ភ្នំពេញៈ អាជ្ញាធរខេត្ត​កែប​រំពឹងថា ​នឹងមាន​ភ្ញៀវទេសចរ​មក​ចូលរួម​លើសពី ១០​ ​ម៉ឺន​នាក់​ ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​១០ នៅ​ដើមខែ​ធ្នូ​ខាង​មុខ ខណៈ​ការរៀបចំ​ទីតាំង និង​ការកែលម្អ​សោភណភាព​ខេត្ត​​ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​កំពុងដំណើរការ​ទៅមុខ​យ៉ាង​រលូន​។ នេះ​បើ​យោងតាម​លោក សោម​ពិសិដ្ឋ អភិបាលខេត្ត​កែប។

​ឆ្នាំ​ ២០២៣ គឺជា​លើក​ទី​១០ ដែល​ប្រទេស​កម្ពុជា​រៀបចំ​ពិធី​បុណ្យ​សមុទ្រ ខណៈ​ជា​លើក​ទី​៣ សម្រាប់​ខេត្ត​កែប​ដែល​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​លើក​ទី១ កាល​ពី​ឆ្នាំ​ ២០១៣ និង​លើក​ទី២ ឆ្នាំ​ ២០១៧​។ កាលពី​ឆ្នាំ ​២០២២ បុណ្យ​សមុទ្រ​ត្រូវបាន​រៀបចំ​នៅ​ខេត្ត​ព្រះសីហនុ​។ បុណ្យ​សមុទ្រ​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ​(​លើកលែង​អំឡុងពេល​រីក​រាលដាល​កូ​វីដ​​ ១៩) ដោយ​ប្តូរ​វេន​រវាង​ខេត្ត​នៅជាប់​សមុទ្រ​ទាំង ៤ គឺ​ខេត្ត​កែប ព្រះសីហនុ កំពត និង​ខេត្តកោះកុង។​


សេចក្តីជូនដំណឹង​ពី​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃទី​ ៣ ខែ​វិច្ឆិកា ឱ្យដឹងថា ក្រសួង​ទេសចរ​ណ៍​រួមសហការ​ជាមួយ​សាលា​ខេត្ត​កែប សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ផ្នែក​ឯកជន នឹង​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​១០ ក្រោម​ប្រធានបទ​ «​ទាំង​អស់​គ្នា​ដើម្បី​ទេសចរណ៍​»​ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​ ១-៣ ខែ​ធ្នូ ឆ្នាំ​ ២០២៣ នៅ​ខេត្ត​កែប​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ភរិយា​នឹងចូលរួម​ក្នុង​ពិធី​បើក​ផ្លូវការ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១០ នៅ​ខេត្ត​កែប នា​ថ្ងៃទី​ ២ ខែធ្នូ ឆ្នាំ ២០២៣​។​


​លោក សោម ពិសិដ្ឋ អភិបាល​​ខេត្ត​កែប បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៤ ខែវិច្ឆិកា​ថា តាម​ផែនការ​របស់​អាជ្ញាធរ​ខេត្ត គឺ​ការកសាង កែលម្អ និង​សម្អាត​ទីតាំង​នានា​ដើម្បី​រៀបចំ​បុណ្យ​សមុទ្រ នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី ​២៥ ខែវិច្ឆិកា ដើម្បី​ទុកពេល ៥ ​ថ្ងៃ​ ធ្វើការ​ត្រួតពិនិត្យ និង​កែលម្អ មុន​ពិធី​ផ្លូវការ​ចាប់ផ្តើម​។ លោក​ប្រាប់ទៀតថា ពិធីបុណ្យ​សមុទ្រ គឺជា​ឱកាស​មួយ​សម្រាប់​ផ្សព្វ​ផ្សាយ​ឱ្យ​ភ្ញៀវទេសចរ​ស្គាល់​ពី​សក្តានុពល​របស់​ខេត្ត​ជាប់មាត់​សមុទ្រ​កម្ពុជា​កាន់តែច្រើន​។​

