ភ្នំពេញៈ ប្រតិបត្តិ​ករ និង​អ្នក​​ជំនាញ​នៅក្នុង​វិស័យ​ទេសចរណ៍​លើកឡើងថា ការត្រៀម​កញ្ចប់​ថវិកា ៥០​ ​លាន​ដុល្លារ​របស់​រាជ​​រដ្ឋាភិបាល​តាមរយៈ​ធនាគារ​សហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SME Bank (Cambodia)​ ទៅដល់​ម្ចាស់​អា​ជីវ​កម្ម​ក្នុង​ខេត្តសៀមរាប​នឹង​ក្លាយជា​កម្លាំងចលករ​មួយ​ដ៏​សំខាន់ និង​ទាន់​ពេលវេលា​ក្នុង​ការជួយ​គាំទ្រ និង​ស្រោច​​ស្រង់​ដល់​ការចាប់ផ្តើម​ដំណើរការ​ឡើងវិញ និង​បន្ត​និរន្តរភាព​នៃ​អាជីវកម្ម​នានា​ក្នុង​ខេត្ត​នេះ ហើយក៏​ជាការ​ឆ្លើយតប​ទៅនឹង​ការមកដល់​នៃ​ភ្ញៀវទេសចរ​បរទេស​នារ​ដូវរងា​នេះ។​

​កាលពី​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន លើក​ទី​១៩ បាន​លើកឡើងថា រាជរដ្ឋាភិបាល​តាមរ​យៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (SME Bank (Cambodia) នឹង​រៀបចំ​កម្មវិធី​ផ្តល់​កម្ចី​ដោយផ្ទាល់​ជាមួយ​ប្រាក់​បឋម ៥០​លាន​ដុល្លារ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅក្នុង​ខេត្ត​សៀមរាប ជាមួយ​អត្រា​ការប្រាក់​សម​រម្យ និង​លក្ខខណ្ឌ​អនុគ្រោះ​ផ្សេងទៀត ដើម្បី​អនុញ្ញាតឱ្យ​ប្រតិបត្តិ​ករ​ទេស​ចរណ៍​ទទួលបាន​ហិរញ្ញប្បទាន​ក្នុង​ទឹកប្រាក់​សមស្រប​តាម​អាជីវកម្ម​។​


​ជាមួយគ្នានេះ​រដ្ឋាភិបាល​ក៏បាន​លើក​ទឹកចិត្ត​ផ្នែក​ពន្ធដារ ដើម្បី​ជួយ​រក្សា​លំនឹង និង​សម្រួល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​អា​​ជីវ​កម្ម​ទេសចរណ៍ ដោយ​រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​វិធានការ​មួយចំនួន គឺ​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រ​​ភេទ​លើកលែង​អាករ​លើ​តម្លៃបន្ថែម និង​អាករ​លើ​ការ​ស្នាក់នៅ ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរ​ណ៍ និង​ភោជនីយដ្ឋាន ដែល​បាន​ចុះ​បញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​នៅ​ខេត្ត​សៀម​​រាប​ពី​ខែតុលា ឆ្នាំ ២០២៣ រហូតដល់​ចប់​ឆមាស​ទី​១ ឆ្នាំ​ ២០២៤ ផងដែរ​។​

​អ្នកនាង ធឿន ធា​រិ​ទ្ធិ បុគ្គលិក​របស់​សណ្ឋាគា​រ The Aviary Hotel នៅ​ខេត្ត​​សៀមរាប បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៤ ខែវិច្ឆិកា​ថា ស្របពេល​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ចាប់ផ្តើម​មាន​ភាពល្អប្រសើ​រ​ឡើងវិញ​ជាមួយនឹង​ការមកដល់​នៃ​ភ្ញៀវ​អឺរ៉ុប ការជួយ​ជ្រោ​ម​ជ្រែង​ពី​សំណាក់​រដ្ឋាភិបាល​គឺ​ពិតជា​ផ្តល់​លទ្ធភាព​បន្ថែមទៀត​ទៅដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ម្ចាស់​អាជីវកម្ម​នានា​ដើម្បី​បង្កើន​សមត្ថភាព​អាជីវកម្ម​ពួកគេ​។​


