​ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​ទំនិញ​ទ្វេភាគី​កម្ពុជា​-​វៀតណាម នៅក្នុង​រយៈពេល ១០​ ​ខែ​ដើមឆ្នាំ ​២០២៣ មាន​ទឹកប្រាក់​សរុប​ជិត ៥,៣ ​ពាន់​លាន​ដុល្លារ​កើន​ជាង ៥​ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដោយ​ក្នុងនោះ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​វៀតណាម មាន​ជិត ២,៣​ ពាន់​លាន​ដុល្លារ កើន​ជិត ៣៦​ ភាគរយ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ​របស់​កម្ពុជា​កត់​​ត្រា​ដោយ GDCE បាន​បង្ហាញថា ចន្លោះ​ពី​ខែមករា​-​តុលា ឆ្នាំ ​២០២៣ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា​-​វៀតណាម មាន​ទឹកប្រាក់​សរុប ៥,២៨ ​ពាន់​លាន​ដុល្លារ កើន ៥,៥​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន ៥ ​ពាន់​លាន​ដុល្លារ​។


ក្នុង​ចំនួន​ខាងលើ​គឺ​ការនាំចេញ​របស់​កម្ពុជា​មាន​ចំនួន ២,២៦​ ពាន់​លាន​ដុល្លារ កើន​ ៣៥,៩​ ភាគរយ និង​ទំនិញ​វៀត​ណា​ម​នាំមក​កម្ពុជា ៣,០១​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៩,៧ ​ភាគរយ​។ បើ​ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព ៧៥៣,៨៤​ លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​ មាន​ចំនួន ១,៦៧​ ពាន់​លាន​ដុល្លារ​។​

GDCE បានឱ្យដឹង​ទៀតថា សម្រាប់​ខែតុលា ឆ្នាំ​ ២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ចំនួន ៥០២,៥៧​ លាន​ដុល្លារ កើន ៣៦,៥ ​ភាគ​រយ​ពី ៣៦៨,២​លាន​ដុល្លារ​កាល​ពី​ខែតុលា ឆ្នាំ​ ២០២២ ដោយ​ទំនិញ​កម្ពុជា​នាំទៅ​វៀតណាម ២២៣​ លាន​ដុល្លារ កើនឡើង ១១៣,៥ ​ភាគរយ និង​ទំនិញ​វៀតណាម​នាំចូល ២៧៩,៥៧ ​លាន​ដុល្លារ កើន ៦ ​ភាគរយ​។​


​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ទឹកប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​កើនឡើង​ខាងលើ គឺ​បាន​ពី​ការរួមចំណែក​យ៉ាងច្រើន​នៃ​ការនាំចេញ​របស់​កម្ពុជា ដែល​ភាគច្រើន​ជា​ផលិតផល​កសិកម្ម​។

កំណើន​នេះ​នឹង​បន្តទៀត ព្រោះ​បច្ចុប្បន្ន​ចំនួន​វិនិយោគិន​ដែល​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​បាន​កើន​ជា​បន្តបន្ទាប់​ដែល​ធ្វើឱ្យ​ការ​ប្រ​មូល​ផល​កើន​ស្ទើរ​គ្រប់​វិស័យ​។ 

លោក​បន្តថា តាមពិត​ទំហំ​ពា​ណិ​ជ្ជ​កម្ម​ប្រទេស​ទាំង​ ២ អាច​ច្រើន​លើសពីនេះ​ទៀត ព្រោះ​ក្នុងនាម​ជា​ប្រទេស​មាន​ព្រំដែន​សន្តិភាព​ជាប់​គ្នា គឺ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រជាជន​នៅ​ព្រំដែន​ប្រាកដ​ជាមាន​ច្រើន​លើសពី​ការកត់ត្រា​របស់​អាជ្ញាធ​រ​។​

​លោក​លើកឡើងថា​៖ «​ខ្ញុំ​គិតថា ទំហំ​ទឹកប្រាក់​ផ្លាស់ប្តូរ​ទំនិញ​កម្ពុជា​-​វៀតណាម អាចមាន​ច្រើន​លើសពី​តួលេខ​ដែល​កត់​ត្រា ខណៈ​បច្ចុប្បន្ន​មាន​វិ​និ​យោ​​គិ​ន​វៀតណាម​ជាច្រើន​កំពុង​វិ​និ​យោគ​ក្នុងប្រទេស​កម្ពុជា​ជាប់​ព្រំដែន​វៀតណាម​ផងដែរ​»​។​

