​ធនាគារជាតិ​នៃ​កម្ពុជា (NBC) សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ «​ដុល្លា​រូបនីយកម្ម​នៅ​កម្ពុជា​» ដើម្បី​ផ្តល់​សារៈសំខាន់ សម្រាប់​ការសិក្សា​ស្វែងយល់​អំពី​ដំណើរ​វិវត្តន៍ និង​ស្ថានភាព​បច្ចុប្បន្ន នៃ​ដុល្លា​រូបនីយកម្ម​នៅ​កម្ពុជា ព្រមទាំង​បង្ហាញ​គោលនយោបាយ​សំខាន់ៗ គាំទ្រ​កំណើនសេដ្ឋកិច្ច​។​

​ការផ្សព្វផ្សាយ​ជា​ផ្លូវការ សៀវភៅ​ក្រោម​ចំណងជើង «​ដុល្លា​រូបនីយកម្ម​នៅ​កម្ពុជា​៖ ទំនាក់ទំនង​ផ្នែក​គោលនយោបាយ ក្នុងការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​» បានរៀបចំ​ឡើង​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ដែល​សៀវភៅ​នេះ ជា​ស្នាដៃ​រួមគ្នា​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ត្រូវបាន​បោះពុម្ពផ្សាយ​ដោយ​ក្រុមហ៊ុន Routledge ដ៏​ល្បី​លំដាប់​ពិភពលោក​។​


​បើតាម NBC សៀវភៅ​នេះ​ជា​លទ្ធផល​នៃ​កិច្ចសហការ​ស្រាវជ្រាវ​រួមគ្នា​រវាង ធនាគារជាតិ​នៃ​កម្ពុជា និង​វិទ្យាស្ថាន​ស្រាវជ្រាវ នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ដោយ​ប្រើប្រាស់​ទិន្នន័យ​ប្រមូលបាន ពី​អង្គភាព​គ្រួសារ សហគ្រាស និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទូទាំងប្រទេស​។ ក្នុង​អត្ថបទ​នៃ​សៀវភៅ អ្នកនិពន្ធ​បាន​រំលេច​អំពី​ប្រវត្តិ​ដុល្លា​រូបនីយកម្ម​នៅ​កម្ពុជា និង​ទិដ្ឋភាព​ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​មាន​អត្ថបទ​វិភាគ​ស៊ីជម្រៅ អំពី​ឥទ្ធិពល​នៃ​ចរាចរណ៍​ប្រាក់​ដុល្លារ នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច និង​ប្រព័ន្ធ​ទូទាត់ បាគង ដែល​ជួយ​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល​។

​អ្នកនិពន្ធ​បានបង្ហាញ​ថា​៖«​ដុល្លា​រូបនីយកម្ម​នៅ​កម្ពុជា ក្លាយជា​ករណី​សិក្សា​ដ៏​សំខាន់ សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយ​ប្រព័ន្ធ​ទូទាត់ បាគង ជា​គំរូ​សម្រាប់​កាត់បន្ថយ​ចរាចរណ៍​ប្រាក់​ដុល្លារ​។ លើស​នេះ​ធនាគារជាតិ​នៃ​កម្ពុជា បានបង្ហាញ​គម្រោង​ដាក់ឱ្យអនុវត្ត​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មីៗ ដើម្បី​ជំរុញ​សាធារណជន​ឱ្យប្រើ​ប្រាស់​ប្រាក់រៀល កាន់តែ​ទូលំទូលាយ​ផងដែរ​»​។


​លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បានរៀបចំ​ដឹកនាំ និង​កែសម្រួល​ខ្លឹមសារ នៃ​អត្ថបទ​ស្រាវជ្រាវ​ក្នុង​សៀវភៅ​នេះ ដោយ​សហការ​ជាមួយ​លោក Okuda Hidenobu សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ Hitotsubashi University នៅ​ប្រទេស​ជប៉ុន​។​

