ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ទេស​ចរណ៍ លោក សុខ សូកេន បាន​លើកឡើងថា ដើម្បីឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​អាច​ទទួល​បាន​ភ្ញៀវ​បរទេស​មក​កម្សាន្ត និង​ស្នាក់នៅ​យូរ គឺ​ចាំបាច់​ត្រូវតែមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់ ខណៈ​រយៈពេល​ ៩​ ខែ​ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលភ្ញៀវ​បរទេស​ជាង ៣,៩​ លាន​នាក់​។​

​ថ្លែង​ពី​ខេត្តសៀមរាប កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា លោក សុខ ​សូកេន បានឱ្យដឹងថា ក្រសួង​ទេសចរណ៍​កំពុង​ធ្វើ​កិច្ចការ​ជា​​ច្រើន​ដើម្បី​បង្កើន​សមត្ថភាព​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​កម្ពុជា​បាន​ច្រើន និង​ចំណាយពេល​ស្នាក់នៅ​យូរ​ជាង​មុន​។ កម្ពុជា​ចង់ឱ្យ​ភ្ញៀវទេសចរ​សប្បាយ​នឹង​ការទទួលបាន​អ្វី​ដែលជា​បទពិសោធន៍​ថ្មីៗ​ពាក់ព័ន្ធ​នឹង​សម្បត្តិ​បេតិកភណ្ឌ សម្បត្តិ​វប្ប​ធម៌ ក៏ដូចជា​ផលិតផល​ផ្សេងៗ​ទៀត​។ លោក​បន្តថា ដើម្បីឱ្យ​ផែនការ​នេះ​អាច​សម្រេច​ទៅបាន គឺ​ទាមទារ​ឱ្យមាន​ការចូល​​រួម​យ៉ាង​សស្រោកសស្រាំ​ពី​អ្នកពាក់ព័ន្ធ​។​


​លោក​បាន​ថ្លែងថា​៖ «​អ្វីដែល​យើង​ចង់បាន គឺ​ទេសចរ​ដែល​មក​កម្ពុជា​សប្បាយ​នឹង​ការចាយ​ពេលវេលា​នៅ​កម្ពុជា សប្បាយ​នឹង​ការទទួលបាន​អ្វី​ដែលជា​បទពិសោធន៍​ថ្មី​ពាក់ព័ន្ធ​ទៅនឹង​សម្បត្តិ​បេតិកភណ្ឌ សម្បត្តិ​វប្ប​​ធម៌ ក៏ដូចជា​ផលិតផល​ផ្សេងៗ​ទៀត​ដែល​កម្ពុជា​នឹង​អាច​ដាក់ចេញ​នៅពេល​អនាគត ហើយ​ធ្វើយ៉ាងណា​ឱ្យ​ទេសចរ​នោះ​ចងចាំ​កម្ពុជា​គឺជា​ទិសដៅ​ទេស​ចរណ៍​សកល​ឈានមុខ​»​។​

​លោក​បន្តថា​៖ «​បទពិសោធន៍​ល្អៗ ​(​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​)​ ដែល​អាចឱ្យ​គាត់​នាំ​ទេសចរ​ផ្សេងៗ​ទៀត ឱ្យមក​ទស្សនា​កម្ពុជា​ប​ន្ថែ​ម ប៉ុន្តែ​ទាំង​អស់នេះ​បើ​យើង​អត់​ប្រយ័ត្ន អត់​មានការ​ចូលរួម​ពី​វិស័យ​ឯកជន តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​បទពិសោធន៍​នេះ​វា​អាច​ទៅជា​បទពិសោធន៍​មិនល្អ​សម្រាប់​ទេសចរ​។ យើង​បានដឹង​ហើយ​កន្លងមកនេះ មាន​បញ្ហា​ពាក់​​ព័ន្ធ​នឹង​ការងារ​នេះ​ទាំងអស់ ដែល​យើង​ត្រូវតែ​តម្រូវឱ្យមាន​ការចូលរួម​ទាំងអស់គ្នា​ពី​អ្នក​ពាក់ព័ន្ធ​ក្នុងការ​ធ្វើយ៉ាងណា យើង​នឹង​ផ្តល់​បទពិសោធន៍​ល្អៗ​ឱ្យ​ទេសចរ​មក​កម្ពុជា​នេះ គឺមាន​ភាពកក់ក្តៅ​ក្នុង​ចិត្ត​»​។​


