ភ្នំពេញៈ អាជីវករ​ក្នុងប្រទេស​កម្ពុជា​នៅពេលនេះ​អាចធ្វើ​ការទូទាត់​ឆ្លងដែន​តាមរយៈ​បណ្តាញ KHQR Code នៃ​ប្រព័ន្ធ​បាគង​ធនាគារជាតិ​នៃ​កម្ពុជា​​ (NBC)​ ជាមួយនឹង​ពាណិជ្ជករ​ក្រុមហ៊ុន AliPay ចំនួន ៨៣​ លាន​នាក់​នៅ​ទូទាំង​ពិភពលោក ខណៈ​កម្ពុជា និង​ចិន​កំពុង​ពង្រីក​ការទូទាត់​ឆ្លងដែន​។​

​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី និង​លោក Douglas Feagin អនុប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Ant Group ដែលជា​ក្រុម​​ហ៊ុន​មេ​របស់ AliPay កាលពី​ថ្ងៃទី​ ១៣ ខែវិច្ឆិកា បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU) នៅ​ពិព័រណ៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ​(FinTech)​ នៅឯ​ប្រទេស​សិង្ហ​បុរី​។​


សេចក្ដីប្រកាស​ព័ត៌មាន NBC ត្រូវបាន​គេ​ដកស្រង់​សម្ដី​ដោយ​លើកឡើងថា​៖ «​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​មាន​គោលបំណង​ជំរុញ​ប្រតិបត្តិ​​ការទូទាត់​ឆ្លង​ប្រទេស​តាមរយៈ QR Code រវាង​បណ្តាញ KHQR Code ប្រព័ន្ធ​បាគង និង​បណ្តាញ QR Code របស់​ក្រុមហ៊ុន AliPay ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​។ តាមរយៈ​ភាពជា​ដៃគូ​នេះ អ្នកប្រើប្រាស់​ប្រព័ន្ធ​បាគង​អាចធ្វើ​ការទូទាត់​ជាមួយ​ពា​ណិ​ជ្ជ​ករ​ក្រុមហ៊ុន​ AliPay ចំនួន ៨៣ ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​»​។​​

ដូចគ្នានេះដែរ​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​ក៏​អាចធ្វើ​ការទូទាត់​តាមរយៈ​ប្រព័ន្ធ KHQR យ៉ាង​ងាយស្រួល និង​ទទួលបាន​បទ​ពិ​​សោធន៍​ទូទាត់​កាន់តែ​ប្រសើរ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​កាន់តែ​ប្រសើរ​។​​អាជីវករ​ខ្មែរ​ត្រូវមាន​គណនី​ជា​ប្រាក់​​រៀល និង​ទទួលយក​ប្រាក់រៀល​។


ទន្ទឹមនឹងនេះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​គួរតែ​លើកទឹកចិត្ត​អាជីវករ​ឱ្យ​បើក​គណនី​ជា​ប្រាក់រៀល (​រូបិយប័ណ្ណ​ក្នុងស្រុក​) និង​ធ្វើការ​ទូទាត់​ជា​ប្រាក់​រៀល ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ប្រព័ន្ធ​នេះ​។ នេះ​បើតាម​លោកស្រី ជា សិរី​។​

