​ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី ​(​ឆៅ​) ​ប្រមាណ​ជាង ៦១​ ម៉ឺន​តោន​ទៅ​ប្រទេស​វៀតណាម ក្នុង​រយៈពេល ១០ ​ខែ នៃ​ឆ្នាំ​ ២០២៣ ដោយ​ប្រ​​មូល​ប្រាក់​បាន​ជាង ៨៣០​ លាន​ដុល្លារ ធ្លាក់ចុះ​ជាង ១៦ ​ភាគ​រយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ នេះ​បើ​យោងតាម​សមាគម​ស្វាយចន្ទី​កម្ពុជា​។​

​ទិន្នន័យ​ដែល​ ភ្នំពេញ ​ប៉ុស្តិ៍​ ទើប​ទទួលបាន​នៅ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២៣ ការប្រមូល​ផល​គ្រាប់ស្វាយចន្ទី ​(​ឆៅ​)​ នៅ​កម្ពុជា​សម្រេចបាន ៦៥១ ០០០​ តោន ក្នុងនោះ ៩៤,៥ ​ភាគរយ ​ស្មើនឹង ៦១៥ ០០០​ តោន​ ត្រូវបាន​នាំទៅ​លក់​នៅ​វៀតណាម ដោយ​ទទួលបាន​ប្រាក់ ៨៣១​ លាន​ដុល្លារ ធ្លាក់ចុះ ១៦,៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។​


​ប្រធាន​សមាគម​ស្វាយចន្ទី​​កម្ពុជា លោក អួន ស៊ី​ឡុ​ត បាន​ប្រាប់ថា កត្តា​តម្លៃ​ទីផ្សារ​អន្តរ​ជាតិ​ចុះ​ទាប​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​និង​កត្តា​អាកាសធាតុ ​(​ភ្លៀង​ធ្លាក់​ច្រើន​) បាន​ជំរុញ​ឱ្យ​កសិករ​មួយចំនួន​កាប់​ដើម​ស្វាយចន្ទី​យក​ដី​ដាំ​ដំណាំ​ផ្សេង គឺជា​មូលហេតុ​ធ្វើឱ្យ​ទិន្នផល​ស្វាយចន្ទី​ប្រមូលបាន​ចុះ​ទាប​។

ជាមួយគ្នានេះ​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ តម្លៃ​គ្រាប់​ស្វាយចន្ទី​នៅ​ទីផ្សារ​អន្តរជាតិ​ក៏​មិនសូវ​ល្អ​ដែរ ​(​តម្លៃ ៣ ​ឆ្នាំមុន​មិនសូវ​ល្អ ប៉ុន្តែ​គ្រាន់បើ​បន្តិច​សម្រាប់​ឆ្នាំ ​២០២៣)​។​


​លោក​បន្តថា ទាំងនេះ​ជា​មូលហេតុ​ចម្បង​ធ្វើឱ្យ​ប្រាក់ចំណូល​ក្នុង​ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ធ្លាក់ចុះ ទោះបី​ផលិតកម្ម​ស្វាយចន្ទី​ត្រូវបាន​រដ្ឋាភិបាល​ដាក់ចេញ​ជា​គោលនយោបាយ​ជាតិ​ក៏ដោយ​។​

​លោក​ថ្លែងថា​៖ «​ទិន្នផល​ប្រមូលបាន បរិមាណ​នាំចេញ និង​ប្រា​ក់បាន​ពី​ការ​នាំចេញ​គ្រាប់ស្វាយចន្ទី​ក្នុង​រយៈពេល ១០ ​ខែ​កន្លងមក គឺ​សុទ្ធតែ​ធ្លាក់ចុះ ដែល​មូលហេតុ​ចម្បង​ដោយសារតែ​តម្លៃ​នៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ​»​។​

​ក្រៅពី​នាំទៅ​ប្រទេស​វៀតណាម គ្រាប់​​ស្វាយចន្ទី​ឆៅ​ប្រមាណ​តិចជាង ៥​ ភាគ​​រយ​ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការកែ​ច្នែ​ក្នុងស្រុក និង​ក្រោម ១ ​ភាគរយ​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​ឥណ្ឌា និង​ចិន​។ នេះ​បើតាម​លោក ស៊ី​ឡុ​ត​។​

​យោងតាម​លោក ស៊ី​ឡុ​ត នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយ​​ចន្ទី​ធំៗ​ដូចជា សិប្បកម្ម​ជ័យ​សំបូរ​, ក្រុម​ហ៊ុន Santana Agro Products Co., Ltd និង Handcrafted Cashew nut Stung Treng​។​

​លោក​ប្រាប់ថា​៖ «​ចំពោះ​ផលិតផល​គ្រាប់ស្វាយចន្ទី​កែច្នៃ​នៅតាម​សិប្បកម្ម​ក្នុងស្រុក គឺ​បច្ចុប្បន្ន​មាន​នាំ​ចេញទៅ​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង ចិន និង​ប្រទេស​តំបន់​អឺរ៉ុប​មួយចំនួន ដែល​តាម​ការប៉ាន់ស្មាន​អាចមាន​ ៧០០​ តោន ​ក្នុង​រយៈពេល​ ១០​ ខែ​នៃ​ឆ្នាំ​ ២០២៣»​។​

​រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួង​ពា​ណិ​ជ្ជ​កម្ម កាលពី​ថ្ងៃទី ​១៤ ខែមិថុនា ឆ្នាំ ២០២៣ បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ «​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ឆ្នាំ​ ២០២២-២០២៧» ដែល​គោលនយោបាយ​ជាតិ​នេះ​មាន​ចក្ខុវិស័យ​អភិវឌ្ឍន៍​ផលិតកម្ម ការកែច្នៃ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យមាន​លក្ខណៈ​ប្រកួតប្រជែង ធានា​និរន្តរភាព និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ព្រមទាំង​មាន​គោលបំណង​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ស្វាយចន្ទី​ដ៏​សំ​ខាន់​មួយ​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិភពលោក​។​

​ទិន្នន័យ​សមាគម​ស្វាយចន្ទី​កម្ពុជា​ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០១៩ កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី​ប្រហែល ៦០​ ម៉ឺន​តោន​, ក្នុង​ឆ្នាំ​ ២០២០ ចំនួន ៩៥ ​ម៉ឺន​តោន​, ឆ្នាំ​ ២០២១ ចំនួន ១,១ ​លាន​តោន ​(២៤​ ភាគរយ​នៃ​ការនាំចេញ​សរុប​លើ​ពិភព​លោក​) និង​ឆ្នាំ​ ២០២២ ចំនួន ៦៧​ ម៉ឺន​តោន​។ បច្ចុប្បន្ន​គ្រាប់ស្វាយចន្ទី​ស្ងួត​មានតម្លៃ​ក្នុង​រង្វង់ ១ ៩០០ ​ដុល្លារ ​ក្នុង ​១ ​តោន រីឯ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​អាចមាន​តម្លៃ​ប្រហែល ៨ ០០០​ ដុល្លារ​។​

​ប្រភពពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា ស្វាយចន្ទី​គឺជា​ដំណាំ​ឧស្សាហកម្ម​ដែលមាន​សារៈ​សំ​ខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ​។ ស្វាយចន្ទី ជាប់​លេខ​ ៣ ជា​កសិផល​នាំ​ចេញ​ក្រៅប្រទេស​ច្រើនជាងគេ បន្ទាប់​ពី​ដំណាំ​ស្រូវ និង​ដំណាំ​ដំឡូង​មី​៕