​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ផ្នែក​ឯក​ជន​កំពុង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​បង្កើត​បរិយាកាស​ល្អៗ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទេសចរ​បរទេស​ឱ្យ​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​បាន​ច្រើន ព្រោះ​វិស័យនេះ​នៅមុន​ពេល​មាន​វត្តមាន​ជំងឺ​កូ​វីដ ​១៩ បានរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការរក​បង្កើន​ចំណូល​គ្រួសារ និង​កំណើន​សេដ្ឋកិច្ចជាតិ​។

​លោក​បាន​បញ្ជាក់ថា​៖ «​ផ្នែក​ឯកជន​រីករាយ​ក្នុងការ​ចូលរួម​ជាមួយ​អាជ្ញាធរ​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ឡើងវិញ ខណៈ​នៅពេលនេះ​ទោះ​ក្តី​បារម្ភ​ពី​កូ​វីដ ​១៩ បាន​លុបបំបាត់​ក៏ដោយ ប៉ុន្តែ​ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​កម្សាន្ត​នៅ​កម្ពុជា​នៅតែមាន​ចំនួន​តិច​នៅឡើយ​បើ​ធៀប​ប្រទេសជិតខាង​»​។​

​ទោះជា​យ៉ាងណា លោក ធី ប្រាប់ថា ប្រទេស​កម្ពុជា​មិនទាន់មាន​ផលិតផល​ទេសចរណ៍​គ្រប់គ្រាន់​ដើម្បី​បង្កើន​ភាព​ទាក់​ទាញ​ភ្ញៀវ​បរទេស​ឱ្យ​ចូលមក​កម្សាន្ត និង​ទិញ​វត្ថុ​អនុស្សាវរីយ៍ ច្រើន​ដូច​នៅ​ប្រទេសជិតខាង ​(​ប្រទេស​ថៃ​)​ទេ​។​

​បើតាម​លោក ខៀវ ធី ភាគ​ច្រើន​ភ្ញៀវទេសចរ​បរទេស​មក​កម្សាន្ត​កម្ពុជា គឺមាន​រយៈពេល ​៣-៤ ​ថ្ងៃ ​ខុសពី​ប្រទេសជិតខាង​ដែល​អាចមាន​រយៈពេល​លើសពី ១​ សប្តាហ៍​។​

​ទិន្នន័យ​ក្រសួងទេសចរណ៍ឱ្យដឹងថា ពី​ខែមករា​-​ខែកញ្ញា ឆ្នាំ ​២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប ៣ ៩២៦ ៨៨២​ នាក់ កើនឡើង ២១០,២​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូច​​គ្នា​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ១ ២៦៥ ៧៧២ ​នាក់​។

​ផ្អែក​តាម​របាយការណ៍ គឺ​ភ្ញៀវ​ជន​ជាតិ​ថៃ មាន​ចំនួន ១ ៣៣៩ ៥៤០​ នាក់ (​ស្មើ ៣៤,១ ​ភាគ​​រយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​) កើនឡើង ១៨៩,៥​ ភាគរយ​, វៀតណាម ៧៣០ ០៧៥​ នាក់ ​(១៨,៦ ​ភាគរយ​) កើន ១៥៦​ ភាគរយ​, ចិន ៤០៥ ៥១៤​ នាក់ ​(១០,៣​ភាគរយ​) កើន ៥៤៩,៦ ​ភាគរយ​, និង​ឡាវ ២៥១ ៦៥៨​ នាក់ ​(៦,៤​ភាគរយ​) កើន ៥៤៨,៩ ​ភាគរយ​៕