មណ្ឌលគិរីៈ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​មណ្ឌលគិរី ឱ្យដឹងថា ទិន្នផល​គ្រាប់​កាហ្វេ​ស្រស់​ខេត្ត​មណ្ឌល​​គិរី​ក្នុង​ឆ្នាំ​​ ២០២៣ នេះ​មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន ក្រោយពី​មាន​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម ខណៈ​ការដាំដុះ និង​ផ្ទៃដី​ដាំ​ដុះ​មានការ​កើនឡើង​ដូចគ្នា​។​

​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ ខេត្ត​មណ្ឌល​គិរី លោក សុង ឃាង បានឱ្យដឹង​កាលពី​ថ្ងៃទី​ ១៩ ខែវិច្ឆិកា ថា តម្លៃ​ផលិតផល​គ្រាប់​កាហ្វេ​ស្រស់ ឬ​គ្រាប់​កាហ្វេ​ឆៅ​ចម្រុះ​នៅ​ខេត្តមណ្ឌលគិរី បាន​កើន​ឡើង​ចន្លោះ​ ២០០-៣០០​ រៀល ​ក្នុង ​១​ គីឡូក្រាម​នា​ឆ្នាំ ​២០២៣ នេះ ក្រោយពី​មាន​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម ស្ដីពី​ការ​ផ្គត់​ផ្គង់​ផលិតផល​កាហ្វេ​ស្រស់​រវាង​អ្នក​ក្រុម​ផលិត​ជាមួយ​ក្រុមហ៊ុន​ប្រមូល​ទិញ​។​


​លោក​ប្រាប់ថា​៖ «​តម្លៃ​គ្រាប់​កាហ្វេ​ស្រស់ ឬ​គ្រាប់​កាហ្វេ​ឆៅ​​ចម្រុះ​មានតម្លៃ​ចន្លោះ ១ ៣៥០​ ទៅ ១ ៥០០ ​រៀល​ក្នុងឆ្នាំនេះ ដោយ​កើនឡើង ២០០-៣០០ ​រៀល ហើយ​រំពឹងថា តម្លៃ​គ្រាប់​កាហ្វេ​ស្រស់ ឬ​គ្រាប់​កាហ្វេ​ឆៅ​ចម្រុះ​នៅតែ​អាច​បន្ត​កើន​ដល់​ចន្លោះ​ពី ១ ៤០០-១ ៦០០​ រៀល ​ក្នុង ១ ​គីឡូក្រាម​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ទៀត​»​។​

​លោក សុង ឃាង បាន​បន្តថា កត្តា​ដែល​ធ្វើឱ្យ​តម្លៃ​គ្រាប់​​កាហ្វេ​ស្រស់ ឬ​កាហ្វេ​ឆៅ កើន​ឡើង គឺ​ដោយសារតែ​មានការ​សហការគ្នា​រវាង​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​ជាមួយ​ក្រុមហ៊ុន​ ខូ​ហ្វី ក្នុង​រយៈពេល​ ២ ​ឆ្នាំ ដើម្បី​ប្រមូល​ទិញ​គ្រាប់​កាហ្វេ​ស្រស់​ក្នុងតម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​។​


​លោក​បញ្ជាក់ថា​៖ «​ការរក្សា​តម្លៃ​ទីផ្សារ​នៃ​ផលិតផល​កាហ្វេ​ស្រស់ ឬ​គ្រាប់​កាហ្វេ​ឆៅ​បានរួម​ចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​កសិករ​កាន់តែ​ប្រសើរ និង​មាន​ភាព​ធន់​ជាង​មុន​។ ជា​​មួយ​នេះ​អាច​ពង្រឹង​ទៅលើ​ការ​ដាំ​ដុះ​ដើម្បី​ធានា​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ត្រឹមត្រូវ​តាម​ស្តង់ដា និង​និរន្តរភាព​ផងដែរ​»​។​

