​ភ្នំពេញៈ ការអនុវត្ត​ចំណូល​របស់​រដ្ឋបាល​ថ្នាក់ជាតិ​ក្នុង​រយៈ​ពេល ៩​ ខែ ឆ្នាំ​ ២០២៣ សម្រេចបាន​ជាង ១៩​ ពាន់​លាន​រៀល ​(​ប្រមាណ​ជាង ៤,៦​ ពាន់​លាន​ដុល្លារ​) ស្មើនឹង​ជិត ៧៣ ​ភាគ​​រយ​ នៃ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ ២០២៣ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ គឺ​ការអនុវត្ត​ចំណូល​បាន​ថយចុះ​ប្រមាណ ៣​ ភាគរយ​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​របាយការណ៍​ស្ថិតិ​ហិរញ្ញវត្ថុ​ប្រចាំខែ​កញ្ញា ឆ្នាំ​ ២០២៣ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹងថា ចាប់ពី​ខែមករា​-​កញ្ញា ឆ្នាំ​ ២០២៣ ការអនុវត្ត​ចំណូល​របស់​រដ្ឋបាល​ថ្នាក់ជាតិ​សម្រេចបាន ១៩ ១០៧ ​ពាន់​លាន​រៀល​ (​ប្រហែល ៤,៦៤​ ពាន់​លាន​ដុ​ល្លារ​) ស្មើ ៧២,៨​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ​២០២៣ ដែល​ក្នុងនោះ​ចំណូល​ពន្ធ ១៦ ២៥១ ​ពាន់​លាន​រៀល ​(៣,៩៥ ​ពាន់​លាន​ដុល្លារ​)​ ស្មើ ៨៥,០៦​ ភាគរយ​នៃ​ចំណូល​សរុប​, អំ​ណោ​យ​ចំនួន ១ ០០៩​ ពាន់​លាន​រៀល ​(២៤៥,១៧ ​លាន​ដុ​ល្លារ​) ស្មើ ៥,២៨​ភាគរយ​, និង​ចំណូល​ផ្សេងៗ​ចំនួន ១ ៨៤៦​ ពាន់​លាន​រៀល ​(៤៤៨,៥៧​ លាន​ដុល្លារ​)​ ស្មើ ៩,៦៦ ​ភាគរយ​។ ដោយឡែក​បើ​ធៀប​នឹង​រយៈ​ពេល ៩ ​ខែ​ដូចគ្នា​ឆ្នាំ​ ២០២២ ការអនុវត្ត​ចំណូល​បាន​ថយចុះ ៣​ ភាគរយ​ ដោយ​ក្នុងនោះ​ចំណូល​ពន្ធ ថយចុះ ៣,៧២​ភាគរយ​, អំណោយ ថយចុះ ២១,០១ ​ភាគរយ រីឯ​ចំណូល​ផ្សេងៗ កើនឡើង ១៩,៨៣ ​ភាគរយ​។​


​របាយការណ៍​ឱ្យដឹងទៀតថា ទន្ទឹមនឹង​ការអនុវត្ត​ចំណូល​ខាងលើ ការចំណាយ​សរុប ​(Expenditure) របស់​រដ្ឋបាល​ថ្នាក់ជាតិ គឺមាន​ចំនួន ២០ ៨២៣​ ពាន់​លាន​រៀល ​(​ប្រហែល ៥,០៦ ​ពាន់​លាន​ដុល្លារ​) ស្មើនឹង ៦៣,៣១ ​ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២៣ ក្នុងនោះ​ចំណាយ ១៥ ១៤២ ពាន់​លាន​រៀល ​(៣,៦៨​ ពាន់​លាន​ដុល្លារ​) ស្មើ​ ៧២,៧២ ​ភាគរយ​នៃ​ចំណាយ​សរុប​, និង​ចំណាយ​វិនិយោគ​លើ​ទ្រព្យ​មិនមែន​ហិរញ្ញវត្ថុ ៥ ២៤៦ ​ពាន់​លាន​រៀល ​(១,២៧ ​ពាន់​លាន​ដុល្លារ​) ស្មើ ២៧,២៨ ​ភាគរយ​នៃ​ចំណាយ​សរុប​។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ចំណាយ​សរុប​របស់រ​ដ្ឋ​បាល​ថ្នាក់ជាតិ កើនឡើង ១៤,០៣ ​ភាគរយ ក្នុងនោះ​ចំណាយ​កើន ១៥,៥៧ ​ភាគរយ​, និង​ចំណាយ​វិនិយោគ​លើ​ទ្រព្យ​មិនមែន​ហិរញ្ញវត្ថុ បាន​កើនឡើង ១០,១១ ​ភាគរយ​។​

