​ភ្នំពេញៈ ប្រទេស​កម្ពុជា​ បាន​នាំចូល​ដែក និង​ដែកថែប ក្នុង​ទឹកប្រាក់​សរុប​ជិត ៣០៦​​ លាន​ដុល្លារ នៅក្នុង​រយៈពេល​ ១០ ​ខែ​ដើមឆ្នាំ​ ២០២៣ កើនឡើង​តិច​តួច​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ ខណៈ​ទឹកប្រាក់​នាំចូល​នៅក្នុង​ខែ​ចុងក្រោយ​បែរជា​ធ្លាក់ចុះ​ជាង ១៥​ ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​។​

GDCE ឱ្យដឹងថា ចាប់ពី​ខែមករា​ដល់​ខែតុលា ឆ្នាំ​ ២០២៣ ការ​នាំចូល​ទំនិញ​ក្នុង​ជំពូក ​(HS ២ ​ខ្ទង់​)​ លេខ​កូដ ៧២ ដែល​រួមមាន​ដែក និង​ដែកថែប មានតម្លៃ​សរុប ៣០៥,៩៧​ លាន​ដុល្លារ កើនឡើង ១,៤​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន ៣០១,៨៧​ លាន​ដុល្លារ​។ ទឹកប្រាក់​នេះ​ស្មើ ១,៥​ ភាគរយ​នៃ​ទឹកប្រាក់​នាំ​ទំនិញ​ចូល​សរុប​របស់​កម្ពុជា​រយៈពេល ១០​ ខែ ឆ្នាំ​ ២០២៣ ដែលមាន ២០,០៧ ​ពាន់​លាន​ដុល្លារ​។​


​អ្នកគ្រប់គ្រង​ទូទៅ​សមាគម​អ្នក​សាង​សង់​កម្ពុជា លោក ជីវ ស៊ីវ​ផេង ថ្មីៗ​នេះ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ទោះបី​ពេល​នេះ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក និង​ចរន្ត​នៃ​ការធ្វើដំណើរ​មាន​ភាពល្អប្រសើរ​ជាង​អំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ក៏​វិស័យ​សំណង់​នៅ​កម្ពុជា​មិនទាន់មាន​ដំណើរកា​រលឿ​ន​វិញ​ភ្លាមៗ​ទេ ដោយ​ត្រូវការ​ពេល​ថែមទៀត​។

ជាទូទៅ​វិស័យ​សំណង់​តែងតែ​ត្រូវការ​ពេល​យូរ​ជាង​វិស័យ​ផ្សេងៗ​ទៀត​សម្រាប់​ការ​ងើប​ឡើងវិញ ខណៈ​ការសាងសង់​បញ្ចប់​គម្រោង​ធំៗ​ក៏ត្រូវ​ការ​ពេល​យូរ​ផងដែរ​។ 


លោក​បន្តថា វិបត្តិ​សេដ្ឋកិច្ច និង​ន​យោ​បាយ​ពិភពលោក រយៈពេល​ជិត ៤​ ឆ្នាំ​មកនេះ បានធ្វើឱ្យ​សាងសង់​គម្រោង​ធំៗ​ជាច្រើន​ត្រូវ​បន្ថយល្បឿន ឬ​ជាប់គាំង​។ នៅពេល​វិស័យ​សំណង់​ដំណើរការ​មិនល្អ តម្រូវការ​សម្ភារ​សំណង់​ដូចជា ដែក ស៊ី​​ម៉​ង​ត៍ និង​គ្រឿងអគ្គិសនី ក៏​ចុះថយ​ដែរ​។​

​លោក​ប្រាប់ថា​៖ «​ការ​ថមថយ​ល្បឿន​ការសាងសង់ ព្រមទាំង​កំណើន​ផលិត​​ផល​ក្នុងស្រុក អាចជា​មូលហេតុ​ចម្បង​ធ្វើឱ្យ​ទឹកប្រាក់​នាំចូល​ដែក និង​ដែកថែប​ពី​ក្រៅប្រទេស​កើនឡើង​តិចតួច​ក្នុង​រយៈពេល​ខាងលើ​»​។​

​លោក​បន្តថា ទោះយ៉ាងណា​ការនាំ​​ចូល​ដែក និង​ដែកថែប អាច​នឹងមាន​បរិ​​មាណ​ច្រើន​ចាប់ពី​ឆ្នាំ​ ២០២៤ តទៅ​។​ដែក និង​ដែកថែប ភាគច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម ចិន និង​ថៃ​។​នៅ​កម្ពុជា​សំណង់​ធំៗ​ត្រូវបាន​គេ​ដឹងថា មាន​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។​

​លោក អ៊ឹម សេងហួ ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ការ​ត្រឡប់មកវិញ​ជា​បណ្តើរៗ​របស់​វិនិយោគិន​បរទេស ពិ​សេស​ជនជាតិ​ឥណ្ឌូនេស៊ី និង​ចិន បានធ្វើឱ្យ​ការដ្ឋាន​សំណង់​មួយចំនួន​ដែល​ជាប់គាំង​ជាង ៣ ​ឆ្នាំកន្លងមក​ក្នុង​ខេត្ត​​ព្រះសីហនុ​ចាប់ផ្តើម​ដំណើរការ​សាង​​សង់​ឡើងវិញ​ខ្លះៗ ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​ទីតាំង​ជួល​។​

​លោក​បាន​និយាយថា​៖ «​មួយរយៈ​ចុងក្រោយ​នេះ ខ្ញុំ​សង្កេតឃើញ​អគារ​ដែល​គេ​ទុកចោល​រយៈពេល ​២-៣ ​ឆ្នាំ​ចុងក្រោយ បានចាប់ផ្តើម​បន្ត​ការ​សាង​សង់​ឡើងវិញ ព្រោះតែ​កំណើន​នៃ​តម្រូវ​ការជួល ជាពិសេស​ពី​សំណាក់​វិ​និ​យោ​គិ​ន​ឥណ្ឌូនេស៊ី និង​ចិន ទាំង​កន្លែង​ស្នាក់​​នៅ និង​បើក​អាជីវកម្ម​»​។​

​កាលពី​ថ្ងៃទី​ ២០ ខែតុលា ឆ្នាំ​ ២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ បានអនុម័ត​ឱ្យ​គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​ដែក​របស់​ក្រុមហ៊ុន Huale Steel (Cambodia) Co.,Ltd ដែលមាន​ទុន​វិនិយោគ ៤០​ លាន​ដុល្លារ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុង​ព្រះ​សី​​ហ​នុ​។ កន្លងមក​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​កំពង់ស្ពឺ ក៏មាន​រោងចក្រ​ផលិត​ដែក បើក​ដំណើរការ​ផងដែរ​៕