ទីបំផុត លោក ឆែ​ន ច័ន្ទដារ៉ា ម្ចាស់​អាជីវកម្ម​សហគ្រាស​ធុន​មធ្យម ផលិត​ប្រេងឆា​កន្ទក់ ដែល​ទើប​បោះទុន​វិនិយោគ​លើ​រោងចក្រ​សិប្បកម្ម​ផលិត​ប្រេង​ដោយ​ប្រើ​វត្ថុធាតុដើម​សំខាន់​ពី​អង្ករ​និង​កន្ទក់ មកពី​ខេត្តបាត់ដំបង ត្រូវបាន​គណៈកម្មការ​វាយតម្លៃ​ឱ្យ​ជាប់​ចំណាត់ថ្នាក់​លេខ ​១​ ពី​កម្មវិធី «​ពានរង្វាន់​សហគ្រិន ថ្នាក់ជាតិ​ឆ្នាំ​ ២០២៣»​ ពី​ក្នុងចំណោម​ក្រុមហ៊ុន​ ២៥៤ ​ដែល​ដាក់ពាក្យ​ប្រកួតប្រជែង​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន សហគ្រិន​ខ្មែរ (Khmer Enterprise) ដែលជា​អង្គភាព​មួយ​នៅក្រោម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សម្រាប់​ការលើកកម្ពស់​សហគ្រាស​ក្នុងស្រុក បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ (NIEI) រៀបចំ​ការប្រកួតប្រជែង​នេះ​និង​ប្រគល់​រង្វាន់​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​។​


​កម្មវិធី​ប្រគល់​ពានរង្វាន់​ដល់​ម្ចាស់​សហគ្រាស​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី «​ពានរង្វាន់​សហគ្រិន ថ្នាក់ជាតិ​ឆ្នាំ ​២០២៣» បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង លោក ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ សហគ្រិន​ខ្មែរ​។ 

​សេចក្តីប្រកាស​ដដែលបានឱ្យដឹងថា ក្រោយពី​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ គណៈកម្មការ​វាយតម្លៃ​បាន​ពិភាក្សា​យ៉ាង​ហ្មត់ចត់ និង​សម្រេច​ជ្រើសរើស ជយលាភី​ ៤ ​រូប ដោយ​ម្ចាស់​ជយលាភី​លេខ​ ១ បាន​ទៅលើ លោក ឆែ​ន ច័ន្ទដារ៉ា ម្ចាស់​អាជីវកម្ម​សហគ្រាស​ធុន​មធ្យម ផលិត​ប្រេងឆា​កន្ទក់ នៅ​ខេត្តបាត់ដំបង​។​
  
​សេចក្តីប្រកាស បាន​បន្តថា ម្ចាស់​ជយលាភី​លេខ ​២ បាន​ទៅលើ លោកស្រី ចៅ លន់​មូលី​ការ (​ម្ចាស់​អាជីវកម្ម Cambodian Standard Development & Supply Co.,Ltd មកពី​រាជធានី​ភ្នំពេញ​។ ម្ចាស់​ជយលាភី​លេខ​៣ បាន​ទៅលើ លោក ចាន់ សិល្ប​សុជាតិ ម្ចាស់​អាជីវកម្ម អ៊ី​ឆេ ង៉ូ​វ​ហេង មកពី​ខេត្តកំពត និង ម្ចាស់​ជយលាភី​លេខ ​៤ បាន​ទៅលើ លោក សុទ្ធ វណ្ណៈ ម្ចាស់​អាជីវកម្ម អូស្ត្រាលី ផេ​ស៊ី​ហ្វិ​ក អ៊ិន​វេស​ម៉ិ​ន ខូ អិ​ល​ធី​ឌី មកពី​ខេត្តសៀមរាប​។​
  
​សេចក្តីប្រកាស​នោះ បាន​លើកឡើងថា ម្ចាស់​ជយលាភី​លេខ​ ១ ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​សរុប ​១​ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក មានឱកាស​ធ្វើជា​ទីប្រឹក្សា «​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍​» ជា​វាគ្មិន​កិត្តិយស​ក្នុង​កម្មវិធី​សហគ្រិន​របស់​វិទ្យាស្ថាន ជា​តំណាង របស់​វិទ្យាស្ថាន​ចូលរួម​ប្រកួតប្រជែង ពានរង្វាន់​សហគ្រិន​ក្នុង​តំបន់ ជា​អ្នកផ្ដល់​ពិន្ទុ​សម្រាប់​កម្មវិធី «​ពានរង្វាន់ សហគ្រិន​ថ្នាក់ជាតិ​» នៅ​ឆ្នាំក្រោយ​ព្រមទាំង​ទទួលបាន​លិខិតបញ្ជាក់​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ និង​បណ្ដុះ បណ្ដាល​វិជ្ជាជីវៈ​។ 
  
​នេះ​ជា​លើក​ទី​៤ ​ហើយ​ដែល «​កម្មវិធី​ប្រកួត​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​» ត្រូវបាន​រៀបចំ ឡើង​ដើម្បី​លើកទឹកចិត្ត​សហគ្រិន​កម្ពុជា​ឱ្យ​បើក​បង្ហាញ​គំនិត​អាជីវកម្ម​របស់ខ្លួន និង​សមិទ្ធផល​ដែល​សម្រេចបាន​ដល់​គណៈកម្មការ​វាយតម្លៃ និង​ដាក់ពិន្ទុ​ដើម្បី​ទទួលបាន​ដំបូន្មាន​ល្អៗ​ការលើកទឹកចិត្ត និង​អបអរសាទរ​ជា​សាធារណៈ​ដល់​ម្ចាស់​ជយលាភី​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​ហើយ​បានរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​
  
​ជាក់ស្តែង​ការប្រកួត​ប្រព្រឹត្តទៅ​ដោយមាន​ការដាក់​ពាក្យ​ចំនួន ២៥៤ ​ក្រុមហ៊ុន មកពី​ទូទាំងប្រទេស​កម្ពុជា​ដែល​ការផ្សព្វផ្សាយ បាន​បែង​ចែកជា ៥​តំបន់​រួមមាន​៖ តំបន់​បាត់ដំបង តំបន់​សៀមរាប តំបន់​កំពង់ចាម តំបន់​កំពត និង​តំបន់​កណ្តាល​។ 
  
​កម្មវិធី​ដែល​រៀបចំឡើង​ដោយ​សហគ្រិន​ខ្មែរ​មាន​គោលបំណង​ធ្វើការ​ដោយផ្ទាល់​ជាមួយ​ស្ថាប័ន​ដៃគូ និង​អ្នកពាក់ព័ន្ធ​នានា​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​នៅ​កម្ពុជា​។ សហគ្រិន​ខ្មែរ​មាន​ចក្ខុវិស័យ​ក្លាយជា​ថ្នាល​ជាតិ សម្រាប់​ការលើកកម្ពស់​សហគ្រិន​ភាព​តាមរយៈ​ការគាំទ្រ​ទាំង​ហិរញ្ញវត្ថុ​និង​មិនមែន​ហិរញ្ញវត្ថុ​ដល់​ធុរកិច្ច​ថ្មី និង សហគ្រាស​ធុន​តូច​និង​មធ្យម​ដែលមាន​សក្ដានុពល​នៅក្នុង​វិស័យ​អាទិភាព ដូចជា​វិស័យ​បច្ចេកវិទ្យា​គម​នា​គន៍ សេវាកម្ម កសិកម្ម និង​ផលិតកម្ម ឱ្យបាន​ច្រើន​ដើម្បី​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​៕​