​លោក​បន្តទៀតថា នៅពេល​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​ (​ខេត្តស្វាយរៀង​)​ ជាប់​ព្រំដែន​ប្រទេស​វៀតណាម​រួចរាល់​នោះ គឺ​ការធ្វើ​ពាណិជ្ជកម្ម​ទំនិញ និង​ភ្ញៀវទេសចរ​រវាង​ប្រទេស​ទាំង ២ នឹង​ហក់​ឡើង ១ ​កម្រិត​ទៀត​ជាមិនខាន​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ថ្មីៗ​នេះ​និយាយថា ការកើនឡើង​សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុជា បញ្ហា​កង្វះខាត​ឃ្លាំង​ស្តុក​/​រោង​ចក្រ​កែច្នៃ និង​ទុន​ប្រមូល​ទិញ​ផលិតផល ព្រមទាំង​ភាពល្អ​ប្រ​​សើរ​នៃ​ទំនាក់ទំនង​តាម​ព្រំដែន​បានធ្វើឱ្យ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​វៀតណាម ពិសេស​ការ​នាំចេញ​របស់​កម្ពុជា​កើន​ឡើងជា​បន្តបន្ទាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​។

លោក​បន្តថា បច្ចុប្បន្ន​ក៏មាន​វិ​និ​​យោគិន​វៀតណាម​កំពុង​បណ្តាក់​​ទុន​នៅ​កម្ពុជា​លើ​វិស័យ​ចម្រុះ​ជាច្រើន​ដូចជា កសិកម្ម ឧស្សា​ហក​ម្ម ធនធាន​រ៉ែ ដឹកជញ្ជូន និង​ហិរញ្ញវត្ថុ​ជាដើម​។​

​លោក​ប្រាប់ទៀតថា​៖ «​ដោយ​សារ​ប្រទេស​ទាំង​២​មាន​ព្រំដែន​គោក និង​ទឹក​ជាប់​គ្នា ដូច្នេះ​ការ​នាំចេញ​-​នាំចូល​ទំនិញ​ប្រាកដ​ជាមាន​ច្រើន​លើសពី​ការ​កត់​ត្រា​។ ការកើនឡើង​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក​ (​កម្ពុជា​) នឹង​ជួយ​ធ្វើឱ្យ​ការនាំចេញ​មាន​កំណើន​កាន់តែ​ខ្ពស់​»​។

លោក​បន្តថា​៖ «​បច្ចុប្បន្ន​វៀតណាម​គឺជា​ទីផ្សារ​ទទួល​ទិញ​កសិផល​ឈានមុខ​គេ​របស់​កម្ពុជា​»​។​

​យោងតាម​លោក លឹម ហេង ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា នាំទៅ​វៀតណាម​រួមមាន ស្រូវ​, ស្វាយចន្ទី​, ដំឡូង​មី​, កៅស៊ូ​, ចេក​, ពោត ស្វាយ និង​ថ្នាំជក់ ជាដើម ចំណែក​វៀតណាម​នាំ​មក​កម្ពុជា មានដូចជា សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេង​ឥន្ធនៈ ឧបករណ៍​អេឡិចត្រូនិក​​អគ្គិសនី គ្រឿងទេស ជី​កសិកម្ម និង​បន្លែ ផ្លែឈើ ជាដើម​។​

​ក្នុង​ឆ្នាំ ​២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម មាន​ចំនួន​សរុប ៦,១៣ ​ពាន់​លាន​ដុល្លារ កើន ១៩,៦ ​ភាគរយ​បើ​ធៀប​ទៅ​ឆ្នាំ​ ២០២១​។ ក្នុងនោះ​កម្ពុជា​នាំទៅ​វៀតណាម ២,១៧ ពាន់​លាន​ដុល្លារ កើន ៩,២​ ភាគ​រយ និង​ទំនិញ​វៀតណាម​នាំមក​កម្ពុជា ៣,៩៧ ​ពាន់​លាន​ដុល្លារ កើន ២៦,២​ ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