ភ្នំពេញៈ កម្ពុជា​បង្ហាញ​ការស្វាគមន៍​ក្រុមហ៊ុន​ចិន China MCC22 Group Corporation ដែល​ចាប់អារម្មណ៍​ក្នុងការ​មក​សិក្សា និង​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​សំខាន់ៗ​ដូចជា​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ រោង​ចក្រ​រ៉ែ ផ្លូវ​ល្បឿន​លឿន ការបង្កើត​សួន​ឧស្សាហកម្ម អចលនទ្រព្យ និង​រោងចក្រ​ផលិត​សម្ភារ​សំណង់​។​

​ការស្វាគមន៍​នេះ​ត្រូវ​បានលើកឡើង​ក្នុងឱកាស​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក គង់ វិមាន អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា ជាមួយនឹង​គណៈប្រតិភូ​ក្រុមហ៊ុន China MCC22 Group Corporation Ltd ដែល​ដឹកនាំ​ដោយ​លោក Guo KongSong អ្នកគ្រប់គ្រង​ទូទៅ​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ក្រុមហ៊ុន នៅ​ទីស្តីការ​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) កាលពី​ថ្ងៃទី​ ៧ វិច្ឆិកា ឆ្នាំ ​២០២៣​។​


​យោងតាម CDC គោលបំណង​នៃ​ជំនួប​ខាងលើ គឺ​ដើម្បី​បើកឱកាស​ឱ្យ​ក្រុមហ៊ុន​អាច​ស្វែងយល់​បន្ថែម​អំពី​ឱកាស​វិនិយោគ​លើ​វិស័យ​នានា​ស្របតាម​មុខសញ្ញា​វិនិយោគ​របស់​ក្រុម​ហ៊ុន ដែលមាន​ដូចជា ការងារ​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ផ្លូវ​ល្បឿន​លឿន រោងចក្រ​រ៉ែ ការបង្កើត​សួន​ឧស្សាហកម្ម អចលន​ទ្រព្យ និង​រោងចក្រ​ផលិត​គ្រឿង​សម្ភារ​សំណង់​ជាដើម​។

​លោក គង់ វិមាន បាន​លើកឡើងថា ក្នុងនាម​តំណាងឱ្យ​ថ្នាក់ដឹកនាំ CDC លោក​សូម​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ដែលមាន​ចំណាប់អារម្មណ៍​ចូលមក​សិក្សា និង​វិនិយោគ​នៅ​កម្ពុជា​។​


​លោក​បាន​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា មាន​គោលជំហរ​បើកចំហ​ទៅគ្រប់​វិនិយោគិន​លើ​គ្រប់​វិស័យ ដែល​ក្នុងនោះ​ក៏មាន​វិស័យ​មួយចំនួន​ទទួល​បានការ​លើកទឹកចិត្ត​ឱ្យមាន​កា​រវិ​និ​យោគ​ផងដែរ​។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាល​ដែលមាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជា​សេនាធិការ ទទួល​ស្វាគមន៍ និង​រង់ចាំ​សម្របសម្រួល​កិច្ចការងារ​របស់​វិនិយោគិន​ជានិច្ច​។​

​លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ​​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា​ថា ចំនួន​វិ​និ​យោគិន​ចិន​ដែល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​កំពុង​កើន​ឡើងជា​បន្តបន្ទាប់ និង​មាន​ចម្រុះ​លើ​គ្រប់​វិស័យ​ដូចជា រោងចក្រ​កាត់ដេរ រោងចក្រ​ផលិត​ខ្សែ​ភ្លើង គ្រឿង​បង្គុំ​អេឡិចត្រូនិក​អគ្គិសនី គ្រឿងសង្ហារិម កសិដ្ឋាន និង​រោងចក្រ​កែច្នៃ​កសិផល ជាដើម​។ លោក​បន្តថា ក្រៅពី​ការបណ្តាក់ទុន​ផ្ទាល់ ប្រទេស​ទាំង​ ២ ក៏មាន​ទំនាក់ទំនង​នៃ​ការនាំ​ទំនិញ​ទៅវិញទៅមក​ច្រើន​ផងដែរ​នាពេលនេះ និង​តទៅ​អនាគត​។​

​លោក​ថ្លែងថា​៖«​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត និង​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​ចិន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន ហើយ​ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ទំនិញ​ប្រទេស​ទាំង ២ ក៏​នឹង​បន្ត​កើនឡើង​បន្ថែមទៀត​ដែរ​»​។​

​លោក​ប្រាប់ទៀតថា វិនិយោគិន​ចិន​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​នៅក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​ការងារ​នៅ​កម្ពុជា​៕