ភ្នំពេញៈ កម្ពុជា និង​សាធារណរដ្ឋ​ឆែក​ប្ដេជ្ញា​ជំរុញ​បន្ថែម​នូវ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់ និង​ពង្រឹង​បន្ថែម​នូវ​ភាពជា​ដៃគូ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ឱ្យ​កាន់តែ​កើនឡើង​មួយកម្រិត​ទៀត​តាមរយៈ​សកម្ម​ភាព​ផ្សព្វផ្សាយ​នានា ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​ទាំង ​២​។​

​ការបញ្ជាក់​ជំហរ​នេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្តិ​ការ​អន្តរជាតិ​លោក សុខ ចិន្តា​សោភា​ និង​ឯកអគ្គរដ្ឋទូត​ឆែក ប្រចាំ​កម្ពុជា លោក Martin Vávra កាលពី​សប្តាហ៍​មុន​។​


​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ជំនួប​នេះ​ដែល​ទើប​ចេញផ្សាយ​ កាលពី​ថ្ងៃទី​ ៨ ខែវិច្ឆិកា ឱ្យដឹងថា ភាគី​ទាំង ​២ ​ក៏បាន​រំឭក​ឡើងវិញ​នូវ​ចំណងមិត្តភាព​ដ៏​វិសេសវិសាល និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី​ដ៏​ជិតស្និទ្ធ រវាង​កម្ពុជា​និង​ឆែក ដោយ​ផ្អែកលើ​គោលការណ៍​ទុកចិត្ត​គ្នា និង​ការយោគយល់​គ្នា​ទៅវិញទៅមក​។​

​ភាគី​ទាំង​ ២​ ក៏បាន​សម្តែង​ការពេញចិត្ត​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការរីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ហើយ​បាន​ប្ដេជ្ញា​ឥត​ងាករេ​ក្នុង​ការជំរុញ​បន្ថែម​នូវ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់ និង​ពង្រឹង​បន្ថែម​នូវ​ភាពជា​ដៃគូ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ឱ្យ​កាន់តែ​កើនឡើង​មួយកម្រិត​ទៀត តាមរយៈ​សកម្ម​​ភាព​ផ្សព្វផ្សាយ​នានា​ ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​ទាំង ​២​។​


​ក្នុងឱកាស​នោះ​លោក​ សុខ ចិន្តា​សោភា បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ឆែក​ដែល​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច រួមទាំង​វិស័យ អប់រំ និង​សុខាភិបាល​នាពេល​កន្លងមក​។ លោក​ក៏បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការធ្វើ​ពិពិធ​កម្ម ផលិតកម្ម និង​បាន​លើកទឹកចិត្ត​អ្នកវិនិយោគ​ឆែក​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត​ឱ្យ​ចាត់ទុក​កម្ពុជា ជា​គោលដៅ​វិនិយោគ​។​

​ចំណែក​លោក Martin Vávra បាន​អះអាង​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​ប្រើប្រាស់​ឱ្យអស់​ពី​លទ្ធភាព​នូវ វិស័យ​សក្តានុពល​ដែលមាន​ស្រាប់​។ ក្នុងន័យនេះ លោក​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ឆែក​មក​កម្ពុជា​តាម​រយៈ​សកម្មភាព​ផ្សព្វផ្សាយ​នានា ជាពិសេស​ក្នុង​វិស័យ​សុខាភិបាល និង​អប់រំ​។​

​លោក នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​ជីវសាស្ត្រ វេជ្ជសាស្ត្រ និង​កសិកម្ម​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​មើលឃើញថា តាមរយៈ​ការប្តេជ្ញា​ទាំងនេះ នឹង​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ការវិនិយោគ​ពី​សាធារណរដ្ឋ​ឆែក​មកកាន់​កម្ពុជា​បន្ថែ​ម​ទៀត ជាពិសេស​លើ​វិស័យ​សុខាភិបាល និង​អប់រំ ដែលជា​វិស័យ​សំខាន់​សម្រាប់​កម្ពុជា​។ «​កាលណា​យើង​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អន្តរជាតិ ពិសេស​ប្រទេស​ឆែក​ដែលជា​ប្រទេសមួយ​រីកចម្រើន​នឹងធ្វើ​ឱ្យ​វិស័យ​សុខាភិបាល​របស់​យើង​បានល្អ​ប្រសើរ​»៕