ភ្នំពេញៈ វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​រំពឹងថា នឹង​អាច​ស្រូប​ទាញ​ភ្ញៀវទេសចរ​ឱ្យទៅ​កម្សាន្ត​កាន់តែច្រើន​ចាប់ពី​ដើមឆ្នាំ​​ ២០២៤ ខាងមុខ​តទៅ ខណៈ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន ម៉ា​ណែ​ត បាន​ប្រ​កាស​ដាក់ចេញ​កម្មវិធី​ «​ទស្សនា​ខេត្តសៀមរាប ឆ្នាំ ២០២៤»​។​

​ថ្លែង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន លើក​ទី​ ១៩ ដែល​រៀបចំ​នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ ​២០២៣ លោក ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា ទេសចរណ៍ គឺជា​វិស័យ​ដ៏​សំខាន់​មួយ​ដែល​បានផ្តល់​នូវ​ការងារ​ជាច្រើន​ដល់​ប្រជា​ពល​​រដ្ឋ​កម្ពុជា និង​បានរួម​ចំណែក​យ៉ាងច្រើន​នៅក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ នៅមុន​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ ១៩​។ លោក​បន្ថែមថា​គ្រប់គ្នា​ដឹង​ហើយ​ថា វិស័យ​ទេសចរ​ណ៍​បាន​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ដែល​បានអូសបន្លាយ​ពេលមកដល់​ពេលនេះ​។​


ជាការ​ពិត​ទោះ​ពេលនេះ​ចំនួន​ភ្ញៀវទេសចរ​ (​បរទេស​)​ មាន​កំណើន ប៉ុន្តែ​មិនទាន់​ដល់​កម្រិត​មុនពេល​មាន​វត្តមាន​ជំងឺ​កូ​វីដ​ទេ ហើយ​ការកើនឡើង​នេះ​ទៀតសោត​ក៏មាន​ស្ថាន​ភាពមិន​ដូចគ្នា​នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់​ជាពិសេស​ខេត្ត​សៀម​​រាប ដែលជា​ខេត្ត​ទេសចរណ៍​ដ៏​ធំ​មួយ​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​យើង​ទាំង​អស់​គ្នា​ទទួលស្គាល់ថា ខេត្ត​សៀមរាប​ទទួលរង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ជាងគេ​នៅក្នុង​ចំណោម​បណ្តា​គោលដៅ​ទេសចរណ៍​ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា ពិសេស​នាពេល​បច្ចុប្បន្ន​។ ក្នុងន័យនេះ​រាជរដ្ឋាភិបាល​ពិត​ជាមាន​ភាពចាំបាច់​ក្នុងការ​ដាក់ចេញ​នូវ​វិធានការ​ពិសេស​នានា​ដើម្បី​លើកស្ទួយ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ឱ្យ​ល្អប្រសើរ​ឡើងវិញ​»​។​


លោក​បន្ថែមថា នៅពេល​ស្ថានភាព​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ ក៏​នឹង​ជះ​ឥទ្ធិ​ពល​ដល់​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ទូទាំងប្រទេស​ផងដែរ​។ ពិតណាស់​ការផ្តោត​លើ​ខេត្ត​សៀមរាប មិនមែន​មានន័យថា រាជរដ្ឋាភិបាល​មិន​គិតគូរ​ពី​វិស័យ​ទេសចរណ៍​នៅ​កន្លែង​ផ្សេង​នោះទេ ប៉ុន្តែ​ជា​ជំហាន​ចំពោះមុខ គឺ​ការផ្តោត​ការយក​ចិត្ត​ទុកដាក់​ជាពិសេស​ខេត្ត​សៀមរាប តាម​ការដាក់ចេញ​វិធានការ​ផ្សេងៗ ដើម្បី​យើង​ឈានទៅដល់​ការ​ទាញ​ទេស​ចរមក​កម្ពុជា​។​

លោក​បាន​បន្ថែមថា​៖ «​នៅ​ក្នុងន័យនេះ​ខ្ញុំ​សូម​ប្រកាសជូន​ជនរួមជាតិ ទាំង​នៅ​ទីនោះ​ថា រាជរដ្ឋាភិបាល​បាន​ផ្តួចផ្តើម​ដាក់ចេញ​នូវ​កម្មវិធី​ពិសេស​មួយ​គឺ​«​ទស្សនា​សៀមរាប ឆ្នាំ​២០២៤» ដែល​ក្នុង​កម្មវិធី​នេះ​រាជរដ្ឋាភិបាល​នឹង​ដាក់ចេញ​វិធានការ​មួយចំនួន​សំដៅ​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប​មាន​សម្ទុះ​ងើបឡើង​វិញ​»​។​

