ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​អាកាសចរ​ស៊ីវិល​កម្ពុជា​ ​(SSCA)​ បាន​ប្រាប់​ឱ្យដឹងថា ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​តេ​ជោ​សម្រេចបាន​ប្រមាណ ៥៥ ​ភាគរយ​ហើយ ដែល​អាច​នឹង​បញ្ចប់​តាម​ការគ្រោងទុក​នៅត្រឹម​ដំណាច់ឆ្នាំ ​២០២៤​ ខាងមុខ​។​

​លោក ស៊ីន ចាន់​សិរី​វុត្ថា អនុ​រដ្ឋ​លេ​ខា​ធិ​ការ​នៃ SSCA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា​ថា ជំហាន​ទី​ ១ នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​តេ​ជោ​សម្រេចបាន​ប្រមាណ ៥៥ ​ភាគរយ​គិត​មក​ត្រឹម​ពាក់កណ្តាល​ខែវិច្ឆិកា ដែល​គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២៤ និង​បើក​ឱ្យ​ដំណើរ​ការ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៥​។​


​លោក​បន្តថា សម្រាប់​គម្រោង​សាង​សង់​ដំណាក់កាល​ទី​១ នេះ គឺមាន​ទឹក​​ប្រាក់​សាងសង់​ចំនួន ៨០០​ លាន​ដុល្លារ ទៅលើ​ការងារ​សំខាន់ៗ ខណៈ​ស្ថានីយ​អ្នកដំណើរ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុមហ៊ុន​ឆៃ​ណា ខន​ស្ត្រា​ក់សិន អង្គភាព​ទី​ ៣ (CCTEB)​ សម្រេចការ​សាងសង់​បាន ៤៧,៤ ​ភាគរយ​, មជ្ឈមណ្ឌល​ផ្គត់ផ្គង់​ថាមពល​សម្រេចការ​សាងសង់​បាន ៧៣,៧ ​ភាគរយ​, ការងារ​ទាក់ទង​នឹង​ទីលាន​ចត​យន្តហោះ ស្ថិតក្រោម​ការ​គ្រប់​​គ្រង​របស់​ក្រុមហ៊ុន សៀង​ហៃ ប៉ោ​យៀ​ក (MCC/CAIC)​ បាន ​៥២,២​ ភាគរយ​។ សម្រាប់​ការ​សាងសង់​ប៉ម​ត្រួតពិនិត្យ​ចរាចរ​ណ៍​ផ្លូវអាកាស​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​កា​ណា​ស៊ី​ណូ ​(CSCC) សម្រេចការ​សាង​សង់​បាន ៩០,៨​ ភាគរយ​។​

​លោក​ថ្លែងថា​៖ «​បើ​មិនមាន​អ្វី​ប្រែប្រួល គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២៤​។ យើង​រំពឹង​ព្រលានយន្តហោះ​នេះ​នឹង​បើក​ដំណើរការ​នៅ​ឆមាស​ទី​១ ឆ្នាំ​ ២០២៥ ដោយសារតែ​យើង​ត្រូវការ​តេស្ត​សាកល្បង និង​ការទទួលបាន​វិញ្ញាបនបត្រ​សម្រាប់​ការហោះហើរ​»​។​


​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា យល់ឃើញថា​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​​អន្តរជាតិ​ឱ្យមាន​ស្តង់ដា និង​ទទួលបាន​ការហោះហើរ​ត្រង់​ពី​បណ្តា​ប្រទេស​នានា​ជាពិសេស​មកពី​ទិសដៅ​ឆ្ងាយៗ​គឺជា​ការ​ចូលរួមចំណែក​មួយ​ដ៏​សំខាន់​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​កាន់តែច្រើន​មកកាន់​ប្រទេស​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ស្រប​ពេលដែល​វិស័យ​ទេសចរណ៍​កំពុងតែ​ងើប​ឡើងវិញ​សន្សឹមៗ​ការ​អភិ​​វ​ឌ្ឍ​ព្រលានយន្តហោះ​អន្តរជាតិ​នេះ​នឹង​ឆ្លើយតប​កំណើន​នៃ​ការ​ត្រឡប់មកវិញ​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។  ​យើង​ក៏​រំពឹងថា អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ថ្មី​នេះ​នឹង​មានការ​ហោះហើរ​ត្រង់​ពី​បណ្តា​ប្រទេស​ឆ្ងាយៗ​ជុំវិញ​ពិភពលោក​»​។​

​លោក​បន្ថែមថា ការចាប់ផ្តើម​ដំណើរការ​សាងសង់​កាល​ពី​ឆ្នាំ ២០១៩ ព្រលានយន្តហោះ TIA ដែល​ពីមុន​មានឈ្មោះ ព្រលាន​យន្តហោះ​អន្តរជាតិ​តេ​ជោ​តា​​ខ្មៅ នឹងត្រូវ​បញ្ចប់​ក្នុង​ដំណាក់​កាល​ទី១ នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៤​។ នេះ​បើតាម​ផែនការ​មេ​ដែល​ធ្វើ​បច្ចុប្បន្នភាព​របស់​ក្រុមហ៊ុន CAIC​។​

CAIC ជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​កម្ពុជា​បរទេស ​(OCIC) និង SSCA ដោយ​ភាពជា​ម្ចាស់​ត្រូវបាន​បង្កើត​ឡើងលើ​មូលដ្ឋាន ៩០:១០​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​ OCIC នៅក្នុង​កំណត់ត្រា​នៅលើ​គេហទំព័រ​របស់ខ្លួន​។​

​ទិន្នន័យ SSCA បង្ហាញថា នៅ​ចន្លោះ​ពី​ខែមករា​-​ខែកញ្ញា ព្រលានយន្តហោះ​អន្តរជាតិ​ទាំង ​៣ របស់​កម្ពុជា បានទទួល​អ្នក​ដំណើរ​សរុប ៣ ៦៨៥ ៣៥៤ នាក់ កើន ១៦២​ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។ ក្នុងនោះ​ព្រលាន​​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បានទទួល​អ្នកដំណើរ ២,៩ លាន​នាក់​, ព្រលានយន្តហោះ​សៀម​រាប ៧៤០ ៨៨៤​ នាក់ និង​ព្រ​លាន​យន្តហោះ​ខេត្ត​ព្រះសីហនុ ៣៩ ៧១៥​ នាក់​៕