​ភ្នំពេញៈ បរ​ធន​បាល​កិច្ច​កំ​ពុង​ចូលរួមចំណែក​សំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​វិស័យ​អចលន​​ទ្រព្យ​នៅ​កម្ពុជា ព្រមទាំង​ជួយ​ឱ្យ​វិស័យនេះ​អាច​ងើប​ឡើងវិញ​ជា​បណ្តើរៗ​ពី​ផល​អវិជ្ជមាន​ដែល​បណ្តាលមកពី​វិបត្តិ​សេដ្ឋ​កិច្ច​សកល​នាពេល​បច្ចុប្បន្ន​។​

លោក សុខ ដា​រ៉ា អគ្គនាយក​នៃ​និយ័ត​ករបរ​ធន​បាល​កិច្ច​​ (​ន​.​ប​.​ធ​.) បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៥ ខែវិច្ឆិកា​ថា បរ​ធន​បាល​កិច្ច​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​បាន​រីកចម្រើន​គួរឱ្យកត់សម្គាល់ ពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ដែល​ធ្វើឱ្យ​ការចុះបញ្ជី​បរ​ធន​បាល​កិច្ច គិត​ត្រឹម​សប្តាហ៍​ទី ​២ នៃ​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កើន​ដល់ ៦៨៣ ករណី ជាមួយនឹង​ទំហំ​ទឹកប្រាក់​វិនិយោគ​ ១ ២២៣ ​លាន​ដុល្លារ ខណៈ​មុន​ឆ្នាំ​ ២០២១ ការចុះបញ្ជី​ស្រប​ច្បាប់​នៃ​វិស័យនេះ​មានតែ ១៧​ ករណី និង​មាន​ទុនវិនិយោគ​ប្រមាណ ១៥៦ ​លាន​ដុល្លារ​។​


​លោក​បន្តថា​ផ្អែក​តាម​ទិន្នន័យ​ការ​ចុះបញ្ជី​ស្របច្បាប់​នៃ​វិស័យ​បរ​ធន​បាល​កិច្ច​សរុប​ចំនួន ៦៨៣​ ករណី ក្នុងនោះ​មាន ៦០៥ ​ករណី ជាបរ​ធន​បាល​កិច្ច​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​ក្នុងនោះ​មាន ៥៥២​ករណី ត្រូវបាន​ចុះបញ្ជី​ដោយ​ជនបរទេស ដែលមាន​ទំហំ​ទុន ៥៨០ ​លាន​ដុល្លារ​។

ក្នុងចំណោម​ការចុះបញ្ជី​បរ​ធន​បាល​កិច្ច​របស់​ជនបរទេស​ទាំងនោះ គឺ ៥៤១ ​ករណី​ជាប​រធន​បាល​កិច្ច​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង ១១ ​ករណី​ផ្សេងទៀត ជាបរ​ធន​បាល​កិច្ច​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​អចលនទ្រព្យ​ដោយ​ប្រើប្រាស់​យន្តការ​រក្សាទុក ឬ​រក្សា​សុ​វត្ថិ​ភាព​ (Escrow Services)​។​


​លោក​បាន​ថ្លែងថា​៖ «​បរ​ធន​បាល​កិច្ច គឺ​យន្តការ​មួយ​ដែល​ពេញនិយម និង​មាន​សេចក្តីត្រូវការ​នៅលើ​ទីផ្សារ ជា​ពិសេស​គឺ​ការវិនិយោគ​ដោយ​ប្រយោល​ទៅលើ​វិស័យ​ពាក់ព័ន្ធ​រួមទាំង​វិស័យ​អចលនទ្រព្យ​ផងដែរ​»​។​

​បើតាម​លោក សុខ ដា​រ៉ា យន្តការ​បរ​បាល​ធន​កិច្ច​មាន​សារៈសំខាន់​មួយចំនួន​ក្នុងការ​ចូលរួម​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ ដោយ​ទី​១ បរ​ធន​បាល​កិច្ច គឺជា​យន្តការ​មួយ​បង្កើន​ថ្នាល​ទំនុក​ចិត្ត​រវាង​ភាគី​ពាក់ព័ន្ធ​ទាំង​ម្ចាស់ទ្រព្យ​, អ្នកចាត់ចែង​ថែ​សុវត្ថិភាព​ជំនួស​, និង​អ្នកទទួលបាន​ផល​ពី​ការវិនិយោគ​ទៅលើ​សកម្មភាព​សេដ្ឋកិច្ច​ដែល​ពាក់ព័ន្ធ​រួមទាំង​វិស័យ​អចលនទ្រព្យ​, និង​ទី​២ គឺជា​យន្តការ​មួយ​ដែលមាន​ភាពស្រប​ច្បាប់ ដោយ​បង្កើត​តម្លាភាព ប្រសិទ្ធ​ភាព និង​គណនេយ្យភាព​។​

