ភ្នំពេញៈ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិ​​សេស​រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (PPSP) ដែល​ចុះបញ្ជី​ជា​សាធារណៈ គ្រោង​នឹងធ្វើ​ការ​កៀរគរ​មូលនិធិ​បន្ថែមចំនួន ១៥​ ​លាន​ដុល្លារ​ ពី​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល ​(​សញ្ញា​បណ្ណ​បៃតង​) នៅលើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា សម្រាប់​ពង្រីក​ការវិនិយោគ​របស់​ពួកគេ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​។​

​បើតាម​ការប្រកាស​រប​ស់​ក្រុមហ៊ុន​ផ្ញើ​ទៅ CSX នៅ​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ក្រុមប្រឹក្សាភិបាល​ក្នុងអំឡុងពេល​កិច្ច​​ប្រជុំ​ក្រុមប្រឹក្សាភិបាល​ កាលពី​ថ្ងៃទី ​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣ បានអនុម័ត​សម្រាប់​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំ​​ណុល​បៃតង​លើ​ផ្សារភាគហ៊ុន ដើម្បី​ប្រមូល​មូលនិធិ​បន្ថែមទៀត​សម្រាប់​ការពង្រីក​អាជីវកម្ម​។​


«​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម​.​ក សូម​ជម្រាបជូន​វិ​និយោគិន និង​សាធារណជន ជ្រាបថា សេចក្ដីសម្រេច​ពី​ក្រុមប្រឹក្សាភិបាល លើ​ការចេញផ្សាយ​លក់​មូល​ប​ត្រ​បំ​ណុល ​(​សញ្ញា​បណ្ណ​បៃតង​) សម្រាប់​វិនិយោគិន​គុណ​វ​ឌ្ឍិ ដែលមាន​បុគ្គល​ធានា ជាមួយ​ទំហំ​ទឹកប្រាក់​រហូតដល់ ១៥​ លាន​ដុល្លារ​សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ ដែល​បានទទួល​ការអនុម័ត​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​នៅ​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣»​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​។​

​ក្រុមហ៊ុន​បន្តថា​៖ «​ទឹកប្រាក់​ដែល​ទទួលបាន​ពី​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល​នេះ ក្រុមហ៊ុន​មាន​គម្រោង​យកមកប្រើ​ប្រាស់​សម្រាប់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​បៃតង​។ ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​បៃតង នឹង​នៅតែ​ត្រួតពិនិត្យ និង​អនុម័ត​ដោយ​ភាគី​ពាក់ព័ន្ធ ដែល​ទាក់​ទង​ក្នុង​ដំណើរការ​ធានា​ជា​អ្នកធានា​សម្រាប់​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​នេះ​»​។​


​ក្រុមហ៊ុន​ចង្អុល​បង្ហាញថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងដំណើរការ​ស្នើសុំ​ការ​អនុម័ត​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា និង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ដែល​រំពឹងថា នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​ក្រោយនេះ​។​

​លោក ហុង សុ​ហួរ អគ្គនាយក CSX បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បានទទួល​ការយល់ព្រម​សម្រាប់​ការ​បោះផ្សាយ​មូល​ប​ត្រ​នៅ​កម្រិត​ផ្ទៃក្នុង​របស់​ពួកគេ ហើយ​ពួកគេ​មិនទាន់​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​នៅ CSX ទេ​។​

​លោក គិត ម៉េង ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន PPSP បានបញ្ជាក់​នៅក្នុង​ឯកសារ​ដែល​ផ្ញើ​ទៅ CSX នៅ​ថ្ងៃទី​ ២២ ខែសីហា ថា នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២៣ ក្រុមហ៊ុន​បាន​រាយការណ៍​ពី​ចំណូល​សរុប ២៩,៦៦៧​ ពាន់​លាន​រៀល កើនឡើង ៩៥ ​ភាគរយ​ បើ​ធៀប​ចំនួន​ទឹកប្រាក់ ១៥,២២៦ ​ពាន់​លាន​រៀល​នៅ​ត្រីមាស​ទី២ ឆ្នាំ ២០២២​។ ជា​លទ្ធផល ក្រុមហ៊ុន​ចំណេញ​សុទ្ធ​ជាង​ ២,៤៦១​ ពាន់​លាន​រៀល​ធៀប​នឹង​ការ​​ខាត​សុទ្ធ ៥១៥,៦៨១ ​ពាន់​រៀល នៅ​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២​។​

​លោក​ថ្លែងថា​៖ «​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នៅតែ​បន្ត​រឹងមាំ គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​ ២០២៣​ ដោយមាន​ទ្រព្យសកម្ម​ស​រុ​ប​ជាង ៥២៧,៤៥៦​ ពាន់​លាន​រៀល ដែល​រួម​មានទ្រព្យ​សកម្ម​រយៈពេល​វែង​ចំនួន ២១០,១៣៩ ​ពាន់​លាន​រៀល និង​ទ្រព្យសកម្ម​រយៈពេល​ខ្លី​ចំនួន​ជាង ៣១៧ ​ពាន់​លាន​រៀល​»៕