ភ្នំពេញៈ ប្រទេសកម្ពុជា រកប្រាក់បានជាង ២៣៣ លានដុល្លារ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៣ ពីការនាំទំនិញទៅកាន់ប្រទេសឥណ្ឌា កើនឡើងជិត ៦០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មប្រទេសទាំង ២ សម្រេចបានជាង ៤០០ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ស្ថិតិកត់ត្រាដោយ GDCE បានឱ្យដឹងថា ចាប់ពីខែមករា-តុលា ឆ្នាំ ២០២៣ ទំនិញដែលកម្ពុជានាំទៅឥណ្ឌា មានទឹកប្រាក់ ២៣៣,៣៩ លានដុល្លារ កើន ៥៧,៧ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ និងទំនិញឥណ្ឌានាំមកកម្ពុជា ១៦៧,៥២ លានដុល្លារ ថយចុះ ២០,២ ភាគរយ។ សម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគី គឺមានចំនួនសរុប ៤០០,៩២ លានដុល្លារ កើន ១២ ភាគរយ។ ផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៦៥,៨៧ លានដុល្លារ។ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំទី ១៨ របស់កម្ពុជា។
ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ចំនួនទឹកប្រាក់ដែលកម្ពុជានាំទំនិញទៅប្រទេសឥណ្ឌានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានកើនឡើងជាបន្តបន្ទាប់ ដោយទំនិញភាគច្រើនជាផលិតផលកសិកម្ម។
បើកម្ពុជាអាចធ្វើពិពិធកម្មទំនិញរបស់ខ្លួនឱ្យស្របនឹងតម្រូវការរបស់ឥណ្ឌាកាន់តែច្រើននោះ គឺជាការល្អណាស់ ព្រោះឥណ្ឌា គឺជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកនាពេលនេះ។
លោកបន្ថែមទៀតថា មួយវិញទៀតបើសិនកម្ពុជា នឹងឥណ្ឌាអាចមានជើងហោះហើរត្រង់ជាមួយគ្នានោះ ការធ្វើពាណិជ្ជកម្ម ព្រមទាំងលំហូរទេសចរ ក៏នឹងមានចំនួនកាន់តែច្រើនដែរ។
លោកប្រាប់ថា៖ «ដោយសារឥណ្ឌាជាប្រទេសធំ និងមានប្រជាជនច្រើន ដូច្នេះកម្ពុជាចាំបាច់ត្រូវតែខំធ្វើពិពិធកម្មទំនិញនាំចេញរបស់ខ្លួនបន្ថែមទៀតដើម្បីអាចទទួលបានចំណែកទីផ្សារនៅទីនោះកាន់តែច្រើន»។ លោកបន្តថា៖ «ម្យ៉ាងទៀតយើងក៏ចង់ទទួលបានវិនិយោគិនឥណ្ឌាឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាផងដែរ»។
បើតាមលោក លឹម ហេង ទំនិញដែលកម្ពុជានាំទៅឥណ្ឌាមានដូចជា ផលិតផលកសិកម្ម និងផលិតផលវាយនភណ្ឌ ចំណែកឥណ្ឌានាំចូលមានដូចជា សម្ភារវេជ្ជសាស្ត្រ, សាច់ក្របី, ម៉ូតូកង់បី, អំបោះ, ក្រណាត់, អាហារ, ថ្នាំ គីមី និងឱសថជាដើម។
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកស្រី Devyani Uttam Khobragade កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា លោក វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា-ឥណ្ឌាមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីជាមួយគ្នាយូរមកហើយ។
លោកបន្តថា ដើម្បីជំរុញឱ្យទំនាក់ទំនងការទូត និងពាណិជ្ជកម្មប្រទេសទាំង ២ កាន់តែប្រសើរថែមទៀតនោះ ប្រទេសទាំង ២ គួរមានការតភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នាឱ្យបានឆាប់ ព្រោះតាមរយៈជើងហោះហើរត្រង់ គឺកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីឥណ្ឌា ដែលជាទីផ្សារមួយដ៏ធំ និងមានសក្តានុពលខ្ពស់ ឱ្យមកទស្សនកិច្ច កម្ពុជាកាន់តែច្រើន។
តាមរយៈជំនួបនេះ ភាគីទាំង ២ ក៏បានពិភាក្សាពីការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរគំនិតយោបល់មួយចំនួនពាក់ព័ន្ធនឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំង ២ ផងដែរ។
ក្នុងឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ឥណ្ឌា មានទឹកប្រាក់សរុប ៤៤០ លានដុល្លារ កើន ៤១,៣៧ ភាគរយធៀបឆ្នាំ ២០២១ ដោយកម្ពុជានាំទៅប្រទេសឥណ្ឌា ១៩៦,៦៣ លានដុល្លារ កើន ៥៦ ភាគរយ និងឥណ្ឌានាំទំនិញមកវិញ ២៤៣,៣៧ លានដុល្លារ កើន ៣១,៤ ភាគរយ។ នេះបើយោងតាម GDCE៕