​ភ្នំពេញៈ ក្រុមហ៊ុន Cambodia Investment Management (CIM) និង​ក្រុមហ៊ុន​ Tanncam Investment Pte​ បានក្លាយ​ជា​ភាគ​ទុ​និក​យុទ្ធសាស្ត្រ​ ដែល​រួមបញ្ចូល​គ្នា ៤០ ភាគរយ​នៃ​ក្រុមហ៊ុន OBORManagement Management​ ដើម្បី​ពង្រីក​បន្ថែម​នូវ​អាជីវកម្ម​របស់ខ្លួន​នៅ​កម្ពុជា​។​


​កិច្ចសហការ​គ្នា​រវាង​ក្រុមហ៊ុន ​OBOR Management ក្រុមហ៊ុន CIM និង​ក្រុមហ៊ុន ​Tanncam ​គឺ​បង្ហាញ​អំពី​ចក្ខុវិស័យ​រួម​សម្រាប់​អនាគត​ហិរញ្ញវត្ថុ​របស់​កម្ពុជា ហើយ​វា​ក៏​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ពួកគេ​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ជា​យុទ្ធសាស្ត្រ​ដល់​អាជីវកម្ម​នៅ​កម្ពុជា និង​ឱកាស​វិនិយោគ​ដល់​វិនិយោគិន​អន្តរជាតិ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​រួម​របស់​ក្រុមហ៊ុន​។​



​លោក Christophe Forsinetti​ប្រធាន​ក្រុមហ៊ុន ​OBOR បានឱ្យដឹងថា ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​CIM និង​ក្រុមហ៊ុន​Tanncam​ជា​ពេលវេលា​ដ៏​សំខាន់​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​កំណើន​របស់​ក្រុមហ៊ុន​។​


​លោក​ថ្លែងថា​៖ «​យើង​មាន​សេចក្តីរំភើប​ចំពោះ​ការរួមបញ្ចូល​គ្នា​នេះ និង​ឱកាស​ដែល​កិច្ចសហការ​នេះ​នឹង​នាំមក​នូវ​ភាព​ឈានមុខ​គេ​។ វា​ស្របតាម​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​ផ្តល់នូវ​សេវា​ហិរញ្ញវត្ថុ​សាជីវកម្ម និង​ប្រឹក្សា​យោបល់ ដ៏​សំខាន់​ដល់​អតិថិជន​របស់​យើង​»​។​



​លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodian Investment Management Holding បានឱ្យដឹងថា ក្រុមហ៊ុន​ CIM មាន​វត្តមាន​រយៈពេល ១៤ ឆ្នាំ​នៅ​កម្ពុជា ដែល​ផ្តល់នូវ​សេវាកម្ម​អាជីវកម្ម​ជាច្រើន​ប្រភេទ​។​


​លោក​លើកឡើងថា​៖ «​រួមគ្នា​ជាមួយ​ក្រុមហ៊ុន ​Tanncam​ យើង​គឺជា​វិនិយោគិន​ប្រកបដោយ​ទំនុកចិត្ត និង​ជា​អ្នកគាំទ្រ​ដ៏​ខ្ជាប់ខ្ជួន​របស់​កម្ពុជា​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ទីផ្សារ​មូលធននឹង​ក្លាយជា​កាតាលីករ​ដ៏​សំខាន់​សម្រាប់​ដំណាក់កាល​បន្ទាប់​នៃ​កំណើន និង​ការពង្រីក​សេដ្ឋកិច្ច​របស់​កម្ពុជា​»​។​


​លោក​បញ្ជាក់ថា ខណៈពេលដែល​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ជា​ទិដ្ឋភាព​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច ទីផ្សារ​ហិរញ្ញវត្ថុ​ដើរតួ​យ៉ាងសំខាន់ ជា​អ្នកផ្តល់​មូលធន និង​សន្ទនីយ​ភាព​ដល់​រដ្ឋាភិបាល អាជីវកម្ម និង​សហគ្រិន​។​


​លោក​ថា​៖«​ខ្ញុំ​រំពឹងថា ក្រុមហ៊ុន OBOR Management នឹង​បំពេញ​តួយ៉ាង​សំខាន់​ក្នុងការ​បង្កើត​ភាព​មើលឃើញ ទំនុកចិត្ត និង​លំហូរ​វិនិយោគ​ចូលទៅ​ទីផ្សារ​មូលធន​នៅពេល​ពួកគេ​អភិវឌ្ឍ​»​។​


​ក្នុង​រយៈពេល ៦​ ឆ្នាំ ​កន្លងមកនេះ ក្រុមហ៊ុន OBOR Management បាន​តាំងខ្លួន​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា ដោយ​វិនិយោគ​លើ​ផលប​ត្រ​ចម្រុះ​របស់​ក្រុមហ៊ុន​។ ក្រុមហ៊ុន​នេះ បាន​គ្រប់គ្រង និង​ចាក​ចេញពី​គម្រោង​យ៉ាងសកម្ម ដោយ​សម្រេចបាន​ចន្លោះ​ពី ១៥ ភាគរយ ទៅ ​១០០ ​ភាគរយ ​នៃ​ផលចំណេញ​ផ្ទៃក្នុង ​(IRR)​ ប្រចាំឆ្នាំ​លើ​ការវិនិយោគ​មួយចំនួន​របស់ខ្លួន​។​

បច្ចុប្បន្ន​ក្រុមហ៊ុន OBOR Management កំពុងធ្វើការ​លើ​ការបង្កើត​មូលនិធិ​គ្រប់គ្រង​ដោយ​ផ្តោតលើ​សហគ្រាស​ធុន​តូច និង​មធ្យម​ដំបូង​គេ​នៅ​កម្ពុជា ដើម្បី​ដោះស្រាយ​គម្លាត​ហិរញ្ញវត្ថុ ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ខណៈពេលដែល​ផ្តល់​ផលិតផល​វិនិយោគ​ដល់​វិនិយោគិន​ក្នុងស្រុក​៕