​ពលរដ្ឋ​រស់នៅ​ភូមិ ឃុំ​ភូ​លូក ស្រុក​ពេ​ជ្រា​តា ខេត្តមណ្ឌលគិរី អ្នកស្រី មាស មករា បាន​ប្រាប់ថា អ្នកស្រី​បាន​ចាប់យក​ការដាំ​ដុះ​កាហ្វេ​រយៈពេល ៩​ ឆ្នាំ​ហើយ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ និង​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម​ក្នុងប្រទេស​បាន​ ១ ​ផ្នែក​។​

​អ្នកស្រី​បន្តថា បច្ចុប្បន្ន​កាហ្វេ គឺជា​ប្រភេទ​ដំណាំ ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ទាំង​ក្នុងប្រទេស​​ក្រៅប្រទេស​។​

​អ្នកស្រី​អះអាងថា​៖ «​គ្រាប់​កាហ្វេ​ស្រស់​នាពេល​បច្ចុប្បន្ន​មានតម្លៃ​គួរសម ជាពិសេស​ក្រោយពី​ការសម្របសម្រួល​បង្កើត​ឱ្យមាន​កិច្ចសន្យា​កសិកម្ម មាន​ក្រុមហ៊ុន​ចាំ​ប្រមូល​ទិញ ដោយ​យើង​មិន​បារម្ភ​រឿង​ទីផ្សារ​ឡើយ​។ ប៉ុន្តែ​យើង​ត្រូវគោរព​តាម​លក្ខខណ្ឌ​របស់គេ​ដោយ​ត្រូវ​ប្រើ​ជីធម្មជាតិ និង​ថែទាំ​ដោយ​យកចិត្តទុកដាក់​ទើប​គ្រាប់​កាហ្វេ​ស្រស់​មានគុណ​ភាពល្អ​»​។​

​បើតាម​ការ​ប្រាប់​ឱ្យដឹងពី​ប្រ​ធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តមណ្ឌលគិរី គិត​ត្រឹម​ឆ្នាំ​ ២០២៣ មាន​កសិករ​ប្រមាណ ៣៦៥ ​គ្រួសារ និង​ក្រុមហ៊ុន ​១ កំពុង​ដាំ​កាហ្វេ លើ​ផ្ទៃដី​សរុប ៥២៥ ​ហិកតា​។​

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជារឿយៗ​តែងតែ​ជំរុញ​ឱ្យ​អ្នកពាក់ព័ន្ធ​ធ្វើ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម រវាង​ក្រុម​ហ៊ុន​ឯកជន ជាមួយនឹង​កសិករ ដោយ​លោក​លើកឡើងថា កិច្ច​សន្យា​ផលិតកម្ម​កសិកម្ម​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​កសិកម្ម ជាពិសេស​ពង្រឹង​ការ​ទទួលខុសត្រូវ និង​ភាពជឿ​​ទុកចិត្ត​គ្នា​រវាង​ភាគី​អ្នក​ផលិត និង​ភាគី​អ្នកទិញ​។​

​យោងតាម​ក្រសួងកសិកម្ម កំណើន​នៃ​ការ​ទទួលទាន​កាហ្វេ​នៅ​កម្ពុជា​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយ​ក្រសួង​បាននិងកំពុង​រៀបចំ​ឱ្យមាន​ការ​ពង្រីក​ដាំ​កាហ្វេ រ៉ូ​ប៊ូ​ស្តា និង​ការ​ប្រើប្រាស់​កាហ្វេ​នេះ​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​ការដាំដុះ​កាហ្វេ​ប្រភេទ រ៉ូ​ប៊ូ​ស្តា នៅមាន​តិចតួច​នៅឡើយ​។​

​ក្រសួង​បញ្ជាក់ថា កាហ្វេ​ប្រ​​ភេទ រ៉ូ​ប៊ូ​ស្តា មាន​ភាពអំណោយ​ផល​សម្រាប់​ការដាំដុះ​នៅ​កម្ពុជា ដោយ​អាច​ដាំ​បាន​នៅ​តំបន់​ខ្ពស់​រាប​ដូចជា ខេត្តមណ្ឌលគិរី ដែលមាន​អាកាសធាតុ​ត្រជាក់​ល្មម និង​មាន​ភ្លៀង​ច្រើន​៕