​ភ្នំពេញៈ​ ​អ្នក​នាំពា​ក្យ​អាកាស​ចរណ៍​ស៊ីវិល​ បានឱ្យ​ដឹ​ងថា ក្រោយ​ពី​បើក​ដំណើរ​ការមក​ទល់​បច្ចុប្បន្ន​ អាកាសយាន​ដ្ឋាន​អន្ត​រជាតិ​សៀមរាប​-​អង្គរ ទទួ​លបាន​អ្នក​ដំណើរ​ចន្លោះ​ពី ២​៦០០​ នាក់ ទៅ​ ៣២០០​នាក់ ក្នុង ​១ ថ្ងៃ ដែល​អ្នក​ដំណើរ​ភាគ​ច្រើន​ហោះ​ហើ​រ​ពី​តំបន់​អាស៊ាន​ និង​ចិន​។​

​លោក ស៊ីន ចាន់​សិរី​វុត្ថា អនុ​រដ្ឋលេខា​ធិការ និង​ជា​អ្នកនាំពា​ក្យ​អាកាស​ចរណ៍​ស៊ីវិល បាន​ឱ្យដឹង​នៅ​ថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ថា ​អ្នក​ដំណើរ​ភាគ​ច្រើន​ហោះ​ហើរ​ពី​តំបន់​អាស៊ាន​ និង​ចិន ហើយ​ក្នុង​នោះ​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​អាស៊ាន​មាន​ចំនួន​៧៥​ភាគ​រយ​និង​ភ្ញៀវអឺរ៉ុប​មាន​ចំនួន ​២៥ ​ភាគ​រយ​។​


​លោក​បាន​បញ្ជាក់​ថា​៖«​ចំនួន​ជើង​ហោះហើ​រនៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀម​រាប​-​អង្គរនឹង​កើន​ដល់​៤២​ជើង​ក្នុង១​ថ្ងៃ(​ទ្វេ​ទិស​)នៅ​រដូវ​កាល Winter 2023​នេះ​។ បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​ហោះ​ហើរ​ចំនួន​៧ ហើយនឹង​មាន​ការកើន​ឡើង​ដល់​៩ឬ​១០​ក្រុមហ៊ុន ​នៅ​សប្តាហ៍​បន្ត​បន្ទាប់ៗ​ខាង​មុខ​»​។​

​លោក ​ស៊ីន ចាន់​សិរី​វុត្ថា ​បាន​បន្ថែម​ថា អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀមរាប​-​អង្គរ មាន​លំដាប់​ថ្នាក់​នៃ​ការ​ហោះហើ​រ​ប្រភេទ 4E ដែល​អាច​ផ្តល់​លទ្ធ​ភាព​ឱ្យ​យន្ត​ហោះ​ធុន​ធំ Boeing747 និង Airbus A340 ចុះ​ចត​បាន ហើយ​នឹង​អាច​មាន​លទ្ធ​ភាព​ទទួល​អ្នក​ដំណើរ​ចំនួន​៧​លាន​នាក់​ក្នុង១​ឆ្នាំ​ផង​ដែរ សម្រាប់​ផែនការ​រយៈ​ពេល​ខ្លី និង​២០​លាន​នាក់​ក្នុង​ ១ ឆ្នាំ​ សម្រាប់​ផែនកា​រ​រយៈពេល​វែង​​។​


​នៅ​ក្នុងពេល​ដឹកនាំ​គណៈ​ប្រតិភូ​ក្រសួងទេ​សចរណ៍ អង្គភា​ព​ពា​ក់ព័ន្ធ និង​វិស័យ​ឯកជន​ធ្វើដំ​ណើរ​ទស្សន​កិច្ចនិង​ត្រួត​ពិនិត្យ​អាកា​សយា​នដ្ឋា​ន​អន្តរ​ជាតិ​សៀម​រាប​-​អង្គរ​ថ្មី កាល​ពីពេល​កន្លង​ទៅ លោក សុខ សូកេន រដ្ឋម​ន្ត្រី​ក្រសួងទេ​សចរណ៍​បាន​លើក​ឡើង​ថា អាកាស​យាន​ដ្ឋាន​ថ្មី​នេះ​តំណាង​ឱ្យ​សេវា​បដិ​សណ្ឋារកិ​ច្ច​ដ៏​សំខាន់​មួយ​នៅក្នុង​ការប្តេជ្ញា​ចិត្ត​រប​ស់​កម្ពុជាក្នុងការ​ផ្តល់​សេវា​កម្ម​ប្រកប​ដោយ​គុណ​ភាព​ដល់​អ្នក​ដំណើរ ​និង​ការ​បើក​ទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​បន្ថែម​ទៀត​។​

​លោក​បាន​បញ្ជាក់ថា​​៖ «​វិស័យ​ទេសច​រណ៍​កម្ពុជា​ត្រូវតែ​ពិចារ​ណា​ដល់​ការលើកក​ម្ពស់សេវាកម្ម​នានា ជា​ពិសេស​សេវា​កម្មទេស​ចរណ៍​ឱ្យមាន​កម្រិត​អន្តរ​ជាតិ មាន​ន័យថា​ ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រឹង និង​ទន់ ត្រូវតែ​ដើរទៅ​ទន្ទឹមគ្នា​ដោយ​មិន​អាច​ខ្វះ​បាន​»​។​