​លោក​បញ្ជាក់ថា​៖ «​រយៈពេល ៣ ​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ យើង​រំពឹងថា ​នឹងមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មិនតិចជាង ១០ ​ម៉ឺន​នាក់​នោះទេ​ដែល​មក​ចូល​​រួម ខណៈ​អាជ្ញាធរខេត្ត និង​ផ្នែក​ពាក់ព័ន្ធ​បាន​ត្រៀម​លើ​កិច្ចការ​នេះ​រួចហើយ​»​។​

​លោក​ប្រាប់ទៀតថា សម្រាប់​កន្លែង​ស្នាក់​ក្នុង​ខេត្ត​កែប គឺមាន​ជាង ១ ០០០ ​បន្ទប់​។ ដោយ​​ឡែក​ការអប់រំ និង​ណែនាំ​ដល់​អាជីវករ​ទាក់ទង​នឹង​ការកំណត់​តម្លៃ គឺ​ត្រូវបានធ្វើ​ជាប្រចាំ​។​

​លោក​ថ្លែងថា​៖ «​យើង​បានធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យមាន​ភាពស្រស់​បំព្រង និង​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ឱ្យ​ចូលមក​កាន់តែច្រើន ប៉ុន្តែ​អ្នក​និយាយ​អវិជ្ជមាន​គឺ​នៅតែមាន​»​។​

​បើតាម​លោក ពិសិដ្ឋ នៅក្នុង​ខេត្ត​កែប គឺមាន​តំបន់​ទេសចរណ៍​ដីគោក និង​លើ​កោះ សរុប​ចំនួន ៣៨ ​ទីតាំង​។​

​អ្នកនាំពាក្យ​ក្រសួង​ទេសចរ​ណ៍ លោក តុ​ប សុភ័ក បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុមការងារ​ក្រ​​សួង​ទេសចរណ៍ និង​ផ្នែក​ពាក់​​ព័ន្ធ​កំពុងធ្វើការ​ងារ​ជាច្រើន​ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ លើក​ទី​១០ ឱ្យ​ដំណើរការ​ទៅមុខ​ដោយ​រលូន​។ ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅពេល​ខាងមុខ នឹងមាន​សកម្មភាព​សំខាន់ៗ​ជាច្រើន ដូចជា ការសម្ដែង​សិល្បៈ ការប្រគំ​តន្ត្រី ការបាញ់​កាំជ្រួច ការតាំង​ផលិតផល​ទេសចរណ៍ និង​គម្រោង​អភិវឌ្ឍន៍​ទេសចរ​​ណ៍​តំបន់ឆ្នេរ ផលិតផល​ទូទៅ សកម្មភាព​កីឡា និង​ការលក់​ម្ហូបអាហារ និង​ភេសជ្ជៈ​។​

​ទាក់ទង​ការចូលរួម​របស់​ផ្នែក​ឯកជន លោក​ប្រាប់ថា​៖ «​មិនទាន់មាន​ទិន្នន័យ​ច្បាស់លាស់​ទេ ដោយ​ចំនួន​ក្រុមហ៊ុន​មក​ចុះ​ឈ្មោះ​បាន​កើន​ជា​បន្តបន្ទាប់​»​។​

​ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត​-​កែប លោក ប៊ុន ណារិន កាលពីដើម​ខែវិច្ឆិកា បានឱ្យដឹងថា ពិធីបុណ្យ​សមុទ្រ​នាពេលខាងមុខ គឺ​មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេស​ចរណ៍​កម្ពុជា​ទៅដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ឱកាស​សម្រាប់​ផ្នែក​ឯកជន ក្នុង​ការយក​ផលិតផល ឬ​សេវា​កម្ម​របស់ខ្លួន​ទៅ​ផ្សព្វផ្សាយ​ឱ្យគេ​បាន​ស្គាល់​ដែរ​។​

​លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​ផលិតផល​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ​ទំនិញ ​(GI)​ យើង​ពិតជា​ចង់​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​ស្គាល់​ពី​គុណភាព និង​សម្បក​វេច​ខ្ចប់​ផលិតផល​អំបិល​ខ្មែរ​ឱ្យបាន​កាន់តែច្រើន​។ បើ​អាជ្ញាធរ​អាច​ផ្តល់​កន្លែង​សមរម្យ យើង​នឹងចូលរួម​»៕