ភ្នំពេញៈ កម្ពុជា​រកប្រាក់​បានជា​ង ១,២​ ពាន់​លាន​ដុល្លារ ​ពី​ការនាំចេញ​អង្ករ និង​ស្រូវ​ទៅកាន់​គោលដៅ​ចំនួន ៥៩ ដែល​ភាគច្រើន​ទៅ​តំបន់​អឺរ៉ុប ចិន និង​អាស៊ាន ទោះបីជា​មានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​ក៏ដោយ ខណៈ​អ្នក​ក្នុង​ឧស្សាហ​កម្មនេះ​អះអាង​ពី​ការកើនឡើង​នៃ​តម្រូវការ​ស្បៀង​នៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​យោងតាម​របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF)​ ដែល ​ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន​កាលពី​ថ្ងៃទី​ ៩ ខែវិច្ឆិកា គឺ​ក្នុង​រយៈពេល​ ១០​ ខែ​កន្លងមក កម្ពុជា​បាន​នាំចេញ​អង្ករ​ជិត ៥៣ ​ម៉ឺន​តោន គិត​ជា​ប្រាក់ ៣៧៧​ លាន​ដុល្លារ និង​បាន​នាំ​ចេញ​ស្រូវ​ជាង ៣​ លាន​តោន ដែល​គិត​ជា​ប្រាក់ ៨៦២​ លាន​ដុល្លារ​។​


​ចំពោះ​បរិមាណ​អង្ករ​ដែល​នាំចេញ​ចំនួន ៥២៩ ៩២៤ ​តោន គឺ​តាមរយៈ​ក្រុមហ៊ុន​ចំនួន ៥៧ ទៅកាន់​គោលដៅ​ចំនួន ៥៩​។ តួលេខ​ឱ្យដឹងទៀតថា ក្នុងនោះ​ប្រទេស​ចិន និង​ហុងកុង​មាន​ចំនួន ១៧៧ ២៨៥​ តោន គិត​ជា​ប្រាក់​ចំនួន​ ១១៥,៣ ​លាន​ដុល្លារ​, ប្រទេស​នៅ​ទ្វីប​​អឺរ៉ុប ​(២៦ ​ប្រទេស​) ២១៧ ០៦៨​ តោន ស្មើ ១៥៥,៥៨​ លាន​ដុល្លារ​, ប្រទេស​សមាជិក​អាស៊ាន ​(៦ ប្រទេស​) ៦២ ៤៩២​ តោន ស្មើ ៤២,៣២​ លាន​ដុល្លារ​, និង​ទៅ​គោលដៅ​ផ្សេងៗ​ទៀត ​(២៥ ប្រទេស​) បាន​ចំនួន ៧៣ ០៧៩​ តោន ស្មើនឹង ៦៤,៣​ លាន​ដុល្លារ​។​

​ចំពោះ​ប្រភេទ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ចំនួន ៨១,៧៩ ​ភាគរយ អង្ក​រស ១៣,៣​ ភាគរយ អង្ករ​ចំហុយ ៣,២៤ ​ភាគរយ អង្ករ​សរីរាង្គ ១,៦៥​ ភាគរយ និង​អង្ក​រស​គ្រាប់ខ្លី ០,០១ ​ភាគរយ​។​


CRF ឱ្យដឹងទៀតថា ក្នុង​រយៈពេល​ ១០​ ខែ​មកនេះ ប្រទេស​កម្ពុជា​ ក៏បាន​នាំ​ចេញ​ស្រូវ ៣ ៣០៨ ៦៤៨​ តោន ដែល​គិត​ជា​ប្រា​ក់បាន​ប្រមាណ ៨៦២,៤៦ លាន​ដុល្លារ ក្នុងនោះ​ជាង ៦០ ​ភាគរយ បាន​នាំចេញ​ដោយ​ឆ្លងកាត់​ការស្នើសុំ​ការបញ្ជាក់​ឯកសារ​ពី​អាជ្ញាធរ​។​

​លោក ចាន់ សុ​ឃាំង ប្រធាន CRF បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ៩ ខែវិច្ឆិកា​ថា ទីផ្សារ​នាំចេញ បាននិងកំពុង​បង្កើន​បរិមាណ​បញ្ជា​ទិញ បើទោះបីជា​សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចុះ​ក៏ដោយ​។ ទន្ទឹមនឹង​នេះដែរ មាន​តម្រូវការ​ខ្ពស់​នៅក្នុង​ទីផ្សារ​អឺរ៉ុប​នៅ​ឆ្នាំនេះ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​យើង​បាន​នាំចេញ​ប្រ​​ហែល ៥៣​ ម៉ឺន តោន​ក្នុង​រយៈពេល ​១០ ​ខែ​ចុង​ក្រោយនេះ ខណៈ​យើង​សង្កេតឃើញថា តម្រូវការ​របស់​ប្រទេស​នាំ​ចេញ​មានការ​កើនឡើង​។ ខ្ញុំ​ក៏បាន​កត់​សម្គាល់​ឃើញថា យើង​ក៏​ទទួលបាន​ការនាំចេញ​អង្ក​រស​ទៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ផងដែរ​។ ឆ្នាំនេះ​ទីផ្សារ​អឺរ៉ុប​បាន​ស្រូបយក​ច្រើន ហើយ​យើង​ជឿថា​ សម្រាប់​រដូវ​ច្រូតកាត់​ខាងមុខ យើង​នឹង​អាច​នាំ​ចេញទៅ​ទីផ្សារ​ចិន​បាន​កាន់តែច្រើន​បន្ថែមទៀត​»​។​

​ទោះយ៉ាងណា លោក​ក៏​មើលឃើញថា​៖ «​យើង​បាន​នាំ​ស្រូវ​ចេញទៅ​ប្រទេសជិតខាង​ច្រើន ដូច្នេះ​វា​ក៏​ប៉ះពាល់​ដល់​ការ​ស្តុក​ដើម្បី​នាំ​អង្ករ​ចេញ​ដែរ​»​។​

​លោក សុង សារ៉ន ប្រធាន​ក្រុមហ៊ុន Amru Rice ដែលជា​ក្រុមហ៊ុននាំចេញ​អង្ករ​ឈានមុខ​គេ​មួយ​ក៏បាន​ថ្លែង​ដូចគ្នា​នឹង​លោក ចាន់ សុ​ឃាំង ដោយ​លោក​បញ្ជាក់ថា សម្រាប់​ក្រុមហ៊ុន​លោក​បាន​នាំចេញ​តែ​អង្ករ​ក្រអូប និង​សរីរាង្គ​។​

​លោក​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​ខ្ញុំ​ភាគ​ច្រើន​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប ចិន អាមេរិក និង​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត​។ យើង​នាំចេញ​តែ​អង្ករ​ក្រអូប និង​សរីរាង្គ​ប៉ុណ្ណោះ​»​។​

​កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា កម្ពុជា​បានធ្វើ​ការដឹកជញ្ជូន​អង្ករ​លើកដំបូង​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី ដែល​វា​ជា​ជំហាន​ដ៏​សំខាន់​សម្រាប់​ទីផ្សារ​នាំចេញ​។ ពិធី​​ស្វាគមន៍​សម្រាប់​ការនាំចេញ​អង្ករ​ដំបូង ៣ ៥០០​ តោន​ ត្រូវបានធ្វើ​នៅ​កំពង់ផែ Tanjung Emas ក្នុង​ទីក្រុង Semarang កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា​៕