ភ្នំពេញៈ វិស័យសំណង់ និងអចលនទ្រព្យនៅខេត្តព្រះសីហនុ ត្រូវបានរំពឹងថា នឹងមានភាពស្រស់ឡើងវិញជាបណ្តើរៗចាប់ពីពេលនេះតទៅ ដោយបច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយលើកទឹកចិត្តជាច្រើនដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរទៅកម្សាន្តឱ្យបានច្រើនក្នុងន័យធ្វើឱ្យសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចខេត្តមានភាពមមាញឹកដូចពេលមុនឆ្នាំ ២០២០។
ស្ថានភាពនៃវិស័យសាងសង់អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីចុងសប្តាហ៍ថា បច្ចុប្បន្នអគារទូទៅនៅខេត្តព្រះសីហនុដែលអាជ្ញាធរចាត់ទុកជាអគារខ្ពស់ គឺមានជាង ១ ០០០ អគារ ដោយអគារខ្លះបានសាងសង់ និងបើកឱ្យដំណើរការរួចហើយ ខណៈខ្លះទៀតមិនទាន់បើកដំណើរការ និងខ្លះទៀតនៅជាប់គាំងមិនទាន់បញ្ចប់ការសាងសង់។
លោកបន្តថា កន្លងមករដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានតួនាទីក្នុងការដឹកនាំ និងមានការចូលរួមពីអង្គភាពពាក់ព័ន្ធរួមទាំងអាជ្ញាធរខេត្តផងនោះ បានដាក់ចេញយន្តការដោះស្រាយបញ្ហាអគារជាប់គាំង រួមមានដូចជា គោលនយោបាយលើកទឹកចិត្ត និងផ្នែកពន្ធជាដើម ដើម្បីធ្វើយ៉ាងណាជំរុញការដ្ឋានជាប់គាំងឱ្យបន្តបញ្ចប់ការសាងសង់ និងបើកដំណើរការ។
លោកថ្លែងថា៖ «បច្ចុប្បន្នអាជ្ញាធរពាក់ព័ន្ធកំពុងខិតខំដើម្បីធ្វើយ៉ាងណាឱ្យគេមកវិនិយោគ និងបង្កើតទីផ្សារឡើងវិញ ព្រោះនៅពេលមានទីផ្សារថ្មីៗទើបសកម្មភាពនានាតាមអគារអាចដើរទៅមុខបាន។ អគារជាប់គាំងដែលនៅសល់ មានន័យថា ជាអគារដែលបានបាត់បង់ទីផ្សារ។ អ៊ីចឹងយើងត្រូវតែបង្កើតទីផ្សារ ដ៏ដូចជាដាក់ចេញគោលនយោបាយលើកទឹកចិត្ត និងការចូលរួមរបស់វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ទើបធ្វើឱ្យទីផ្សារនេះដំណើរការល្អឡើងវិញបាន»។
លោកបន្ថែមថា បើកិច្ចការនេះដំណើរការទៅមុខ និងដើរស្របជាមួយប្លង់គោលអភិវឌ្ឍន៍ខេត្តព្រះសីហនុ (តំបន់សេដ្ឋកិច្ចពិសេសពហុបំណង) វានឹងបង្កើនភាពទាក់ទាញសម្រាប់អ្នកវិនិយោគ។
លោកបន្តថា៖«ខ្ញុំគិតថា វានឹងបានចូលរួមចំណែកជួយទាក់ទាញអ្នកវិនិយោគទាំងខ្មែរ និងបរទេស ដើម្បីអាចធ្វើឱ្យខេត្តព្រះសីហនុដំណើរការសេដ្ឋកិច្ចល្អឡើងវិញ ព្រោះវាជាច្រកចេញចូលរបស់ប្រទេសកម្ពុជាដែលអាចធ្វើឱ្យប្រទេសទាំងមូលទទួលបានភោគផលនៃការអភិវឌ្ឍសេដ្ឋកិច្ច»។
បើតាមលោក ឌីម៉ង់ បច្ចុប្បន្នអគារដែលសាងសង់រួច ប៉ុន្តែមិនទាន់ដំណើរការក្នុងខេត្តព្រះសីហនុមានប្រមាណជាង ១៧០ អគារ និងអគារសាងសង់មិនទាន់រួច និងត្រូវជាប់គាំងមានជាង ៣៦០ អគារ។
ស្ថានភាពទីផ្សារអចលនទ្រព្យប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រះសីហនុ លោក អឹុម សេងហួ បាននិយាយថា ការត្រឡប់មកវិញជាបណ្តើរៗរបស់វិនិយោគិនបរទេស ពិសេសជនជាតិឥណ្ឌូនេស៊ី និងចិនបានជំរុញឱ្យការដ្ឋានមួយចំនួនដែលជាប់គាំងជាង ៣ ឆ្នាំកន្លងមកចាប់ផ្តើមការសាងសង់ឡើងវិញ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការទីតាំងជួលបើកអាជីវកម្ម ប៉ុន្តែសម្រាប់ទីផ្សារទិញ-លក់ គឺនៅតែបន្តស្ងប់ស្ងាត់។
លោកបានប្រាប់ថា៖«មួយរយៈចុងក្រោយនេះខ្ញុំសង្កេតឃើញអគារដែលគេទុកចោល ២-៣ ឆ្នាំកន្លងមក បានចាប់ផ្តើមបន្តការសាងសង់ឡើងវិញ ព្រោះតែកំណើននៃតម្រូវការជួល ជាពិសេសពីសំណាក់វិនិយោគិនឥណ្ឌូនេស៊ី និងចិនទាំងកន្លែងស្នាក់នៅ និងបើកអាជីវកម្ម»។
សម្រាប់តម្លៃអចលនទ្រព្យក្នុងក្រុងព្រះសីហនុ ពេលនេះ គឺតំបន់ល្អបំផុត (ចាប់ពីឆ្នេរអូរឈើទាល ដល់អូត្រេះ) មានតម្លៃក្នុងរង្វង់ ២ ៥០០-៣ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងតំបន់ជាយក្រុងតម្លៃពី ១៥០ ដុល្លារឡើងទៅ។ តម្លៃនេះបើធៀបនឹងដើមឆ្នាំ ២០២៣ គឺធ្លាក់ចុះខ្លះ ព្រោះចំនួនអ្នកចង់លក់ច្រើនជាងអ្នកចង់ទិញ។
លោកបញ្ជាក់ថា៖«នៅចុងឆ្នាំនេះ និងក្នុងឆ្នាំ ២០២៤ សម្រាប់ការទិញ-លក់អចលនទ្រព្យនៅខេត្តព្រះសីហនុ ខ្ញុំគិតថា នឹងមិនទាន់ល្អលើសដើមឆ្នាំ ២០២៣ ឡើយ ប៉ុន្តែវាអាចចាប់ផ្តើមមានសញ្ញាល្អប្រសើរពីឆ្នាំ ២០២៥ តទៅ។ សម្រាប់ទីផ្សារជួល គឺមិនមានបញ្ហាអ្វីឡើយ»។
គោលនយោបាយរបស់រដ្ឋាភិបាលក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ«វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ» កាលពីថ្ងៃទី ៣១ តុលា លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។ វិធានការជាកញ្ចប់ដើម្បីដោះស្រាយគឺឈរលើគោលការណ៍ចំនួន ២ គឺ ទី១ អគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ចប់ និងទី២ អគារដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬធុរកិច្ច។
លោកបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី ៧ បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដែលតាមរយៈនេះរាជរដ្ឋាភិបាលកម្ពុជានឹងផ្តោតអាទិភាពលើការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វិស័យមួយចំនួន៕