ឆ្ពោះ​មកកាន់ ខេត្តសៀមរាប ដើម្បី​បង្កើន​នូវ​វិស័យ​ទេសចរណ៍ សំដៅ​ឱ្យ​ខេត្ត ក្រុង​សម្ព័ន្ធមេត្រី​ទាំង ២ មានការ​រីកចម្រើន​ទៀតផង​»​។

​លោក ស៊ីន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល បាន​ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ទី​ ៣១ ខែតុលា ឆ្នាំ ២០២៣​ នេះ​ថា ចាប់តាំងពី​ការដាក់ឱ្យ​ដំណើការ​សាកល្បង​នៃ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ចំនួន​ភ្ញៀវ​ទេចរ​អន្តរជាតិ​បាន​កំពុង​បន្ត​កើន​ឡើងជា​មធ្យម​ចំនួន ២ ៧០០ ​​នាក់ ​ក្នុង​ ១ ថ្ងៃ កើនឡើង​ប្រមាណ​ ១ ​ពាន់​នាក់ បើ​ធៀប​នឹង​កាលពី​សប្តាហ៍​មុន ដែល​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី ទទួលបាន​អ្នកដំណើរ​រង្វង់​ជា​មធ្យម ២ ៦០០ ​នាក់ ​ក្នុង​ ១ ថ្ងៃ​ ដែល​ឆ្លុះបញ្ចាំង​អំពី​ភាព​កាន់តែ​ប្រសើរឡើង​នៃ​វិស័យ​ទេ​ចរណ៍​។ សម្រាប់​អ្នកដំណើរ គឺ​ភាគច្រើន​មកពី​តំបន់​អាស៊ាន​ដែលមាន​ចំណែក ​៧៥% និង​មកពី​អឺរ៉ុប មាន​ចំនួន​ ២៥%​។​

​លោក​បាន​ថ្លែង​បញ្ជាក់ថា​៖ «​សម្រាប់​រដូវរងា​ឆ្នាំ​ ២០២៣ ​នេះ ដែល​ចាប់ផ្តើម​ពី​ចុងខែ​តុលា ឆ្នាំ​ ២០២៣ ដល់​ខែ​មិនា ឆ្នាំ​ ២០២៤ យើង​ព្យាករណ៍​ថា​ ចំនួន​ជើងហោះហើរ​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​នឹង​កើនឡើង​ដល់ ៤០​ ជើង​ក្នុង​ ១ ​សប្តាហ៍ និង​ចំនួន​ក្រុមហ៊ុន​អាកាសចរណ៍​នឹង​កើនឡើង​ចន្លោះ​ពី ៩ ​ទៅ​ ១០ ​ក្រុមហ៊ុន​»​។​

​បច្ចុប្បន្ន ចំនួន​ជើង​ហើរ​ហោះ​វិញ​មាន​ចំនួន ៣៨ ​ជើង ​ក្នុង​ ១ ថ្ងៃ ​កើនឡើង ៤ ​ជើង បើ​ធៀប​នឹង​កាលពី​សប្តាហ៍​មុន ដោយ​ជើង​ហើរ​ហោះ​ទាំងនេះ ភាគច្រើន​មកពី​តំបន់​អាស៊ាន និង​ចិន​។​ បច្ចុប្បន្ននេះ​ក្រុមហ៊ុន​អាកាសចរណ៍​ហោះហើរ ចេញ និង​ចូល​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ មាន​ចំនួន​ ៧​ ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​បរទេស​ចំនួន ​៦ និង​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន ​១៕