​ភ្នំពេញៈ ផ្សា​រមូល​ប​ត្រ​កម្ពុជា​ ​(CSX)​ បាន​សម្ពោធ​ដាក់ឱ្យ​ដំ​ណើ​រការ​ជា​ផ្លូវការ​ប្រព័ន្ធ​បើក​គណនី​ជួញដូរ​តាម​អន​ឡាញ​ដំ​ណាក់​កាល​ទី២ ជាមួយ​ក្តី​រំពឹងថា ចំនួន​គណនី​ជួញដូរ​នៅ CSX នឹង​កើន​ដល់ ៥​ ម៉ឺន​គណនី ​ត្រឹម​ដំណាច់ឆ្នាំ​ ២០២៣ ហើយនឹង​បន្ត​កើនឡើង​ទ្វេដង​នៅ​ចុងឆ្នាំ ​២០២៤ ខាងមុខ​។​

​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ​ប្រព័ន្ធ​បើក​គណនី​ជួញដូរ​តាម​អន​ឡាញ ត្រូវបាន​ធ្វើឡើង​ក្នុងពេល​ជាមួយនឹង​កម្មវិធី​ពិ​ព័រ​​ណ៍​ផ្សារ​ហ៊ុន​កម្ពុជា «My First STOCK» ឆ្នាំ ​២០២៣ នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល ភ្នំពេញ កាល​ពីថ្ងៃ​ទី​​ ១៦ ខែវិច្ឆិកា​។​


​អគ្គនាយក​ផ្សា​រមូល​ប​ត្រក​ម្ពុ​ជា ​(CSX) លោក ហុង សុ​ហួរ បាន​លើកឡើងថា ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ឈាន​មកដល់​ជំនាន់​ថ្មី​មួយទៀត គឺ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ជំនា​ន់ទី​ ៣ (CSX 3.0)​ តាមរយៈ​ការបើក​គណនី​ជួញដូរ​តាម​អន​ឡាញ​ដោយ​ទទួលបាន​គណនី​ជួញដូរ​ភ្លាមៗ​បន្ទាប់ពី​ភ្នាក់ងារ​ក្រុម​ហ៊ុន​មូល​ប​ត្រ​ពិនិត្យ​ផ្ទៀងផ្ទាត់​ព័ត៌មាន​រួចរាល់​។

នេះ​ជា​វឌ្ឍន​ភាព​ថ្មី​មួយទៀត​របស់​ផ្សា​រមូល​​ប​ត្រ​កម្ពុជា ដោយ​មកដល់​ពេល​នេះ​មាន​គណនី​ជួញដូរ​ប្រមាណ ៤៤ ០០០ ​បាន​បើក​ដំណើរការ​រួចហើយ​។ តាមរយៈ​ការដាក់ឱ្យ​ដំណើរការ​នេះ លោក​រំពឹងថា នៅ​ដំណាច់ឆ្នាំ​ ២០២៣ ចំនួន​គណនី​នឹង​កើនឡើង​ដល់ ៥០ ០០០​ គណនី និង​ឆ្នាំ ​២០២៤ កើន​ដល់ ១០ ​ម៉ឺន​គណនី​។​


​លោក​បញ្ជាក់ថា​៖ «​មុន​ការ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ប្រព័ន្ធ​បើក​គណនី​ជួញដូរ​តាម​អន​ឡាញ​ជំនា​ន់ទី​២ នេះ វិនិយោគិន​ត្រូវ​ចំណាយពេល​ច្រើន​ថ្ងៃ និង​ត្រូវបំពេញ​នីតិវិធី​ជាច្រើន​ដើម្បី​ទទួលបាន​លេខ​អត្តសញ្ញាណ​វិនិយោគិន និង​គណនី​ជួញដូរ​។ ការណ៍​នេះ​បង្ក​ជា​ឧបសគ្គ​រារាំង​ដល់​ការ​អភិ​វ​ឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​»​។​

​តាមរយៈ​សមិទ្ធផល​ថ្មី​នេះ លោក សុ​ហួរ អះអាងថា នៅពេល​បើក​គណនី​ជួញដូរ​កាន់​តែ​ងាយស្រួល និង​រហ័ស ចំនួន​នៃ​ការជួញដូរ និង​ទំហំ​ប្រាក់​ជួញដូរ​ប្រាកដជា​កើនឡើង​។​