​យោងតាម​លោកនាយក​រដ្ឋមន្ត្រី វិធានការ​សំខាន់ៗ​ដើម្បី​លើកកម្ពស់​វិស័យ​ទេស​ចរណ៍​នៅក្នុង​ខេត្តសៀមរាប មានដូចជា ការលើកកម្ពស់​ការ​ធ្វើ​បដិសណ្ឋារកិច្ច​តាម​ព្រំ​ដែន​, ការបំពេញ​ឯកសារ​តាម​អន​ឡាញ​, ការពង្រឹង​សន្តិ​សុខ​, ការតភ្ជាប់​កាមេរ៉ា​សុវត្ថិ​ភាព​, ការពង្រឹង​វិសាលភាព​នៃ​បណ្ណ​ព្រំដែន​, ការពិនិត្យ​លើ​លទ្ធភាព​ក្នុងការ​ផ្តល់​ឥណ​ទាន​សម្រាប់​ប្រតិបត្តិការ​ទេស​ចរណ៍​នៅ​ខេត្តសៀមរាប​, ការលើក​លែង​ពន្ធ​មួយចំនួន​សម្រាប់​អាជីវកម្ម​នៅក្នុង​វិស័យ​ទេស​ចរណ៍​ក្នុង​ខេត្តសៀមរាប​, ការ​លើកលែង​ប្រាក់​ពិន័យ​អន្តរកាល​លើ​អាជ្ញាប័ណ្ណ​មគ្គុទ្ទេសក៍​​ទេសចរ និង​អ្នកបកប្រែ​... ជំរុញ​ការតភ្ជាប់​ជើង​ហោះ​ហើរ​ពី​គោលដៅ​សំខាន់ៗ ការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សោ​ភណ​ភាព និង​ការផ្សព្វផ្សាយ​ជាដើម​។​

ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលទស្សនាប្រាសាទអង្គរវត្ត នាពេលកន្លងទៅ។ហុង មិនា

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់ថា ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប ពិតជា​រីករាយ​ក្នុងការ​រង់ចាំ​ទទួលភ្ញៀវ​ទេសចរ​ឱ្យមក​កម្សាន្ត​នៅ​ខេត្តសៀមរាប ខណៈ​បច្ចុប្បន្ន​ចំនួន​ភ្ញៀវ​បរ​ទេស​ដែល​មក​កម្សាន្ត​នៅតាម​ប្រាសាទបុរាណ​នានា​នៅមាន​ចំនួន​តិចតួច​នៅឡើយ​បើ​ធៀប​នឹង​មុន​ឆ្នាំ​ ២០២០​។ លោក​បន្តថា ផ្នែក​ឯកជន​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការទទួល​ភ្ញៀវទេសចរ​ពី​គ្រប់​តំបន់​។​

​លោក​និយាយថា​៖ «​យើង​ពិតជា​រីករាយ​ចំពោះ​អ្វីដែល​រាជរដ្ឋាភិបាល​បានកំណត់ នឹង​រំពឹងថា​នឹងមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ចូលមក​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប​»​។​

លោក​បន្ថែមថា ទោះ​យ៉ាង​ណា​អាជ្ញាធរ​ក៏ត្រូវ​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់​លើ​បញ្ហា​អ​នា​ម័​យ និង​ការគ្រប់គ្រង​សំ​ណ​ល់​នៅតាម​ទីសាធារណៈ​ផងដែរ​។​

ទិន្នន័យ​មន្ទីរ​ទេសច​រណ៍​ខេត្តសៀមរាប ឱ្យដឹងថា គិត​ត្រឹម​រយៈពេល ៩ ​ខែ នៃ​ឆ្នាំ ២០២៣ ខេត្តសៀមរាប​មាន​អាជីវកម្ម​ទេសចរណ៍​កំ​ពុង​ដំណើរ​ការសរុប ៨៣១​ កន្លែង​ស្មើនឹង​ជាង ៧១ ភាគរយ​នៃ​អាជីវកម្ម​សរុប​ក្នុង​ខេត្ត​សៀម​រាប ចំនួន ១ ១៦៥​ កន្លែង​មានដូចជា សេវាកម្ម​ស្នាក់នៅ​សណ្ឋាគារ និង​ភោជនីយដ្ឋាន ជាដើម​។​

យោងតាម​ក្រសួង​ទេស​​ចរណ៍ ចាប់ពី​ខែមករា ដល់​ខែ​កញ្ញា ឆ្នាំ ​២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប ៣,៩២​ លាន​នាក់ កើនឡើង ២១០,២ ​ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ១,២៦​ លាន​នាក់​។​

​ក្នុងចំណោម​ភ្ញៀវ​ខាងលើ គឺ​ភ្ញៀវ​ជនជាតិ​ថៃ មាន​ចំនួន ១,៣៣ ​លាន​នាក់ (​ស្មើ ៣៤,១​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​) កើនឡើង ១៨៩,៥​ ភាគរយ​, វៀតណាម ៧៣០ ០៧៥​ នាក់ ​(១៨,៦​ ភាគរយ​) កើន ១៥៦ ភាគរយ​, ចិន ៤០៥ ៥១៤​ នាក់ ​(១០,៣​ភាគរយ​) កើន ៥៤៩,៦​ ភាគ​​រយ​, និង​ឡាវ ២៥១ ៦៥៨ ​នាក់ (៦,៤​ភាគរយ​) កើន ៥៤៨,៩​ ភាគរយ​។​

​ចំពោះ​ភ្ញៀវ​មកពី​ប្រទេស​សំខាន់ៗ​ផ្សេងទៀត​មានដូចជា អាមេរិក​, កូរ៉េ​, ឥណ្ឌូនេស៊ី​, បារាំង​, រុស្ស៊ី​, និង​ចក្រភព​អង់គ្លេស ជាដើម​។ ឆ្នាំ​ ២០១៩ គឺជា​ពេលដែល​កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរ​ជាតិ​ច្រើន​បំផុត ដោយមាន​ចំនួន ៦,៦១​ លាន​នាក់ កើនឡើង ៦,៦​ភាគរយ​ធៀប​ឆ្នាំ​ ២០១៨​។ ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​ជាប់​ព្រំ​ប្រ​ទល់​ទាំង​ ៣ មាន​ចំនួន​សរុប​ ១ ៦០៨ ៦២៥ ​នាក់​៕​