​ឯកសារ​បញ្ជាក់ថា​៖ «​រយៈពេល ៩ ​ខែ ដើមឆ្នាំ ​២០២៣ ការអនុវត្ត​ចំណូល​យឺត គួបផ្សំ​នឹង​ការអនុវត្ត​ចំណាយ​លឿន​បានធ្វើឱ្យ​ថវិកា​មាន​ឱនភាព​ប្រមាណ ២៤១​ ពាន់​លាន​រៀល ​(​ប្រហែល ៥៨,៦១​ លាន​ដុល្លារ​) ប៉ុន្តែ​ឱនភាព​នេះ​ស្ថិតក្នុង​កម្រិត​មួយ​ទាប ពោលគឺ​ស្មើនឹង ២៥,៨៤​ ភាគ​រយ​នៃ​ឱនភាព​ថវិកា​ប្រចាំឆ្នាំ​ដែល​បានគ្រោង​។ ឱនភាព​ថវិកា​រយៈពេល ៩​ ខែ​ដើមឆ្នាំ​ ២០២៣ បាន​ឆ្លុះបញ្ចាំង​តាម​រយៈ​ការកើនឡើង​បំណុល​ប្រមាណ ៣ ២៩០​ ពាន់​លាន​រៀល ​(៨០០,៣៣​ លាន​ដុល្លារ​) និង​ការកើនឡើង​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ​ប្រមាណ ១ ៥៧៤​ ពាន់​លាន​រៀល ​(៣៨២,៩៣​ លាន​ដុល្លារ​)»​។​


​នៅ​ថ្ងៃទី​ ៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ លោក ហុង វណ្ណៈ សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា គ្រប់​រដ្ឋាភិបាល​តែង​ត្រូវការ​ប្រាក់​ដើម្បី​យកទៅ​ប្រើប្រាស់​សម្រាប់​សក​ម្ម​ភាព​ផ្សេងៗ​ក្នុងន័យ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ភាព​រីកចម្រើន​របស់​ប្រទេស​។ ការ​​ធ្លាក់ចុះ​ចំណូល​របស់​រដ្ឋបាល​ថ្នាក់ជាតិ​នា​រយៈពេល​កន្លងមក គឺ​ដោយសារ​ឥទ្ធិ​ពល​នៃ​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​សកល ដែល​ធ្វើឱ្យ​ការនាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស​ធ្លាក់ចុះ​មួយចំនួន​។​

​លោក​ប្រាប់ទៀតថា ទោះយ៉ាងណា​ការធ្លាក់ចុះ​ក្នុង​កម្រិត​តិច​បែបនេះ វា​នឹង​មិនអាច​ប៉ះពាល់​ខ្លាំង​ដល់​ផែនការ​ចំ​ណាយ​របស់​រដ្ឋាភិបាល​លើ​ការអភិវឌ្ឍ​ប្រទេស​ឡើយ​។​

​លោក​ប្រាប់ទៀតថា​៖ «​នា​រយៈពេល​ចុងក្រោយ​នេះ​ខ្ញុំ​ឃើញ​ព័ត៌មាន​មួយចំនួន​ថា ស្ថានភាព​នៃ​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ និង​វិស័យ​ទេសចរ​​ណ៍​មាន​ភាពល្អ​ជាង​មុន​បន្តិច ដូច្នេះ​ការ​អនុវត្ត​ចំណូល ​(Revenue) របស់​រដ្ឋ​បាល​ថ្នាក់ជាតិ អាច​នឹងមាន​ភាពល្អ​​ប្រសើរ​ឡើងវិញ​ខ្លះ​»​។​

​បញ្ហា​ប្រឈម​ខាងក្រៅ និង​ធ្លាក់ចុះ​ក្នុង​វិស័យ​អចលនទ្រព្យ បានធ្វើឱ្យ​មូល​​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) ទម្លាក់​ការ​ព្យាករ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាម​ក​នៅត្រឹម ៥,៣​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០២៣ នេះ​ដោយ​ទាប​ជាង​ការ​ព្យាករ​កាលពី​ខែមេសា ដែលមាន​អត្រា ៥,៨​ភាគរយ​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពីថ្ងៃ​ទី​ ៣១ ខែតុលា ក្រុមការងារ IMF ដឹកនាំ​ដោយ​លោក Davide Furceri ប្រធាន​បេសកកម្ម​ប្រចាំ​កម្ពុជា ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​ ១៨ ដល់​ថ្ងៃទី​ ៣១ ខែតុលា បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា​កំពុង​ស្ទុះ​ងើបឡើង​វិញ​ជា​លំដាប់​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ប៉ុន្តែ​ប្រឈមមុខ​នឹង​បញ្ហា​ក្នុងស្រុក និង​ខាងក្រៅ​។ កំណើន​បាន​កើន​ដល់ ៥,២ ​ភាគរយ ​ក្នុង​ឆ្នាំ​ ២០២២ ពី​ ៣ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២១ ដែល​ជំរុញ​ដោយ​ការផលិត​ដ៏​រឹងមាំ និង​ការ​ស្ទុះ​ងើបឡើង​វិញ​នៅក្នុង​វិស័យ​សេវាកម្ម​។ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង ៥,៣​ ភាគរយ ​នៅ​ឆ្នាំ​ ២០២៣ និង ៦,០​ ភាគរយ ​នៅ​ឆ្នាំ​២០២៤៕