ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធ រួមជាមួយនឹងសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា កំពុងពិភាក្សាគ្នា ដើម្បីត្រៀមរៀបចំពិធីនាំចេញចំណិតដំឡូងមីក្រៀមទៅប្រទេសចិន នាពេលឆាប់ៗខាងមុខនេះ។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដឹកនាំដោយរដ្ឋមន្ត្រី្កក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឌិត ទីណា នៅទីស្តីការក្រសួង។ ក្នុងកិច្ចប្រជុំនេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានស្នើ លោករដ្ឋមន្ត្រី ចំនួន៣ចំណុច រួមមាន ទី១ ធ្វើលិខិតអញ្ជើញភាគីចិនចូលរួមដើម្បីគាំទ្រការនាំចេញ ទី២ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការងារស្រូវអង្ករ និងទី៣ ស្វែងរកការគាំទ្រពី នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមក្រសួងកសិកម្ម។ លោករដ្ឋមន្ត្រី បានទទួលយកសំណើទាំង៣ ដោយលោកបានបញ្ជាក់ថា៖«ក្រសួងនឹងជួយរៀបចំឱ្យមានការគាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀមនេះ។ ជាមួយគ្នានេះដែរ ក្រសួងនឹងជំរុញអ្នកវិនិយោគចិនឱ្យមកវិនិយោគបន្ថែមលើការងារស្រូវអង្ករ ព្រមទាំងផលិតផលសក្តានុពលផ្សេងទៀត ដូចជាស្វាយចន្ទី និងមៀនប៉ៃលិនជាដើម»។ បើតាមលោករដ្ឋមន្ត្រី ក្រសួងនឹងជំរុញសហគមន៍កសិកម្មគំរូថ្មី ដែលមានថវិកា ធនធានមនុស្ស មានបទពិសោធន៍ មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ រឹងមាំ និងមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ដែលកាត់បន្ថយថ្លៃដើមផលិត សម្រាប់ផ្គត់ផ្គង់ផលិតផលមានគុណភាពតាមតម្រូវការទីផ្សារ ប្រកបដោយនិរន្តរភាព។ នៅថ្ងៃដដែលនោះ លោក ឌិត ទីណា ក៏បានចូលរួមប្រជុំពីវឌ្ឍនភាពនៃការរៀបចំ USER REQUIREMENT សម្រាប់បញ្ចូលក្នុងកម្មវិធីទូរស័ព្ទដៃកសិកម្មឌីជីថល(Agri Digital App) ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ។ នាឱកាសនោះ លោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារឌីជីថលនៃក្រសួងកសិកម្ម សហសការគ្នាជាមួយក្រុមការងារនៃក្រសួងប្រៃសណីយ៍ឱ្យបានជិតស្និទ្ធ និងល្អប្រសើរ ដើម្បីធានាថា កម្មវិធីទូរស័ព្ទដៃកសិកម្មឌីជីថលដែលកំពុងផលិតនេះ បម្រើដល់សេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ មានសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ក្នុងការបញ្ជូន ក៏ដូចជាការចែករំលែកព័ត៌មានដល់កសិករ អំពីបច្ចេកទេសកសិកម្ម ទីផ្សារ និងការវិវត្តន៍ថ្មីៗនៅក្នុងវិស័យកសិកម្ម។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិនិត្យលើការតភ្ជាប់បណ្តាញ Internet ការវាយតម្លៃលើកម្រិតសុវត្ថិភាពនៃ Website ការដាក់ QR Code លើសញ្ញាបត្រគ្រឹះស្ថានឧត្តមសិក្សាទាំង ៣ និង Agri Digital App ផងដែរ។ ចំពោះជំនួបដាច់ដោយឡែកមួយទៀត ជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ PSEវិញ តំណាងអង្គការ PSE បានស្នើសុំកិច្ចសហការពីលោករដ្ឋមន្ដ្រី ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលជំនាញកសិកម្មដល់សិស្សរបស់ខ្លួន បន្ថែមពីលើជំនាញដែលមានស្រាប់ដូចជា វគ្គបណ្ដុះបណ្ដាលផ្នែកសណ្ឋាគារនិងបដិសណ្ឋារកិច្ច ពាណិជ្ជកម្ម និងជំនាញផ្សេងៗទៀត។ សម្រាប់ការស្នើរបស់ PSEនេះដែរ លោក ឌិត ទីណា បានស្វាគមន៍ និងបានគូសបញ្ជាក់ថា ក្រសួងនឹងគាំទ្រ និងសហការផ្ដល់ការបណ្ដុះបណ្ដាលផ្នែកកសិកម្មដល់សិស្សរបស់អង្គការ PSE។ លោកបានបញ្ជាក់ថា៖«គួរមានការសិក្សាបន្ថែមទៀត ថាតើក្រសួងកសិកម្មនិងអង្គការ PSE អាចសហការគ្នាក្នុងទម្រង់បែបណា ដើម្បីឱ្យសិស្សអាចទទួលបានវគ្គបណ្ដុះបណ្ដាលផ្នែកកសិកម្ម ដែលបម្រើដល់សេចក្ដីត្រូវការនៃទីផ្សារការងារពិតប្រាកដ។ សូមជម្រាបថា បច្ចុប្បន្ននេះ អង្គការ PSE កំពុងតែផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សដែលមានជីវភាពក្រខ្សត់យ៉ាងហោចណាស់ ៦ ៥០០នាក់ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ខណៈដែលទីផ្សារការងារកំពុងតែត្រូវការអ្នកជំនាញផ្នែកកសិកម្ម អង្គការ PSE រំពឹងថា ក្រសួងនឹងពិចារណាផ្ដល់ការគាំទ្រដល់អង្គការ ដើម្បីបណ្ដុះបណ្ដាលសិស្សរបស់ខ្លួន នៅក្នុងវិស័យកសិកម្មនេះ៕