​បើតាម​លោក សុ​ហួរ បន្ទាប់​ពី​ផ្សារ​ហ៊ុន​កម្ពុជា​បើក​ដំណើរ​​ការ​រយៈពេល ១១​ ឆ្នាំកន្លងមក លោក​សង្កេតឃើញថា ចំណេះ​​ដឹង​របស់​សាធារណជន​ទាក់ទង​នឹង​ការជួញដូរ​នៅ​ផ្សារ​ហ៊ុន​បាន​កើន​ឡើងជា​លំដាប់​។

សម្រាប់​សកម្មភាព​នៅ​ទីផ្សារ​ហ៊ុន​ឆ្នាំ​ ២០២៣ ធៀប​នឹង​ឆ្នាំ ​២០២២ គឺ​បរិ​មាណនៃ​ការជួញដូរ​មានការ​កើនឡើង ប៉ុន្តែ​ទឹកប្រាក់​ជួញដូរ​ធ្លាក់ចុះ ដែល​បញ្ហា​នេះ គឺ​ដោយសារតែ​មានការ​ជួញដូ​រ​លក្ខណៈ​តូចៗ​ច្រើន​។​

​អគ្គនាយក​នៃ​និយ័ត​ករ​មូល​​ប​ត្រ​កម្ពុជា លោក ស៊ូ សុជាតិ បានឱ្យដឹងថា ទីផ្សារ​មូល​ប​ត្រ គឺជា​ច្រក​វិនិយោគ​ដ៏​សំខាន់​មួយ​ផ្សេងទៀត​ដែល​ផ្តល់ឱកាស​ដល់​ប្រជាជន​ក្នុងការ​វិនិយោគ​ជាមួយ​ដើមទុន​តិចតួច ប៉ុន្តែ​អាច​ពង្រីក​សំណុំ​វិនិយោគ​របស់ខ្លួន​ដើម្បី​បង្កើន​ចំណូល​អាជីវកម្ម​បន្ថែម​។​

​លោក​ប្រាប់ថា​៖ «​ការបើក​គណនី​ជួញដូរ​មូល​ប​ត្រ​តាម​អន​ឡាញ​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ផងដែរ​»​។​

​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ផ្សារ​មូល​ប​ត្រ​កម្ពុជា ហ៊ាន សា​ហ៊ី​ប បានឱ្យដឹង​ដែរ​ថា ផ្សា​រមូល​ប​ត្រ​កម្ពុជា​តែង​ផ្តល់​អាទិភាព​ខ្ពស់​លើ​ការ​​ធ្វើ​ទំនើបកម្ម និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​វិស័យ​មូល​ប​ត្រ​។

ជាក់ស្តែង ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ទូរស័ព្ទដៃ ​«CSX Trade» (​ខែ​ឧសភា ឆ្នាំ​ ២០២២) ដែលជា​កម្មវិធី​មួយ​ផ្តល់នូវ​ភាព​ងាយ​​ស្រួល​ដល់​វិនិយោគិន​ក្នុងការ​ជួញដូរ​មូល​ប​ត្រ ពិសេស​ផ្តល់​ភាពងាយស្រួល​ក្នុងការ​តាមដាន និង​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វិស័យ​មូល​ប​ត្រ​បាន​ទាន់​ពេលវេលា និង​គ្រប់​ទីកន្លែង​។​

​លោក​ថ្លែងថា​៖ «​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ​ប្រព័ន្ធ​បើក​គណនី​ជួញដូរ​តាម​អន​​ឡាញ​ជំនា​ន់ទី ២ នេះ​គឺជា​សក្ខី​ភាព​មួយទៀត​បង្ហាញ​ពី​ភាព​រីក​ចម្រើន​មួយ​ជំហាន​ធំ​នៃ​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា ស្របតាម​បរិវត្ត​កម្ម​ឌីជីថល​»​។​

​លោក​បន្ថែមទៀតថា ទោះបី​បច្ចុប្បន្ន​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី និង​ការជួញដូរ​មិនទាន់​សកម្ម​ខ្លាំង​ក៏ដោយ ការអភិវឌ្ឍ​របស់​ទីផ្សារ​នេះ​កំពុងធ្វើដំណើរ​ទៅមុខ​យ៉ាង​ស្វាហាប់​តាមរយៈ​ការ​បង្កើត​ផលិតផល និង​សេវាកម្ម​ថ្មីៗ​ជា​បន្តបន្ទាប់​៕