Grand Twins International (Cambodia) Plc (GTI) ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​តៃវ៉ាន់ ​ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​កម្ពុជា បាន​រាយការណ៍​ពី​ដំណើរការ​អាជីវកម្ម​ដែល​ធ្លាក់ចុះ​ជា​បន្ត​នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំនេះ គិត​ត្រឹម​ខែកញ្ញា ចំពេល​មានការ​ធ្លាក់ចុះ​តម្រូវការ​ជាស​កល​ដែល​បណ្តាលមកពី​ការអូសបន្លាយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន និង​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ក្នុងចំណោម​បណ្ដា​ប្រទេស​មហាអំណាច​។​

​នៅក្នុង​ឯកសារ​ដែល​ផ្ញើ​ទៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX)​ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា​ក្រុមហ៊ុន GTI បានប្រកាស​ប្រាក់ចំណូល​ចំនួន ៦៦ ៤៣២ លាន​រៀល (​ឬ ១៦,១៩៥ លាន​ដុល្លារ​) ពី ១០០,៤៨១ លាន​រៀល (​ឬ ២៤,៧១២ លាន​ដុល្លារ​) ធ្លាក់ចុះ ៣៤,៤៦ ភាគរយ និង​បានបង្ហាញ​ប្រាក់ចំណេញ​មុន​បង់ពន្ធ​ចំនួន ៥១២ លាន​រៀល (១២៤ ៧៤៨ ដុល្លារ​) ធៀប​នឹង ១,០៩១ លាន​រៀល (​ឬ ២៦៨,៥៥៣ ដុល្លារ​) ធ្លាក់ចុះ ៥៣,៥៤ ភាគរយ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន​។​


​ក្រុមហ៊ុន​បាន​រាយការណ៍​ពី​ប្រាក់ចំណូល​សរុប​អវិជ្ជមាន​ចំនួន ២៨១,១៤៩ លាន​រៀល (៦៨,៥៣៩ ដុល្លារ​) នៅ​ត្រីមាស​នេះ ធៀប​នឹង​ចំនួនវិជ្ជមាន ១,០៩១ ពាន់​លាន​រៀល (២៦៨,៥៥៣ ដុល្លារ​) ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​គិត​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ទ្រព្យសម្បត្តិ​សរុប​មាន​ចំនួន ៣៥១,៥៥៣ ពាន់​លាន​រៀល ឬ ៨៥,២៨៧ លាន​ដុល្លារ កើនឡើង​ពី ៣៤៩,៦៨៨ ពាន់​លាន​រៀល ឬ ៨៤,៩៣៧ លាន​ដុល្លារ​។​


​លោក Yang Shaw-Shin ប្រធាន​ក្រុមហ៊ុន​GTI បានឱ្យដឹង​នៅក្នុង​ឯកសារ​នេះ​ថា​៖ «​ចាប់តាំងពី​កាលបរិច្ឆេទ​កាលពី​ឆ្នាំ​២០០៧ ក្រុមហ៊ុន​ Grand Twins បាន​ផលិត និង​ពង្រីក​ផលិតផល​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ដែលជា​ការទទួលស្គាល់​ថា​ជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា​។ យើង​ជឿជាក់​យ៉ាង​មុតមាំ​លើ​សមត្ថភាព​របស់​យើង​លើ​ការបង្កើត អភិវឌ្ឍ និង​ចែកចាយ​ដល់​អតិថិជន​របស់​យើង​នៅ​ទូទាំង​ពិភពលោក​»​។​

​លោក​ថ្លែងថា​៖ «​យើង​បន្ត​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​សំខាន់ៗ​របស់​យើង ដើម្បី​ទទួលបាន​ការបញ្ជាទិញ​កាន់តែច្រើន​នៅ​ឆ្នាំ​២០២៣ ទន្ទឹមនឹងនោះ យើង​បន្ត​សហការ​ជាមួយ​អតិថិជន​ផ្សេងទៀត ដើម្បី​បង្កើន​ប្រាក់ចំណូល​ផ្សេងទៀត​របស់​យើង ដូចជា​ពី​កិច្ចសន្យា​បន្ត និង​ការ​កាត់ដេរ​សម្លៀកបំពាក់ (CMP) ឱ្យមាន​ស្ថិរភាព និង ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ជាង​ឆ្នាំមុនៗ​»​។​

​នៅក្នុង​ឯកសារ កាលពី​ខែមិថុនា​បាន​កត់សម្គាល់ថា​ក្រុមហ៊ុន​មួយ​នេះ បាន​រក្សា​ឈ្មោះ​ស្របច្បាប់​បច្ចុប្បន្ន​បន្ទាប់​ពី​ក្លាយជា​ក្រុមហ៊ុន​សាធារណៈ​មាន​កម្រិត កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ​ឆ្នាំ​២០១៣ ហើយ​កាលពី​ថ្ងៃទី​១៦ ខែកក្កដា​ ឆ្នាំ​២០១៨ ក្រុមហ៊ុន​នេះ​បាន​ទិញ ​QMI Industrial Co Ltd​ ជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ឈានមុខ​គេ ដែល​បាន​ដំណើរការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ ។​

​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៤ ក្រុមហ៊ុន​មួយ​នេះ​ បាន​ក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជី​ទី​២​ តែ​ ១​ គត់​របស់ CSX ដែល​ប្រមូល​មូលនិធិ​បាន​ចំនួន ៧៧,១២ ពាន់​លាន​រៀល​តាមរយៈ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ (IPO)​។​នេះ​បើ​យោងតាម​គេហទំព័រ​របស់​ផ្សារ​ហ៊ុន​។​

​ក្រុមហ៊ុន GTI ទិញ​វត្ថុធាតុដើម​ពី​ប្រទេស​ចិនដីគោក តៃវ៉ាន់ ថៃ និង​វៀតណាម​។ នៅក្នុង​ត្រីមាស ​ខែមករា ​ដល់​ខែមីនា «​ទិសដៅ​នាំចេញ​របស់ខ្លួន​រួមមាន​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ចំនួន ៥៨ ​ភាគរយ អាមេរិក​ចំនួន ២៦​ ភាគរយ អាស៊ី និង​ប្រទេស​ផ្សេងទៀត​ចំនួន ​១៦​ ភាគរយ​នៃ​ប្រាក់ចំណូល​សរុប​»​។​

​លោក Yang បានឱ្យដឹងថា នៅ​ត្រីមាស​ផ្សេងទៀត​ឆ្នាំ​២០២៣ លោក​នឹង​ប្តេជ្ញា​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ពង្រឹង​អភិបាលកិច្ច​សាជីវកម្ម និង​សម្រេចបាន​ចក្ខុវិស័យ និង​បេសកកម្ម​។ «​គោលដៅ​របស់​យើង នឹង​សម្រេចបាន​ប្រាក់ចំណេញ​ខ្ពស់ជាង​ឆ្នាំមុនៗ​៕