ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី គាំទ្រពាណិជ្ជកម្មដោយសេរីនិងបើកចំហ ដោយបានគូសបញ្ជាក់ថា ការអភិវឌ្ឍឥតឈប់ឈររបស់អាស៊ីពឹងផ្អែកលើការពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ ដោយប្រើប្រាស់ភាពចម្រុះជាចំណុចខ្លាំទើបអាចយកឈ្នះលើការប្រឈមនានាសម្រាប់ផលប្រយោជន៍រួម។
ការប្តេជ្ញាកម្ពុជា ធ្វើឡើងនាឱកាស ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាលោក អ៊ុច បូររិទ្ធ បានអញ្ជើញថ្លែងសុន្ទរកថាក្នុង «វេទិកាសេដ្ឋកិច្ច និងសង្គម»៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល និងរួមគ្នាស្វែងរកការអភិវឌ្ឍអាស៊ី ក្រោមប្រធានបទ «ការរក្សាកិច្ចសន្ទនាអរិយធម៌ ដើម្បីលើកតម្កើងអរិយធម៌ និងវឌ្ឍនភាពមនុស្សជាតិ» នៅរដ្ឋធានីប៉េកាំងនៃប្រទេសចិនកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រវត្តិសាស្ត្ររបស់អាស៊ី ដែលជាទីតាំងលំនៅដំបូង និងជាប្រភពដើមដ៏សំខាន់មួយនៃអរិយធម៌របស់មនុស្សជាតិ។ ដោយរៀបរាប់ពីប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា លោកបានគូសបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានាសម័យបុរាណ ក្នុងទំនាក់ទំនងជាមួយប្រជាជាតិដទៃទៀត តាមរយៈផ្លូវសូត្រសមុទ្រក្នុងចន្លោះសតវត្សរ៍ទី១ និងទី៦។
ក្នុងសេចក្តីប្រកាសបញ្ជាក់ថា៖ «ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី គាំទ្រពាណិជ្ជកម្មដោយសេរីនិងបើកចំហ និងមិនគាំទ្រសកម្មភាពគាំពារនិយម ឯកតោភាគីនិយម និងសេដ្ឋកិច្ចជាតិនិយម»។
ដោយរំលេចនូវភាពសម្បូរបែបនៃអរិយធម៌អាស៊ីនិងសកល លោក អ៊ុច បូររិទ្ធ បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) របស់ លោកប្រធានាធិបតីចិន ស៊ី ជីងពីង ដែលផ្តល់តម្លៃលើទំនាក់ទំនងនិងកិច្ចសន្ទនាស៊ីជម្រៅនៃអន្តរអរិយធម៌ ក្នុងការលើកស្ទួយវឌ្ឍនភាពមនុស្សជាតិ និងជំរុញឱ្យមានការផ្តល់តម្លៃចំពោះគ្នាទៅវិញទៅមក លើក្តីសង្ឃឹមនិងវិបុលភាពរួម។
លោក ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ (BRI) ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងលើកកម្ពស់ការតភ្ជាប់នៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងកំណើនបៃតង និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
លោកបញ្ជាក់ទៀតថា កម្ពុជាប្ដេជ្ញាបន្តកិច្ចសហការក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ ដើម្បីផលប្រយោជន៍របស់ប្រជាជាតិទាំងអស់។
នាឱកាសនោះដែរលោក អ៊ុច បូររិទ្ធ បានថ្លែងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជាលើវិស័យជាច្រើន ដែលសម្រេចបានតាមរយៈការធានាបាននូវសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍រួម ក៏ដូចជាការគាំទ្រពីប្រទេសចិននិងបណ្តាប្រទេសជាមិត្ត ព្រមទាំងស្ថាប័នផ្សេងៗ។
លោកក៏បានរំលេចផងដែរថា៖ «ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក អត្រានៃភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះជាលំដាប់ ក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ១,៦ ភាគរយ។ សេដ្ឋកិច្ចកម្ពុជាបានសម្រេចនូវកំណើនជាង ៧ ភាគរយក្នុងមួយឆ្នាំ មុនពេលនៃការផ្ទុះឡើងនូវជំងឺកូវីដ ១៩»។
តាមរយៈវេទិនានេះដែរ លោកទេសរដ្ឋមន្ត្រី បានគូសបង្ហាញពីយុទ្ធសាស្ត្រអភិវឌ្ឍថ្មីរបស់កម្ពុជា សំដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណក្នុងរយៈពេល ២៥ ឆ្នាំ ដែលស្របជាមួយនឹងគោលការណ៍បរិយាបន្ន សន្តិភាពនិងស្ថិរភាព និរន្តរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិបើកទូលាយ និងផ្អែកលើច្បាប់៕