​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សេរី​វុត្ថា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​​ ១៨ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ​នេះ​ថា ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​បាន​បន្ថែម​ជើងហោះហើរ​ទៅមក​រវាង​ប្រទេស​ចិន និង​កម្ពុជា ស្រប​ពេលដែល​ប្រទេស​កម្ពុជា ទើបតែ​ដាក់ឱ្យ​ប្រើប្រាស់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី និង​ដាក់ចេញ​«​ផែនការ​ពិសេស​» ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។ 


​លោក ស៊ិន ចាន់​សេរី​វុត្ថា បាន​ថ្លែង​ប្រាប់ថា ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ចិន និង​កម្ពុជា ចាប់ពី​ខែធ្នូ ឆ្នាំនេះ ក្រុមហ៊ុន​អាកាសចរណ៍ China Southern Airlines នឹង​បន្ថែម​ជើងហោះហើរ​ត្រង់​មកកាន់​ប្រទេស​កម្ពុជា​ចំនួន ៤ ជើង​ក្នុង​មួយ​សប្តាហ៍ ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ជើងហោះហើរ​ដើម​ចំនួន ២ ជើង​ក្នុង​មួយថ្ងៃ​។ 


​លោក​បាន​បញ្ជាក់ថា​៖ «​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​China News Service ក្រុមហ៊ុន​អាកាសចរណ៍ China Southern Airlines នឹង​បន្ថែម​ជើងហោះហើរ​ត្រង់​ចំនួន ៤ មកកាន់​ប្រទេស​កម្ពុជា​រៀងរាល់​សប្តាហ៍ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១ ខែធ្នូ​។ ចាប់ពី​ខែធ្នូ​តទៅ ជើងហោះហើរ​ក្វាង​ចូ​វ​-​ភ្នំពេញ របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Southern Airlines ជើងហោះហើរ CZ៦០៥៩ និង CZ៣២៣ នឹង​ដំណើរការ​មួយថ្ងៃ​ម្តង​»​។​
 
​លោក​បាន​បន្តថា ខណៈពេលដែល​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​ការផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​ប្រជាជន​ចិន​-​កម្ពុជា​ឆ្នាំ ២០២៤​ កំពុង​ខិតជិត​មកដល់​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​បានប្រកាស​ពី​ការបន្ថែម​ជើងហោះហើរ​រវាង​ប្រទេស​ចិន និង​កម្ពុជា​ចាប់ពី​ខែធ្នូ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ជន​ជាតិចិន ភ្ញៀវទេសចរ​អន្តរជាតិ និង​អ្នកវិនិយោគ ដែល​ទៅសួរសុខទុក្ខ​សាច់ញាតិ និង​ការធ្វើដំណើរ​កម្សាន្ត និង​ការធ្វើ​ទស្សនកិច្ច​អាជីវកម្ម​រវាង​ប្រទេស​ទាំងពីរ​។​
 
​បើតាម លោក សេរី​វុត្ថា ក្រុមហ៊ុន​អាកាសចរណ៍ China Southern Airlines នឹង​បន្ថែម​ថ្មី​នូវ​ជើងហោះហើរ​ក្វាង​ចូ​វ​-​ភ្នំពេញ CZ៨៣១៣  នឹង​ដំណើរការ​មួយថ្ងៃ​ម្តង រៀងរាល់ថ្ងៃ​ចន្ទ ពុធ សុក្រ និង​ថ្ងៃអាទិត្យ​។


នៅពេលនោះ ក្រុមហ៊ុន​អាកាសចរណ៍ China Southern Airlines នឹងមាន​ជើងហោះហើរ​ប្រចាំ​សប្តាហ៍​ចំនួន ៣៦ ជើង​រវាង​ទីក្រុង​ក្វាង​ចូ​វ និង​រាជធានី​ភ្នំពេញ​។ 


​លោក​បាន​បញ្ជាក់ទៀតថា​៖ «​ក្រុមហ៊ុន​អាកាសចរណ៍ ខេ​ម​បូ​ឌា អ៊ែរ​ឡាញ នឹង​បើក​ដំណើរការ​ជើងហោះហើរ​ទៅមក​ពី​ភ្នំពេញ​ទៅ​ជី​ណាន ខេត្ត​សាន​ទុង នៅ​ថ្ងៃទី​ ២៣ ខែធ្នូ​។ ក្នុងចំណោម​នោះ ជើងហោះហើរ​ពី​ជី​ណាន​មក​ភ្នំពេញ នឹងធ្វើ​ដំណើរ នៅ​ម៉ោង ៣​រសៀល រៀងរាល់ថ្ងៃ​សៅរ៍ ហើយ​មកដល់​ភ្នំពេញ​នៅ​ម៉ោង ជិត​៧​ល្ងាច ម៉ោង​ក្នុងស្រុក​។ នៅ​ឆ្នាំក្រោយ ក្រុមហ៊ុន​អាកាសចរណ៍ ខេ​ម​បូ​ឌា អ៊ែរ​វ៉េ ក៏មាន​គម្រោង​បើក​ជើងហោះហើរ​ថ្មី​ពី​ភ្នំពេញ​ទៅ ហៃ​គូ ហៃ​ណាន និង​សាន់​យ៉ា​»​។ 


​បើតាម​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល បច្ចុប្បន្ន ទីក្រុង​របស់​ចិន​ដែលមាន​ជើងហោះហើរ​ត្រង់​មក​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា រួមមាន​ទីក្រុង​ប៉េកាំង សៀង​ហៃ ក្វាង​ចូ​វ ណាន​នី​ង ឆេង​ទូ គុន​មីង និង​កន្លែង​ផ្សេងៗ​ទៀត​។ នៅពេលដែល​ជំងឺ​កូ​វីដ​ ១៩​ បាន​ធូរស្រាល​បន្តិច​ម្តងៗ ភ្ញៀវទេសចរ​អន្តរជាតិ និង​អ្នកវិនិយោគ​កាន់តែ​ច្រើនឡើងៗ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។​
 
​របាយការណ៍​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​បង្ហាញថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី មាន អ្នកដំណើរ​ទៅដល់​ជា​មធ្យម កើន​ពី ២ ៦០០ នាក់ ទៅ ​៣ ​២០០​ នាក់ ក្នុង​​ ១ ថ្ងៃ ដោយមាន​ការហោះហើរ​ជា​មធ្យម ៤៤​ជើង​ក្នុង​មួយថ្ងៃ ( ទ្វេ​ទិស​)​។

ភាគច្រើន​ជើងហោះហើរ​មកពី​តំបន់​អាស៊ាន និង​ចិន ដោយ​ក្នុងនោះ​មាន​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍ អាស៊ាន​ ៧៥​ ភាគរយ និង​អឺរ៉ុប ២៥​ ភាគរយ​។​ 

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ៨ ធ្វើការ​ហោះហើរ​ចេញ​-​ចូល ក្នុងនោះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ចំនួន​ ៧ និង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចំនួន​ ១ និង​រំពឹងថា នឹងមាន​ការ​កើន​ដល់​ ៩ ​ទៅ​​ ​១០ ​ក្រុមហ៊ុន​នៅ ក្នុង​រដូវ​កាល​នេះ (Winter ២០២៣) នៅ​សប្តាហ៍​បន្តបន្ទាប់ៗ​ខាងមុខនេះ​៕