
លោក ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម។ រូបថត MoC
ភ្នំពេញៈ សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជាចាំបាច់ត្រូវរក្សាការបើកចំហទីផ្សារសម្រាប់ទំនិញ និងសេវាកម្ម ដែលវាពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាការប្រកួតប្រជែង និងដើម្បីទូទាត់ជាមួយនឹងការបាត់បង់ការអនុគ្រោះពាណិជ្ជកម្ម ដោយសារការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDC) នាពេលខាងមុខ។
ថ្លែងក្នុងកិច្ចប្រជុំកំពូលនៃភាពជាអ្នកដឹកនាំសម្រាប់កិច្ចប្រជុំជំនួបកំពូលផ្តោតលើមូលបទ «ស្រមៃដល់អនាគតកម្ពុជាដោយសហបង្កើតទស្សនវិស័យរួមសម្រាប់ឆ្នាំ ២០៥០» នៅថ្ងៃទី ៨ ខែវិច្ឆិកា លោក សូរស័ក្តិ បានបញ្ជាក់ថា កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីការផ្ដល់ពន្ធអនុគ្រោះពិសេស ឬ S&DT ស្របតាមឋានៈប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។
ការផ្ដល់ពន្ធអនុគ្រោះពិសេស ឬ S&DT ក្រោមប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាមួយអង្គការពាណិជ្ជកម្មពិភពលោក អនុញ្ញាតឱ្យកម្ពុជាទទួលបានលទ្ធភាពចូលក្នុងទីផ្សារដោយអនុគ្រោះពន្ធ និងការអនុគ្រោះពន្ធផ្សេងទៀតពីសមាជិកប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងលទ្ធភាពចូលទីផ្សារដោយមិនគិតពន្ធ និងកូតា (DFQF) ដូចជាការអនុគ្រោះពន្ធពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) និងប្រព័ន្ធអនុគ្រោះពន្ធ GSP ការលើកលែងសេវាកម្មរបស់បណ្ដាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDC) សម្រាប់សេវាកម្មដែលផ្តល់ដោយ LDCs បន្តរយៈពេលផ្លាស់ប្តូរដើម្បីអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀង TRIPS និងកិច្ចព្រមព្រៀងផ្សេងៗទៀត។
លោកបានថ្លែងថា៖ «នៅឆ្នាំ ២០២៤ កម្ពុជានឹងឆ្លងកាត់ការត្រួតពិនិត្យរយៈពេល ៣ ឆ្នាំទៀត ហើយបើសិនយើងបន្តបំពេញតាមលក្ខណវិនិច្ឆ័យនៃការចាកចេញនេះបាន កម្ពុជាកំពុងស្ថិតនៅលើផ្លូវដើម្បីចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDC) លឿនបំផុតនៅឆ្នាំ ២០២៧»។
លោកលើកឡើងថា៖ «អ្វីដែលមានន័យនេះគឺថា S&DT ដែលយើងទទួលបានក្នុងឋានៈជា LDC នឹងមិនអនុវត្តទៀតទេ ហើយកម្ពុជានឹងត្រូវអនុវត្តតាមការប្តេជ្ញាចិត្ត និងកាតព្វកិច្ចក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងលក្ខណៈស្រដៀងគ្នាទៅនឹងប្រទេសដែលមានសេដ្ឋកិច្ចធំៗ ដូចជាប្រទេសចិន ឥណ្ឌា និងឥណ្ឌូនេស៊ី»។
លោកបន្ថែមថា ក្នុងរយៈពេលខ្លីទៅមធ្យម ការរក្សាបានលទ្ធភាពទទួលបានទីផ្សារបើកចំហសម្រាប់ទំនិញ និងសេវាកម្ម គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាក្នុងការរក្សាការប្រកួតប្រជែងដើម្បីប៉ះប៉ូវដល់ការបាត់បង់ការអនុគ្រោះពាណិជ្ជកម្ម ដោយសារការចាកចេញពីឋានៈនេះ។
លោកបញ្ជាក់ថា៖ «ការណ៍នេះជាហេតុផលដែលកម្ពុជាមានសកម្មភាពខ្លាំងបំផុតក្នុងអំឡុងពេលដែលខ្ញុំកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងការបន្តសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅក្រៅក្របខ័ណ្ឌអាស៊ាន។ គោលការណ៍នេះត្រូវបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ហើយត្រូវបានគូសបញ្ជាក់ម្តងទៀតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាឧបករណ៍មួយសម្រាប់ប្រភពនៃកំណើនថ្មី»។
លោកបានបន្តថា ដោយយោងតាមគោលនយោបាយនេះ រហូតដល់ពេលនេះ កម្ពុជាបង្កើតបាន FTA ទ្វេភាគីចំនួន ៣ ជាមួយប្រទេសចិន កូរ៉េ និងអារ៉ាប់រួម ក្នុងនោះ FTA បន្ថែមទៀតកំពុងត្រូវបានសិក្សា។
លោក គី សេរីវឌ្ឍន៍ សេដ្ឋវិទូនៅរាជបណ្ឌិត្យសភាកម្ពុជាឱ្យដឹងថា ការបង្កើនការនាំចេញទៅទីផ្សារសំខាន់ៗដូចជាអឺរ៉ុប និងអាមេរិក។
លោកបញ្ជាក់ថា៖ «យើងត្រូវកែលម្អគោលនយោបាយពាណិជ្ជកម្មរបស់យើង ផលិតកម្មករជំនាញឱ្យបានច្រើន និងទាញយកផលប្រយោជន៍ពេញលេញពី FTA ដែលមានស្រាប់ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់យើងបន្ទាប់ពីការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត៕