​អ្នកនាង​បាន​ថ្លែងថា​៖ «​ខ្ញុំ​យល់ឃើញថា ការរៀបចំ​កញ្ចប់​កម្ម​វិធី​ថវិកា​ពិសេស​នេះ គឺជា​ការឆ្លើយតប​ទាន់ពេលវេលា​សម្រាប់​ម្ចាស់​អាជីវកម្ម​ក្នុង​ខេត្ត​សៀម​រាប​ដែល​កំពុង​ត្រូវការ​ថវិកា​សម្រាប់​កែ​លម្ហ​សណ្ឋាគារ ឬ​ភោជនីយដ្ឋាន​ពួកគេ ដើម្បី​ឆ្លើយតប​នឹង​ការមកដល់​នៃ​ភ្ញៀវ​​ទេសចរ​អន្តរជាតិ​នា​រដូវ​ត្រជាក់​នេះ​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍ អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​សម្តែង​ការគាំទ្រ​សម្រាប់​ការជួយ​ជ្រោ​ម​ជ្រែង និង​ការបញ្ចេញ​ថវិកា​សង្គ្រោះ​ដល់​វិស័យ​ទេសចរណ៍ ជាពិសេស​ផ្តល់​លទ្ធ​​ភាព​បន្ថែម​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​នៅ​ខេត្តសៀមរាប​ដែល​ទទួលរង​គ្រោះ​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ​អស់​រយៈ​ប៉ុន្មាន​ឆ្នាំ​មកនេះ ដែល​ធ្វើឱ្យ​វិស័យនេះ​ធ្លាក់​ដល់​ចំណុចសូន្យ ខណៈ​មាន​អាជីវកម្ម​ជាច្រើន​បាន​បិទទ្វារ។​

លោក​ថ្លែងថា​៖ «​ការជួយ​របស់​រដ្ឋា​ភិ​បាល​គឺ​ពិតជា​ការឆ្លើយតប​ដ៏​ល្អ​សម្រាប់​ប្រតិបត្តិ​ករ​នៅក្នុង​ខេត្តសៀមរាប​។ ទោះ​បី​ថវិកា​នេះ​មិនមាន​ទំហំ​ធំក្តី ប៉ុន្តែ​វា​ក៏​ផ្តល់​លទ្ធភាព​បន្ថែម​ដល់​ពួកគេ​ដើម្បី​យកមក​បន្ត​និរន្តរភាព​អាជីវកម្ម ស្របពេល​ដែល​ការមកដល់​នៃ​ភ្ញៀវទេសចរ​បរទេស​មក​ខេត្តសៀមរាប​ចាប់ផ្តើម​មាន​កំណើន​នា​រដូវ​ត្រជាក់​នេះ»។​

​ជាមួយគ្នានេះដែរ លោក​ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​នានា​ត្រូវ​រួមគ្នា​កែច្នៃ​ផលិតផល​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ច្នៃ​ប្រ​​ឌិ​ត​ខ្ពស់​ដើម្បី​រក្សាបាន​និរន្តរភាព​។​

​លោក​បាន​បន្ថែមថា​៖ «​អ្វីដែល​ខ្ញុំ​លើក​ទឹកចិត្ត​ដល់​ទាំង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​សិក្សា​ឡើងវិញ​ទៅលើ​ការកែទម្រង់​នៃ​ផលិតផល​ទាំងអស់​ដែលជា​របស់​ខ្មែរ​ទាំង​ផលិតផល​ជា​ទំនិញ ផលិតផល​សាសនា ផលិតផល​ភាពយន្ត​ជាដើម ព្រោះ​វា​ទាមទារ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​កែតម្រូវ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ភាព​ប្លែក ទាក់ទាញ ព្រោះ​សម័យនេះ​យើង​មិនអាច​លក់​តែ​ផលិតផល​ដដែល​ឡើយ ដោយសារ​យើង​លក់​ផលិតផល​ប្រាសាទអង្គរវត្ត​យូរ​ឆ្នាំ​ហើយ ដូច្នេះ​យើង​ត្រូវតែ​រួមគ្នា​គិត​ឱ្យ​ស៊ី​ជម្រៅ​លើ​រឿងនេះ​ទើប​វិស័យនេះ​រីក​ចម្រើន​ប្រកបដោយ​និរន្តរភាព​»​។​

​ទិន្នន័យ​មន្ទីរ​ទេសច​រណ៍​ខេត្តសៀមរាប ឱ្យដឹងថា គិត​ត្រឹម​រយៈពេល ​៩​ ខែ ឆ្នាំ​ ២០២៣ ខេត្តសៀមរាប​មាន​អាជីវ​កម្ម​ទេសចរណ៍​កំពុង​ដំណើរ​ការសរុប ៨៣១​ កន្លែង​ ស្មើនឹង​ជាង ៧១​ ភាគរយ​នៃ​អាជីវកម្ម​សរុប​ក្នុង​ខេត្តសៀមរាប​ចំនួន ១ ១៦៥ ​កន្លែង​មានដូចជា សេវាកម្ម​ស្នាក់នៅ​សណ្ឋាគារ និង​ភោជនីយដ្ឋាន ជាដើម​៕