​លោក​អះអាងថា​៖ «​ការកើនឡើង​ដ៏​គួរ​ភ្ញាក់ផ្អើល​នៃ​វិស័យ​បរ​ធន​បាល​កិច្ច​នាពេលនេះ ដោយសារ​វិនិយោគិន ជា​​ពិសេស​វិនិយោគិន​បរទេស មាន​ទំនុក​​ចិត្ត និង​យល់ដឹង ក៏ដូចជា​មាន​សេចក្តីត្រូវការ​ពី​បរ​ធន​បាល​កិច្ច​ក្នុង​ការជួយ​គាំទ្រ​ការវិនិយោគ​របស់​ពួកគេ ពិសេស​លើ​វិស័យ​អចលនទ្រព្យ​»​។​

​គិត​មកដល់​បច្ចុប្បន្ន ន​.​ប​.​ធ​. បានផ្តល់​អាជ្ញាប័ណ្ណ និង​ការអនុញ្ញាត​ដល់​ក្រុមហ៊ុន​បរ​ធន​បាល​ចំនួន ៩, ធនាគារ​ពាណិជ្ជ​ឱ្យធ្វើជា​ប្រតិបត្តិ​ករប​រធន​បាល ផ្តល់​សេវា​រក្សាទុក ឬ​សេវា​រក្សា​សុវត្ថិ​ភាព​ចំនួន ១៣, និង​បានផ្តល់​ការ​ទទួលស្គាល់​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​វាយតម្លៃ​ក្នុង​វិស័យ​បរ​ធន​បាល​កិច្ច ចំនួន ១២ ព្រមទាំង​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​រូបវន្តបុគ្គល​ចំនួន ៤៨ ​អាជ្ញាប័ណ្ណ​ឱ្យធ្វើជា​បរ​ធន​បាល​រូបវន្តបុគ្គល​។ នេះ​បើ​យោងតាម លោក សុខ ដា​រ៉ា​។​

​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំ​នៅ​ឋាន​កម្ពុជា លោក លី ហួរ បានឱ្យដឹង​ក្នុង​កម្មវិធី​ «​ជជែក​អំពី​បរ​ធន​បាល​កិច្ច​» កាលពី​ថ្ងៃទី ​១៤ ខែវិច្ឆិកា ដែល​រៀបចំ​ដោយ​និយតករ​បរ​ធន​បាល​កិច្ច​ (​ន​.​ប​.​ធ​.) សហការ​ជាមួយ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ​(HDAC) ថា បរ​ធន​បាល​កិច្ច គឺ​សំដៅ​ដល់​ការធានា​ជំនឿ​ទុកចិត្ត​ដល់​វិនិយោគិន​បរទេស ដើម្បី​កុំឱ្យ​ពួកគេ​ព្រួយបារម្ភ​នៅពេល​ទិញ​អចលនទ្រព្យ ខណៈ​ជន​​បរទេស​អាចមាន​សិទ្ធិ​កាន់កាប់​អចលន​ទ្រព្យ​នៅ​កម្ពុជា ចាប់ពី​ជាន់​ទី​១ ​ឡើងទៅ​។​

​លោក​បន្តថា បរ​ធន​បាល​កិច្ច​បានផ្តល់​ភាពស្របច្បាប់​ដល់​ជន​​បរទេស​ក្នុងការ​កាន់កាប់​អចលនទ្រព្យ​នៅ​កម្ពុជា​ក្នុង​រយៈពេល​យូរអង្វែង ដែល​នឹង​រួមចំណែក​ជំរុញ​ដល់​វិស័យ​អចលនទ្រព្យ​កាន់តែ​មាន​លំនឹង និង​ជា​បណ្តើរៗ​នឹង​ងើប​ឡើងវិញ​៕