​លោកស្រី ជា សិរី បានឱ្យដឹងថា អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត​ក្នុងការ​ទូទាត់​ឆ្លងដែន​។ ប្រទេស​កម្ពុជា​បានក្លាយ​ជា​គោលដៅ​ដ៏​ពេញនិយម​របស់​ភ្ញៀវទេសចរ​ចិន និង​អន្តរជាតិ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​សម្រាប់​សេដ្ឋកិច្ច ការទូទាត់​តាមរយៈ QR ឆ្លង​ប្រទេស​អាចបង្កើត​ភាពខុស​​គ្នា​ដ៏​ធំ​មួយ​តាម​មធ្យោបាយ​ឌីជីថល និង​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​ភាព​ងាយ​ស្រួល​នៃ​ការទូទាត់​នេះ ផ្តល់ឱ្យ​ពា​ណិ​​ជ្ជ​ករ​នូវ​ការបង្កើន​ប្រាក់ចំណូល ជួយ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា កិច្ចសហការ​ជាមួយ AliPay នឹងមាន​ប្រយោជន៍​សម្រាប់​គ្រប់ភាគី​ទាំងអស់ ហើយ​ខ្ញុំ​ចង់​ជូនពរ​ឱ្យ​ទទួលបាន​ជោគជ័យ​បន្តទៀត​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នៅពេល​យើង​ចាប់ផ្តើម​ដំណើរការ​កិច្ច​សហប្រតិបត្តិ​ការ និង​សមិទ្ធផល​នេះ​»​។​

​លោក Douglas Feagin ឱ្យដឹងថា ភាពជា​ដៃគូ​នេះ​នឹង​ជំរុញ​ឱ្យ​ដៃគូ​ក្រុមហ៊ុន Alipay អាចធ្វើ​ការទូទាត់​តាម KHQR បាន​យ៉ាង​ងាយស្រួល​។​

​លោក Douglas ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​លើកឡើងថា​៖«​សម្រាប់​ភាពជា​ដៃគូ និង​ការគាំទ្រ​នេះ​ពួកគេ​អនុញ្ញាត​ឱ្យមាន​ការទទួល​យក​ដៃគូ​ទូទាត់​ប្រាក់ AliPay+ នៅ​ទូទាំង​បណ្តាញ KHQR​។ យើង​ជឿថា វា​នឹង​នាំមក​ភាពងាយស្រួល​បន្ថែមទៀត​ដល់​ភ្ញៀវទេសចរ ដែលមាន​ចំណូលចិត្ត​ក្នុងការ​ «​ទូទាត់​ប្រាក់​ដូច​អ្នកស្រុក​»​ ដោយ​ប្រើ​របៀប​បង់ប្រាក់​ដែល​ងាយ​ស្រួល​របស់​ពួកគេ​គ្រប់​ទីកន្លែង​»​។​

នៅ​ខែតុលា ឆ្នាំ​ ២០២៣ យីហោ​ប្តូរប្រាក់​បរទេស Travelex បានប្រកាស​ភាពជា​ដៃគូ​របស់ខ្លួន​ជាមួយ NBC ដើម្បី​ជួញដូរ​រូបិយប័ណ្ណ​ជាតិ​របស់​កម្ពុជា គឺ​ប្រាក់រៀល​ (KHR) នៅ​ព្រ​​លាន​យន្តហោះ Changi Airport ​ប្រទេស​សិង្ហ​បុរី ផងដែរ​។​

​លោកស្រី ជា សិរី បញ្ជាក់ថា ជាមួយនឹង​ការកើនឡើង fintech ធនាគារ​កណ្តាល​បានដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​បាគង​ដែលមាន​មូលដ្ឋាន​លើ blockchain ដែល​អាចឱ្យ​ប្រតិបត្តិការ​រលូន​រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តាមរយៈ QR Code ដែល​នៅពេលនេះ​បម្រើ​អ្នក​​ប្រើប្រាស់​ជាង ១០​ លាន​នាក់​។​

​លោកស្រី សិរី បាន​កត់សម្គាល់ថា ក្នុង​ឆមាស​ទី​១ ឆ្នាំនេះ បាគង​មាន​ប្រតិបត្តិការ​ជាង ៣៥,៤ ​លាន ដែលមាន​ចំនួន​ជាង ១២ ​ពាន់​លាន​ដុល្លារ ស្មើនឹង ៦៧ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​។ ប្រតិបត្តិ​ការទូទាត់​ឌីជីថល​ក្នុងអំឡុង​ពេលនេះ​មាន​ចំនួន ៨៩២ ​ភាគរយ​ នៃ​ផលិត​ផល​ក្នុងស្រុក​សរុប​៕​