ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងរយៈពេល ៣ ត្រីមាស ដើមឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជាង ២,៨ ពាន់លានដុល្លារ ថយចុះជិត ១៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈទឹកប្រាក់នាំចេញរបស់ថៃបានគ្របដណ្តប់ជិត ៧៧ ភាគរយនៃចំនួនទឹកប្រាក់សរុប។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យពី GDCE ឱ្យដឹងថា ចន្លោះពីខែមករា-ខែកញ្ញា ឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសមានព្រំដែនគោក និងទឹកជាប់គ្នានេះ មានទឹកប្រាក់សរុប ២,៨២ ពាន់លានដុល្លារ ថយចុះ ១៧,៩ ភាគរយពីចំនួន ៣,៤៣ ពាន់លានដុល្លារនារយៈពេលដូចគ្នាឆ្នាំមុន។ ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មធំទី ៤ របស់កម្ពុជា បន្ទាប់ពីចិន អាមេរិក និងវៀតណាម។
យោងតាមទិន្នន័យខាងលើ គឺទឹកប្រាក់កម្ពុជានាំទំនិញទៅប្រទេសថៃ មានជាង ៦៥២ លានដុល្លារធ្លាក់ចុះ ០,៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួនជាង ៦៥៥ លានដុល្លារ និងទំនិញថៃនាំមកកម្ពុជាវិញ ២,១៧ ពាន់លានដុល្លារ ធ្លាក់ចុះ២២ភាគរយពីចំនួន ២,៧៨ ពាន់លានដុល្លារ។ ផ្អែកតាមទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាព ១,៥២ ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ មានឱនភាពចំនួន ២,១២ ពាន់លានដុល្លារ។
សម្រាប់ខែកញ្ញា ឆ្នាំនេះ ពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់ជាង ២៧៧ លានដុល្លារ ធ្លាក់ចុះ ២៣,៥៩ ភាគរយបើធៀបខែកញ្ញា ឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំទៅប្រទេសថៃ ៤៧,៤៦ លានដុល្លារ កើន ២,៥ ភាគរយ និងទំនិញថៃនាំមកកម្ពុជា ២២៩,៦៦ លានដុល្លារ ថយចុះ ១១,៧ភាគរយ។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែវិច្ឆិកាថា ក្នុងនាមជាប្រទេសមានព្រំដែនគោក និងទឹកជាប់គ្នា គឺការផ្លាស់ប្តូរទំនិញរវាងប្រជាជាតិទាំង ២ ប្រាកដជាមានចំនួនលើសពីអ្វីដែលបានកត់ត្រា ខណៈក្រៅពីចរាចរណ៍ទំនិញ ចរន្តនៃការធ្វើទេសចរណ៍ក៏មានច្រើនផងដែរ។ លោកបន្តថា ប្រទេសថៃ គឺជាទីផ្សារទទួលទិញផលិតផលកសិកម្មដ៏ធំមួយពីកម្ពុជា ដោយនៅរដូវប្រមូលផលម្តងៗតែងមានឈ្មួញជាច្រើនមកប្រមូលទិញពីប្រជាកសិករខ្មែរទៅលក់បន្តនៅប្រទេសថៃ។
លោកថ្លែងថា៖ «ការធ្លាក់ចុះទំហំពាណិជ្ជកម្មនៃប្រទេសទាំង ២ គឺដោយសារឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលដែលធ្វើឱ្យពាណិជ្ជកម្មអន្តរជាតិធ្លាក់ចុះស្ទើរគ្រប់ទីកន្លែងលើពិភពលោក។ ម្យ៉ាងទៀតក៏ដោយសារការកើនឡើងនៃកម្លាំងផលិតកម្មនៅកម្ពុជាដែលអាចផលិត ឬកែច្នៃក្នុងស្រុកបានកាន់តែច្រើនដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកខុសពីមុនដែលពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចូល»។
លោកបានបន្ថែមថា ផលិតផលសំខាន់ៗដែលកម្ពុជានាំទៅប្រទេសថៃ គឺផលិតផលកសិកម្ម និងធនធានធម្មជាតិមួយចំនួន ខណៈទំនិញដែលថៃនាំមកកម្ពុជា មានដូចជា ផលិតផលម្ហូបអាហារ, ភេសជ្ជៈ, ស្រាបៀរ, ឱសថ, យានជំនិះ, គ្រឿងអេឡិចត្រូនិក, ឧបករណ៍អគ្គិសនី, ជីគីមី, គ្រឿងយន្តកសិកម្ម និងគ្រឿងសម្អាងជាដើម។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ដែលជាខេត្តមានព្រំដែនជាប់ប្រទេសថៃ លោក គីម ហួត និយាយថា ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ បានដំណើរការទៅមុខដោយរលូន ដោយនៅរដូវប្រមូលផលកសិកម្មម្តងៗតែងមានឈ្មួញក្នុងស្រុក និងមកពីប្រទេសថៃ មកជួយទិញកសិផលពីកសិករខ្មែរដើម្បីនាំទៅប្រទេសថៃសម្រាប់ការកែច្នៃ វេចខ្ចប់ និងនាំចេញបន្ត។ លោកបន្តថា ប្រទេសថៃ គឺជាទីផ្សារធំជាងគេសម្រាប់ប្រជាកសិករនៅភាគពាយព្យ។
លោកអះអាងថា៖ «ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ បានបោះជំហានទៅមុខយ៉ាងល្អ ដោយការផ្លាស់ប្តូរទំនិញបានកើតមានជារៀងរាល់ថ្ងៃ»។
លោក សរ សារិន អនុប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ធ្លាប់និយាយថា ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំង ២ កំពុងដើរតួនាទីក្នុងការជំរុញការផ្លាស់ប្តូរទំនិញ។ លោកបន្តថា ចាប់តាំងពីបង្កើត CBC មក ស្ថាប័នលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយផលិតផល និងសក្តានុពលរបស់កម្ពុជាដល់វិនិយោគិនថៃ។
លោកលើកឡើងថា៖ «ប្រទេសយើងទាំង ២ មានទំនាក់ទំនងជិតស្និទ្ធទាក់ទងនឹងសេដ្ឋកិច្ច និងការទូត ដែលជាកត្តាសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម។ ដូចយើងឃើញហើយថា បន្ទាប់ពីកូវីដ ១៩ ធូរស្រាល លំហូរទេសចរបរទេសកំពុងត្រឡប់មកប្រទេសយើងទាំង ២ វិញ ដូច្នេះមានកំណើនតម្រូវការ ហើយសកម្មភាពអាជីវកម្មក៏ស្ទុះងើបឡើងវិញដែរ»។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ មានទឹកប្រាក់សរុបជាង ៤ ,៦៦ ពាន់លានដុល្លារកើន ,២ ភាគរយធៀបឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំទៅថៃជិត ៨៣២ លានដុល្លារ កើនឡើង ៣៤,១ ភាគរយ និងទំនិញកម្ពុជានាំចូលពីថៃ ជាង ៣,៨៣២ ពាន់លានដុល្លារកើន ១០,៧ ភាគរយ៕