​ភ្នំពេញៈ អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) បាន​លើកឡើងថា ការតភ្ជាប់​ជាមួយ​ប្រព័ន្ធ CamDX ​កាលពីពេល​ថ្មីៗ​នេះ នឹង​អនុញ្ញាត​ដល់​សាធារណជន​អាចធ្វើ​ការបើក​គណនី​ជូ​ញ​ដូរ​បាន​ភ្លាមៗ ដែលជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​ក្នុងការ​សម្រួល​ដល់​វិនិយោគិន​សាធារណៈ​លើ​ផ្សារ​ហ៊ុន​កម្ពុជា​។​

​លោក ហុង សុ​ហួរ បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គោលដៅ​ដែល​ CSX ចូល​ជា​សមាជិក CamDx​​ គឺ​ដើម្បី​ជំរុញ​ការបើក​គណនី​ជូ​ញ​ដូរ​ឱ្យ​កាន់​តែមាន​ភាពរលូន​ជាង​មុន​តាមរយៈ​អន​ឡាញ ដូច្នេះ​សាធារណជន ​ដែល​គាត់​ចង់​បើក​គណនី​តាម​បណ្តាញ​អន​ឡាញ​យ៉ាង​ងាយស្រួល និង​បញ្ចៀស​ការភាន់ច្រឡំ​នានា និង​គ្មាន​ការ Hack ចូល​គណនី​ឡើយ​។ ដូច្នេះ​ចូល​សមាជិក​នៃ CamDX ​នេះ ដោយសារតែ CSX ទទួលបាន E-KYC  (​ស្គាល់​អតិថិជន​របស់​អ្នក​) ក្នុងការ​ផ្ទៀងផ្ទាត់​អត្ត​ស​ញ្ណា​ប័ណ្ណ​បាន​ភ្លាមៗ​តែម្តង​។​


​លោក​បាន​ថ្លែងថា​៖«​ជាមួយ​សេវា​បែបនេះ ប្រជាពលរដ្ឋ​យើង​នៅ​ទូទាំងប្រទេស​ឬ​នៅ​បរទេស​ក៏ដោយ ឱ្យតែ​ពួកគាត់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ពិត​ប្រា​ដក​នៅក្នុង​ទិន្នន័យ​របស់​ក្រសួងមហាផ្ទៃ​គឺ​គ្រប់គ្នា​សុទ្ធតែ​អាច​បើក​គណនី​ជួញដូរ​បាន​ភ្លាមៗ​ដើម្បី​ជូ​ញ​ដូរ​ភ្លាមៗ​ផងដែរ​»​។​

«​ដូច្នេះ​ការចុះបញ្ជី​តាម​អន​ឡាញ​នេះ​យើង​បាន យើង​ក៏​ទើបតែ​ភ្ជាប់​បណ្តាញ​ជាមួយ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ដើម្បី​អនុញ្ញាតឱ្យ​វិនិយោគិន​ទទួលបាន​អត្តសញ្ញាណ​វិនិយោគិន​ភ្លាមៗ​។ ឥឡូវ​យើង​ភ្ជាប់​ជាមួយ CamDX​ គឺ​ដើម្បី​ផ្ទៀ​ត​ផ្ទាត់​អត្តសញ្ញាណ​របស់​អតិថិជន​បាន​ភ្លាមៗ​»​។ នេះ​បើ​យោងតាម​លោក សុ​ហួរ​។​


​លោ​កថា​ នាពេលខាងមុខ ​យើង​នឹង​បន្ត​ភ្ជាប់​ជាមួយ​ធនាគារ​ផ្សេងៗ​ ដើម្បី​ធ្វើការ​ផ្ទេរប្រាក់​ឬ​ទិញ​ភាគហ៊ុន​បាន​ភ្លាមៗ​
​កាលពី​ថ្ងៃទី​២៥ ខែតុលា CSX និង និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា បានធ្វើការ​រត​ភ្ជាប់​ប្រព័ន្ធ​ផ្តល់​លេខ​អត្តសញ្ញាណ​វិនិយោគិន​របស់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា និង​ប្រព័ន្ធ​បើក​គណនី​ជួញដូរ​តាម​អន​ឡាញរ​បស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។

ការតភ្ជាប់​ប្រព័ន្ធ​នេះ គឺជា​ការពង្រឹង​ចំណង​ការងារ​រវាង និយតករ និង​ប្រតិបត្តិ​ករ ដើម្បី​ផ្លាស់ប្តូរ និង​ចែករំលែកព័ត៌មាន​, ការត្រួត​ពិនិត្យមើល​ទីផ្សារ​, និង​ពិសេស​គឺ ការ​អនុ​ញ្ញ​ត​ឱ្យមាន​ការទទួលបាន​លេខ​អត្តសញ្ញាណ​វិនិយោគិន និង​បើក​គណនី​ជួញដូរ​បាន​ភ្លាមៗ​បន្ទាប់ពី​វិនិយោគិន​បាន​ស្នើសុំ​ទៅកាន់​ក្រុមហ៊ុន​មូល​ប​ត្រ​។

​លើសពីនេះទៅទៀត ​ការតភ្ជាប់​នេះ​ បាន​បង្កើត​នូវ​ភាព​ពេញលេញ​នូវ​ការបង្កើត​ប្រព័ន្ធ​បើក​គណនី​ជួញដូរ​តាម​អន​ឡាញ​និង​ប្រព័ន្ធ​ថ្មី​មួយ​ សម្រាប់​ក្រុមហ៊ុន​មូល​ប​ត្រ​ ក្នុងការ​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន និង​បើក​គណនី​ជូន​វិនិយោគិន​បាន​ភ្លាមៗ ក្នុង​ប្រព័ន្ធ​តែមួយ​។​

​បើ​យោងតាម​លោក សុ​ហួរ បច្ចុប្បន្ន​ មាន​ក្រុមហ៊ុន​មូល​ប​ត្រ​ចំនួន​ ៥ ​បាន​ចុះឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​របស់ ​CSX ដែលមាន​ក្រុមហ៊ុន​មូល​ប​ត្រអ​អេ​ច​ប៊ី ស៊ី​ឃ្យួ​រឹ​ធី​,​កា​ណា ស៊ី​ឃ្យួ​រឹ​ធី​, អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី​,​ខេ​ម​បូ​ឌា ស៊ី​ឃ្យួ​រឹ​ធី​,​និង​កម្ពុ ស៊ី​ឃ្យួ​រឹ​ធី​។

លោក​បាន​ថ្លែងថា​៖«​ចាប់ពី​ដើមឆ្នាំ​រហូតដល់​ដំណាច់ឆ្នាំ ២០២៣​ នេះ យើង​នឹង​ទទួលបាន​វិនិយោគិន​ថ្មី​ សរុប​ប្រមាណ ១៣០០០​ នាក់ ប៉ុន្តែ​នៅ​ឆ្នាំ ២០២៤ យើង​រំពឹងថា ​នឹង​ទទួលបាន​វិនិយោគិន​ថ្មី ប្រមាណ​ ៣ ​ម៉ឺន ដល់ ៥​ ម៉ឺន​នាក់ បន្ទាប់ពី​វិនិយោគិន ​អាច​បើក​គណនី​តាម​អន​ឡាញ​បាន​ដោយ​ងាយស្រួល​»៕