​លោកស្រី​ឱ្យដឹងថា ដុល្លា​រូបនីយកម្ម​បានកើត​ឡើង ក្នុងស្ថានភាព​ដែល​ជំនឿ​ទុកចិត្ត​លើ​ប្រាក់រៀល មាន​ភាពទន់ខ្សោយ ក្រោយពី​សង្គ្រាមស៊ីវិល​ជិត​៣​ទសវត្សរ៍ និង​ការហូរចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៃ​ប្រាក់​ដុល្លារ​អាមេរិក ក្នុងពេល​រៀបចំ​ការបោះឆ្នោត​សកល លើកដំបូង​នៅ​កម្ពុជា ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ហៅ​កាត់​ថា UNTAC នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០​។

​លោកស្រី​បាន​បញ្ជាក់ថា​៖«​ជា​ការពិត​ដុល្លា​រូបនីយកម្ម បានរួម​ចំណែក​ជួយ​ស្តារ​សេដ្ឋកិច្ច និង​អមដំណើរ​នៃ​ការសម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ជាមួយនឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​ចុងក្រោយ​នេះ​»​។​

​លោក Kazumasa Sanui ប្រធាន​តំណាង JICA ប្រចាំ​កម្ពុជា បាន​ថ្លែងថា ក្រៅពី​គម្រោង​សិក្សា​ស្រាវជ្រាវ​រួមគ្នា JICA កំពុងធ្វើការ​លើ​គម្រោង​បច្ចេកទេស​ថ្មីៗ​ផ្សេងៗ​ទៀត ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា សំដៅ​ពង្រឹងសមត្ថភាព​វិភាគ ស្រាវជ្រាវ និង​ប្រតិបត្តិការ​សេដ្ឋកិច្ច សម្រាប់​គោលនយោបាយ​រូបិយវត្ថុ​។​

​លោក​បាន​ថ្លែងបន្ដថា​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​ថា សៀវភៅ​នេះ​នឹង​ផ្តល់​គុណប្រយោជន៍​យ៉ាងច្រើន ដល់​អ្នកអាន​ដូចជា អ្នកតាក់តែង​គោលនយោបាយ អ្នកស្រាវជ្រាវ និង​សិស្ស​-​និស្សិត ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ដុល្លា​រូបនីយកម្ម និង​សេដ្ឋកិច្ច​»​។​

​ទោះយ៉ាងណា បើតាម​លោកស្រី​ទេសាភិបាល ដុល្លា​រូបនីយកម្ម​ខ្ពស់ បានដាក់​កំហិត​លើ​ការអនុវត្ត​នយោបាយ​រូបិយវត្ថុ ប៉ុន្តែ​ពេល​ទំហំ​សេដ្ឋកិច្ចកម្ពុជា​កើនឡើង​កាន់តែ​ធំ ការខ្វះ​លទ្ធភាព​ប្រើប្រាស់​នយោបាយ​រូបិយវត្ថុ ដោយ​ពេញលេញ ក៏​ធ្វើឱ្យ​សេដ្ឋកិច្ច​កាន់តែ​ងាយ​រងគ្រោះ ដែល​បណ្តាលឱ្យ​ពឹងផ្អែក​លើ​នយោបាយ​សារពើពន្ធ​។

​លោកស្រី ជា សិរី បានបញ្ជាក់​បន្ថែមថា​៖ «​បច្ចុប្បន្ន​ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់ លម្ហ​នយោបាយ​សារពើពន្ធ​បានរួម​តូច​ទៅៗ ដោយសារតែ​វិបត្តិ​ផ្ទួនៗ ហើយ​ប្រទេស​នានា លើ​ពិភពលោក​បាន​ពឹងផ្អែក​កាន់តែច្រើន លើ​នយោបាយ​រូបិយវត្ថុ ដើម្បី​ស្តារ​កំណើនសេដ្ឋកិច្ច​»៕