យោងតាម​ការស្ទង់មតិ​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ (Reuters) នាពេលថ្មីៗនេះ​បាន​បង្ហាញថា​ស្ទើរតែ ៥០ ភាគរយ ​នៃ​ក្រុមហ៊ុន​ជប៉ុន​ បាន​យល់ឃើញថា​ជម្លោះ​រវាង​អ៊ីស្រាអែល​ និង​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស់ ​ប៉ា​ឡេ​ស្ទី​ន​​ (Hamas)​បាន​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​ពួកគេ។ ពួកគេ​មានការ​ព្រួយបារម្ភ​ជាពិសេស​អំពី​ការកើនឡើង​តម្លៃ​ប្រេង​និង​ទំនិញ។

តាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ទើរតែ​ពាក់កណ្តាល​នៃ​ក្រុមហ៊ុន​ជប៉ុន​ទាំងអស់​បាន​រំពឹងថា​អត្រា​ការប្រាក់​អវិជ្ជមាន​ដែលជា​ទិដ្ឋភាព​សំខាន់​នៃ​គោលនយោបាយ​រូបិយវត្ថុ​របស់​ប្រទេស​ជប៉ុន​នឹង​អាច​បញ្ចប់ទៅ​នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយនេះ។


យោងតាម​ការស្ទង់មតិ​របស់​រ៉​យ​ទ័​រ​ដដែល​បាន​រកឃើញថា​ក្រុមហ៊ុន​ចំនួន ៤៨% បាន​អះអាងថា​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់ បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រាក់ចំណូល​របស់​ពួកគេ ដែល​តួលេខ​នេះ​គឺ​ទាប​ជាង​បន្តិច​នៃ​តួលេខ ៤៩% នៃ​ក្រុមហ៊ុន​ជប៉ុន​ទាំងអស់​ដែល​បាន​គិតថា ជម្លោះ​នេះ​មិនមាន​ផលប៉ះពាល់​ធំធេង​នោះទេ។ គួរ​កត់សម្គាល់ថា ក្រុមហ៊ុន​ចំនួន ៣% បាន​យល់ឃើញថា ជម្លោះ​រវាង​ភាគី​ទាំងពីរ​បាន​ជះ​ផល​វិជ្ជមាន។

អ្នកគ្រប់គ្រង​ក្រុមហ៊ុន​គីមី​មួយរូប​បាន​និយាយ​នៅក្នុង​ការស្ទង់មតិ​ថា«ប្រសិនបើ​ស្ថានការណ៍​នៅ​តំបន់​មជ្ឈិមបូព៌ា​កាន់តែ​អាក្រក់ទៅៗវា​នឹង​បណ្តាលឱ្យ​តម្លៃ​វត្ថុធាតុដើម​និង​ប្រេងឥន្ធនៈ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់»។ទាក់ទង​នឹង​តម្លៃ​ប្រេង​នេះ​ផងដែរ ៤៦% នៃ​ក្រុមហ៊ុន​ជប៉ុន​ដែល​បាន​ស្ទង់​មតិ​បានធ្វើការ​ព្យាករណ៍​ថា តម្លៃ​ប្រេង​នេះ​នឹង​កើនឡើង​ដល់ ១២០ ដុល្លារ ​ក្នុង​មួយ​បារ៉ែល ​ឬ​ខ្ពស់ជាង​នេះ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ។បច្ចុប្បន្ន​ប្រេង​ឆៅ​ប្រភេទ​ North Sea Brent មានតម្លៃ​ប្រហែល៨១ដុល្លារ​ក្នុង​មួយ​បារ៉ែល។


ជារួម ការស្ទង់មតិ​នេះ​បានបង្ហាញ​ពី​ការព្រួយបារម្ភ​កាន់តែ​ទូលំទូលាយ​អំពី​ស្ថានភាព​នៅ​មជ្ឈិមបូព៌ា។ ក្នុងចំណោម​អ្នក​ដែល​ព្រួយបារម្ភ​អំពី​អស្ថិរភាព​ក្នុង​តំបន់ ២/៣ បានលើកឡើង​អំពី​ការកើនឡើង​នៃ​តម្លៃ​វត្ថុធាតុដើម​ក្រៅពី​ប្រេងឥន្ធនៈ។ប្រហែលជា ៥០% បង្ហាញ​ពី​ការព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​អត្រា​អតិផរណា​ពិភពលោក​ខណៈដែល ២/៥ មានការ​បារម្ភ​អំពី​កង្វះខាត​សក្តានុពល​នៃ​ផលិតផល​ប្រេង​និង​ផលិតផល​ដែល​ត្រូវការ​ប្រេង​ដើម្បី​ផលិត។

នៅក្នុង​ការស្ទង់មតិ​ប្រចាំខែ​ដែល​ធ្វើឡើង​ដោយ​រ៉​យ​ទ័​រ​នេះ ៤៦% នៃ​ក្រុមហ៊ុន​ជប៉ុនធំៗនិង​មធ្យម​ចំនួន៥០២ដែល​ស្មើនឹង ២៥១ក្រុមហ៊ុន​បាន​ឆ្លើយតប​ថា​ពួកគេ​រំពឹងថា​ធនាគារកណ្តាល​ជប៉ុន (BOJ) នឹង​ដោះស្រាយ​បញ្ហា​អត្រា​ការប្រាក់​អវិជ្ជមាន​នៅ​ខែមិថុនា​ឆ្នាំ២០២៤ ខាងមុខ ឬ​ឆាប់​ជាង​នេះ។

កាលពី​សប្តាហ៍​មុន​ធនាគារកណ្តាល​ជប៉ុន បានដាក់​ចេញ​វិធានការ​បន្ធូរបន្ថយ​ការគ្រប់គ្រង​របស់ខ្លួន​លើ​អត្រា​ការប្រាក់​រយៈពេល​វែង​ឱ្យនៅ​ក្រោម១%។ជប៉ុន​បានចាត់ទុក​អត្រា​ការប្រាក់​នេះ​ថា ​ជា​អត្រា​ ដែល​អាច​បត់បែន​បាន ជាជាង​អត្រា​ការប្រាក់​ដាច់ខាត។ បច្ចុប្បន្ននេះ ធនាគារកណ្តាល​ជប៉ុន​មានបំណង​បញ្ឈប់​គោលនយោបាយ​អត្រា​ការប្រាក់​អវិជ្ជមាន​របស់ខ្លួន​និង​នាំយក​អត្រា​ការប្រាក់​រយៈពេល​ខ្លី​រហូតដល់​សូន្យ​ជំនួស​ឱ្យ -០,១%ដែលជា​អត្រា​ការប្រាក់​នាពេល​បច្ចុប្បន្ន។

យោងតាម​ការស្ទង់មតិ ៤០% នៃ​ក្រុមហ៊ុន​ជប៉ុន​បាន​បញ្ជាក់ថា​គោលនយោបាយ​អត្រា​ការប្រាក់​អវិជ្ជមាន​កំពុងផ្តល់​អ​ត្ថ​ប្រយោជន៍​ដល់​ការគ្រប់គ្រង​ក្រុមហ៊ុន​របស់​ពួកគេ នេះ​បើ​យោងតាម​ការស្ទង់មតិ​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ Nikkei Research សម្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​ចាប់ពី​ថ្ងៃទី២៤ ខែតុលា ​ដល់​ថ្ងៃទី២ ខែវិច្ឆិកា ដោយមាន​ការធានា​ភាព​អនាមិក​របស់​ក្រុមហ៊ុន​ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការឆ្លើយតប​ដោយស្មោះ​ត្រង់៕