​ក្នុង​ពេល​ចុះ​ពិនិត្យ​ការ​ងារ​បញ្ចប់​នៃ​គម្រោង​សាងស​ង់ អាកា​សយាន​ដ្ឋាន​អន្ត​រជាតិ ​សៀមរាប​-​អង្គរ​ កាល​ពី​សប្តាហ៍​មុន លោក​ តឹក​រ៉េត សំរេច រដ្ឋ​លេខា​ធិការ​​ប្រចាំកា​រ​ក្រសួង​រៀបចំ​ដែនដី​នគរូ​បនីយ​កម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈ​កម្មការ​តម្រ​ង់ទិស​សម្រាប់​ការសាង​សង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជា​តិ សៀមរាប​-​អង្គរ បាន​ថ្លែង​ថា ការងារ​របស់​គណៈក​ម្មកា​រ​នៅពេ​លនេះ​ គឺ​បាន​ចប់ស​ព្វគ្រ​ប់ ដោយ​រង់​ចាំតែ​នាយករ​ដ្ឋម​ន្ត្រី​សម្ពោធ​ជា​ផ្លូវកា​រ​ប៉ុ​ណ្ណោះ​។

​លោក​បាន​រំឭក​ដែរ​ថា គម្រោង​ធំៗ​ចំនួន​២បាន​ចាប់​ផ្តើម​ចរចាក្នុងពេល​ដំណាលគ្នា​គឺ​គម្រោង​សាងសង់​អាកាស​យានដ្ឋា​ន​អន្តរជាតិ​សៀម​រាប​-​អង្គរនិង​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿនភ្នំពេញ​-​ខេត្ត​ព្រះ​សីហនុ ប៉ុន្តែ​ដោយ​សារ​វិបត្តិ​ហិរ​ញ្ញវត្ថុ​សកលឆ្នាំ​២០០៨​ គម្រោង​ទាំង​២​នេះ ​មិន​អាច​ធ្វើ​ដំណាល​គ្នា​បាន​។

​លោក​បាន​បញ្ជាក់​ថា​៖«​ទោះ​បីជា​ជួប​វិបត្តិ​សេដ្ឋកិច្ចដោយសា​រ​ជំងឺ​កូ​វីដ​១៩ និង​ផល​វិបាក​ជាច្រើន​ក្នុង​ដំណើរកា​រ​សាង​សង់​ក៏ដោយ ក្រុម​ការងារ​ទាំង​អស់​បាន​ពុះពារ ដោះ​ស្រាយ​ជា​មួយ​គ្នារហូត​ទទួល​បាន​ជោគ​ជ័យក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់និង​មាន​លទ្ធផល​ដូច​ថ្ងៃ​នេះ​»​។​

​លោក តឹក​​រ៉េត សំរេច បាន​បន្ត​ថា៖«​សម្រាប់​ទៅ​ថ្ងៃ​អនា​គតយើង​មិន​ត្រឹម​តែមាន​អាកាស​យាន​ដ្ឋាន​ខ្នាត​អន្តរ​ជាតិ​នោះ​ទេ យើង​នឹង​មាន​ទីក្រុង​រណប​ទំនើ​ប​នៅ​តំបន់​ជុំវិញ​អាកាស​យាន​ដ្ឋានដែល​នឹង​ក្លាយ​ទៅជា​តំបន់​ទ្រទ្រង់​សេដ្ឋកិ​ច្ច​ដ៏​សំខាន់ទាំង​ក្នុង​តំបន់​ និង​សេដ្ឋ​កិច្ច​កម្ពុជា​ទាំង​មូល​ ដែល​នេះ​គឺជា​មោទន​ភាព​ដែល​បាន​កើត​ចេញពី​ការខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ទាំងអ​ស់គ្នា​​»​។​

​សូម​រំឭក​ថា អាកាសយា​នដ្ឋា​ន​អន្តរ​ជាតិ​សៀម​រាប​-​អង្គរ ​ត្រូវ​បាន​បើក​ឱ្យ​ដំណើរ​ការ​ កាល​ថ្ងៃទី​១៦​ ខែតុលា ឆ្នាំ​២០២៣ ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុ​ង​ឃុំ​តា​យែក ស្រុក​សូទ្រ​និគម ខេត្ត​សៀមរាប ដោយ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ៧​០០ ​ហិកតា មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូ​ម៉ែត្រ​ពី​ប្រាសាទ​អង្គរ​វត្ត និង ​៥១ ​គីឡូ​ម៉ែត្រ ពី​ទី​រួម​ខេត្ត​សៀមរាប​។​អាកាស​យាន​ដ្ឋាន​អន្ត​រជាតិ​នេះ នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រា​ស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ខាង​មុខ ក្រោម​អធិបតី​ភាព​លោក​ ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​៕