ភ្នំពេញៈ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បាន​លើកឡើងថា ទំហំ​ហិរញ្ញប្បទាន​របស់​ជប៉ុន​ត្រូវបាន​រំពឹងថា​នឹង​កើន​ឡើងជា​បន្តបន្ទាប់ តាមរយៈ​ការចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ក្នុង​ក្របខ័ណ្ឌ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ទាំង​២ ខណៈ​៣០​ឆ្នាំ​មកនេះ ជប៉ុន​បាន​បើក​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុ​ជាជាង ​៤ ​ពាន់​លាន​ដុល្លារ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ស្តីពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​ស្តីពី​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា បានឱ្យដឹងថា ភាគី​ជប៉ុន​គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៍​សំខាន់​របស់​កម្ពុជា ពោលគឺ​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០២២ ភាគី​ជប៉ុន​បាន​បើក​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ប្រមាណ ៤ ៣១៩ លាន​ដុល្លារ ស្មើនឹង ១៤​ភាគរយ នៃ​ហិរញ្ញប្បទាន​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​។​


​តាមរយៈ​ជំនួប​នេះដែរ លោក ឈៀង យ៉ាណា​រ៉ា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី ២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានលើកឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ថា កម្ពុជា ពិតជា​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល​ជប៉ុន​និង​ប្រជាជន​ជប៉ុន ចំពោះ​ការបន្ត​ប្តេជ្ញា​គាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​

​លោក​បាន​បន្ថែមថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​នេះ ត្រូវបាន​រៀបចំ​ឡើងជា​លើកដំបូង​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​ស្របពេល​ជាមួយ​ការរៀបចំ​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២ ដែល​គ្រោង​នឹង​រៀប​ចំនា​ចុងឆ្នាំ​២០២៣​នេះ​។​


​លោក​បាន​បញ្ជាក់ថា​៖«​ក្របខ័ណ្ឌ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ផ្តោត​ការយកចិត្តទុកដាក់​លើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ ដើម្បី​សម្រេចបាន​ទស្សនវិស័យ​របស់​កម្ពុ​ជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០»​។​

​នាឱកាស​នោះដែរ លោក UENO Atsushi ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​លើកឡើង​ដែរ​ថា ធម្មនុញ្ញ​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​កែសម្រួល​កាលពី​ខែមិថុនា ឆ្នាំ​២០២៣ កន្លងទៅ ភាគី​ទាំង​២​បានធ្វើ​និង​បាន​ពិនិត្យឡើងវិញ​នូវ​គោលនយោបាយ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សម្រាប់​កម្ពុជា​រួចហើយ​។​

​លោក​បាន​បញ្ជាក់ថា​៖«​ភាគី​ទាំង​២ បានធ្វើ និង​ពិនិត្យឡើងវិញ​នូវ​គោលនយោបាយ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ការពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា លើ​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​នាពេល​កន្លងមក ក្នុងន័យ​បន្ត​ពង្រឹងសមត្ថភាព​នៃ​ការអនុវត្ត​គម្រោង​នាពេល​អនាគត​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា រាល់​ការស្នើ​ហិរញ្ញប្បទាន​នានា កម្ពុជា តែងតែ​រៀបចំ​គម្រោង​អាទិភាព ឬក៏​គម្រោង​សំខាន់ៗ ដើម្បី​ស្នើ​ទៅកាន់​ប្រទេស​ដៃគូ​របស់ខ្លួន ដូចជា​ប្រទេស​ជប៉ុន​ជាដើម ដើម្បី​ទទួលបាន​ថវិកា​ក្នុង​អនុវត្ត​គម្រោង ដែល​អាចជា​ហិរញ្ញប្បទាន​ឥត​សំណង ឬ​មាន​សំណង​ក្នុង​អត្រា​ការប្រាក់​ទាប​។​

​លោក​បាន​ប្រាប់​ឱ្យដឹងទៀតថា​៖«​យើង​ឃើញថា ហិរញ្ញប្បទាន​របស់​ជ​ប៉ុន បាន​ចូលរួម​ដល់​ការអភិវឌ្ឍ​ក្នុង​វិស័យ​សំខាន់ៗ​យ៉ាងច្រើន ដូចជា វិស័យ​ទឹកស្អាត​, វិស័យ​អប់រំ​,​វិស័យ​សុខុមាលភាព​ជាដើម ហើយ​អ្វីដែល​ជប៉ុន​បានផ្តល់​មកនេះ វា​ជា​តម្រូវការ​ចាំបាច់​រប​ស់​យើង ក្នុង​ការធានា​បង្កើន​នូវ​ផលិតភាព​សេដ្ឋកិច្ច ធ្វើឱ្យ​គុណភាព​សង្គម​កាន់តែ​ប្រសើរឡើង​»​។​

​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ជា​លទ្ធផល ភាគី​ទាំង​២​បាន​ឯកភាពគ្នា​បន្ត​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ទ្វេភាគី ដោយ​ផ្តោតលើ​វិស័យ អាទិភាព ចំនួន ៣ គឺ​៖ ១) បរិវត្ត​កម្ម​សង្គម​ឌីជីថល​, ២) ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​៣) ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ និង​រឹង ដោយ​វិស័យ​ទាំងនេះ​មាន​សង្គតិភាព​ជាមួយ​ទិសដៅ​អភិវឌ្ឍន៍ ដូច​មានចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​ធម្មនុញ្ញ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​របស់​ជប៉ុន​។

​ជាមួយគ្នានេះ ភាគី​ជប៉ុន​ក៏បាន​ឯកភាព​យក​សំណើ និង​ធាតុ​ចូល​របស់​ភាគី​កម្ពុជា ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​សេចក្តីព្រាង​នៃ​គោលនយោបាយ​ស្តីពី​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សម្រាប់​កម្ពុជា ដែល​ភាគី​ជប៉ុន​គ្រោង​នឹង​រៀបចំ​នៅ​ឆ្នាំ​២០២៤​ខាងមុខ​។

​ដោយឡែក កិច្ចប្រជុំ​កម្រិត​គោលនយោបាយ​ស្តីពី​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍ ផ្លូវការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន ត្រូវបាន​រៀបចំឡើង​ចំនួន ១៣ លើក រួចមកហើយ ដោយ​កិច្ចប្រជុំ​លើក​ទី​១៤ នេះ គ្រោង​នឹងធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវបាន​ពន្យារ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩៕