ភ្នំពេញៈ ​ក្រុមហ៊ុន មូលនិធិ BAMC Asia Equity Fund (BAEF) ត្រូវបាន​ដំណើរការ​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា បាន​ក្លាយជា​មូលនិធិ​លក់រាយ​ដំបូង​គេ​ដែល​អាចឱ្យ​វិនិយោគិន​សាធារណៈ​ធ្វើ​ពិពិធ​កម្ម​លើ​ការវិនិយោគ​របស់​ពួកគេ​ទៅក្នុង​វិស័យ​ផ្សេងៗ​ទាំង​នៅក្នុង និង​ក្រៅប្រទេស​។​

ក្រុមហ៊ុន​ក៏​ទើប​ធ្វើការ​បោះផ្សាយ​លក់​ឯក​តា​មូលនិធិ​ជា​សាធារណៈ​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី​ ១៤ ​ខែវិច្ឆិកា ​ឆ្នាំ​ ២០២៣ ​នេះ ក្នុង​ទំហំ​ទឹកប្រាក់​ ២០០​ លាន​ដុល្លារ​ផងដែរ​។​


ក្រុមហ៊ុន ​Banjaran Asset Management (Cambodia) PLC (BAMC) បានទទួល​ជោគជ័យ​ក្នុងការ​អនុញ្ញាត​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​) ដើម្បី​បើក​ដំណើរការ​មូលនិធិ BAEF​ គឺជា​មូលនិធិ​វិនិយោគ​ដែល​វិនិយោគ​លើ​ពិពិធ​កម្ម​ផលប​ត្រ​នៃ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ផ្សារ​ហ៊ុន​សំខាន់ៗ​នៅ Asia Pacific Ex-Japan។​ មូលនិធិ​នេះ​មាន​គោលដៅ​ផ្តល់​អត្ថប្រយោជន៍​នៃ​ការវិនិយោគ​នៅ​តំបន់​អាស៊ី ផងដែរ​។​

ក្រុមហ៊ុន BAMC បាន​ចូលមក​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​ ២០២២ ​ហើយ​ទទួលបាន​អាជ្ញាប័ណ្ណ​គ្រប់គ្រង​មូលនិធិ​ដែល​ចេញ​ដោយ SERC ដើម្បី​បង្កើត និង​គ្រប់គ្រង​មូលនិធិ​សាធារណៈ​នៃ​គម្រោង​វិនិយោគ​រួម​។


BAMC គឺជា​អ្នកគ្រប់គ្រង​មូលនិធិ​របស់ BAEF ជាមួយ​ក្រុមហ៊ុន​Banjaran Asset Management Pte Ltd (BAMPL) នៃ​ប្រទេស​សិង្ហ​បុរី ដែលជា​អ្នកផ្តល់​ប្រឹក្សា​លើ​ការវិនិយោគ​។ ចំណែកឯ​ក្រុមហ៊ុន​Stronghold Trustee Co., Ltd (ST) គឺជា​ក្រុមហ៊ុន​ថែរក្សា​មូលនិធិ​ជំនួស​។​

លោកស្រី ចាន់ ធានី ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​BAMC បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​ថា ជាមួយនឹង​ចំនួន​អ្នកជំនាញ​ក្នុងការ​គ្រប់គ្រង​មូលនិធិ ក្រុមហ៊ុន BAEF នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​វិនិយោគិន ដើម្បី​ធ្វើ​ពិពិធ​កម្ម​លើ​ការវិនិយោគ​របស់​ពួកគេ​។​

លោកស្រី​បាន​មានប្រសាសន៍ថា​៖«​យើងខ្ញុំ​មាន​កិត្តិយស​និង​រីករាយ​ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​ដាក់ឱ្យ​ដំណើរការ​មូលនិធិ​វិនិយោគ​រួម​សាធារណៈ​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​»​។​

លោកស្រី​ថា​៖« នៅក្នុង​ដំណើរការ​ទទួលបាន​អាជ្ញាប័ណ្ណ​និង​ការអនុញ្ញាត​ផ្សេងៗ គឺ​យើង​បាន​បណ្តុះបណ្តាល​ក្រុមការងារ​ដែលជា​ប្រជាជន​កម្ពុជា​នៅក្នុង​ប្រទេស​ដើម្បី​កាន់កាប់​តួនាទី​ផ្សេងៗ​នៅក្នុង​ផ្នែក​នៃ​ការគ្រប់គ្រង​ទ្រព្យសកម្ម​។​សម្រាប់​ការដាក់ឱ្យ​ដំណើរការ​មូលនិធិ​BAEF យើង​បាន​នាំយក​នូវ​ជំនាញ​គ្រប់គ្រង​មូលនិធិ​អន្តរជាតិ និង​ការអនុវត្ត​អភិបាលកិច្ច​ល្អ​បំផុត​។ យើងខ្ញុំ​សង្ឃឹមថា​វា​នឹង​កំណត់​ស្តង់ដា​ខ្ពស់​សម្រាប់​ឧស្សាហកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម​ឱ្យ​កាន់តែ​ឆ្ពោះទៅមុខ​»​។​

លោក ស៊ូ សុជាតិ អគ្គនាយក​នៃ SERC ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​ថា ក្រុមហ៊ុន BAMC ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើជា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ក្រុមហ៊ុន​អភិបាល​មូលនិធិ និង​ក្រុមហ៊ុន​ចែកចាយ​លក់ ទិញ​ត្រឡប់​វិញ ឬ​ទូទាត់​សង​ពី SERC កាលពី​ខែមីនា ឆ្នាំ​២០២៣ និង​ជា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ដំបូង​គេ​ដែល​ទទួលបាន​ការអនុញ្ញាត​លើ​ការបង្កើត​មូលនិធិ​នៃ​គម្រោង​វិនិយោគ​រួម ដើម្បី​បោះផ្សាយ​លក់​ឯក​តា​មូលនិធិ​ជា​សាធារណៈ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២៣​នេះ ក្នុង​ទំហំ​ទឹកប្រាក់​២០០​លាន​ដុល្លារ​។​

លោក​បាន​ថ្លែងថា គិត​មក​ត្រឹម​ខែវិច្ឆិកា​នេះ វិស័យនេះ​មាន​ក្រុមហ៊ុន​សរុប​ចំនួន ២០​ក្រុមហ៊ុន ដែល​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​នៅ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន ១១ បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ទីផ្សារ​គោល មាន​ចំនួន ៩​និង​ទីផ្សារ​កំណើន​មាន​ចំនួន ២​និង​ក្រុមហ៊ុន​ចំនួន ៩ បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល   ខណៈដែល​ក្រុមហ៊ុន​មួយចំនួនទៀត​កំពុង​រៀបចំខ្លួន និង​ស្ថិតក្នុង​ដំណើរការ​នៃ​ការដាក់​ពាក្យស្នើសុំ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​បន្តបន្ទាប់​។

លោក​ថ្លែង​បន្តទៀតថា​៖« ផលិតផល​ទាំង ២ នេះ​នៅ​ពុំទាន់​គ្រប់គ្រាន់​សម្រាប់​ទីផ្សារ​មូល​ប​ត្រ​នៅឡើយ​ទេ ដូចនេះ​ក្នុង​គោលដៅ​ជំរុញ​សកម្មភាព​ជួញដូរ និង​ឆ្លើយតប​តាម​តម្រូវការ​របស់​ទីផ្សារ និង​ភាព​សម្បូរបែប​នៃ​ជម្រើស​ក្នុងការ​វិនិយោគ​របស់​វិនិយោគិន​នៅលើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ការដាក់ចេញ​នូវ​ផលិតផល​ថ្មីៗ​ស្របតាម​បរិបទ​ជាក់ស្តែង​នៃ​ស្ថានភាព​ទីផ្សារ​មូល​ប​ត្រ​ក្នុង​តំបន់​ក៏ដូចជា​សកល គឺជា​កត្តាចាំបាច់​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​»​។​

លោក​ថា SERC បានដាក់​ចេញ​នូវ​ឧបករណ៍​ហិរញ្ញវត្ថុ​មួយទៀត​ដែល​ហៅថា​មូលនិធិ​នៃ​គម្រោង​វិនិយោគ​រួម តាមរយៈ​ការដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ប្រកាស​ស្ដីពី​ការបោះ​ផ្សាយ​លក់​ឯក​តា​មូលនិធិ​នៃ​គម្រោង​វិនិយោគ​រួម ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២៣ កន្លងទៅនេះ​។​

លោក​បាន​ថ្លែង​បញ្ជាក់ថា​៖ «​ការបោះ​ផ្សាយ​លក់​ឯក​តា​មូលនិធិ​នៃ​គម្រោង​វិនិយោគ គឺ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​អាចធ្វើ​ការបង្កើត​នូវ​គម្រោង​វិនិយោគ​មួយ ដើម្បី​ប្រមូល​មូលនិធិ​ពី​វិនិយោគិន​យកទៅ​វិនិយោគ​ក្នុង​គម្រោង​ដែល​បានកំណត់​ដើម្បី​ទទួលបាន​នូវ​ប្រាក់ចំណេញ​ហើយ​ធ្វើការ​បែងចែក​ប្រាក់ចំណេញ​ឬ​អត្ថប្រយោជន៍​ត្រឡប់​ទៅ​វិនិយោគិន​ដែល​អ្នកកាន់កាប់​ឯក​តា​មូលនិធិ​វិញ​ទៅតាម​កិច្ចសន្យា​នៃ​គម្រោង​វិនិយោគ​រួម​ដែល​បានកំណត់​»​។​

លោក ​ស៊ូ សុជាតិ ​បាន​ថ្លែង​បញ្ជាក់ថា​៖  «​គម្រោង​វិនិយោគ​រួម​គឺជា​ចលករ​ដ៏​សំខាន់​មួយ​ដែល​ជួយ​គាំទ្រ​ដល់ទី​ផ្សារ​មូល​ប​ត្រ​កម្មសិទ្ធិ និង​មូល​ប​ត្រ​បំណុល តាមរយៈ​ការវិនិយោគ​របស់​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ទៅលើ​ផលិតផល​នៅក្នុង​ទីផ្សារ​ទាំងនោះ​»​

លោក​ថា ក្រុមហ៊ុន BAMC​ក៏មាន​គម្រោង​យក​មូលនិធិ​ដែល​ប្រមូលបាន​ចំនួន ១០ នៃ​មូលនិធិ យក​%​ទៅ​វិនិយោគ​លើ​មូល​ប​ត្រ​ដែល​បាន​ចុះបញ្ជី​នៅលើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ប្រាក់​បញ្ញើ​ដែលមាន​កាលកំណត់​នៅក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​របស់​កម្ពុជា និង​មូលនិធិ​ទីផ្សារ​រូបិយវត្ថុ​ដែលមាន​ទីតាំងនៅ​ក្នុងប្រទេស​កម្ពុជា​៕