ភ្នំពេញៈ ថាមពល​ស្អាត​ដែល​កំពុង​ប្រើប្រាស់​ក្នុង​បណ្តាញ​ជាតិ​នៅ​ប្រទេស​កម្ពុជា ​បាន​កើន​ដល់​ជាង ៦២​ ភាគរយ​នៃ​បរិមាណ​ប្រើប្រាស់​សរុប​ប្រមាណ ២៤០០​ មេ​ហ្គា​វ៉ា​ត់ ខណៈ​កម្ពុជា​​ ក៏មាន​ផែនការ​នាំចេញ​ថាមពល​ដែល​ផលិត​បាន​ទៅ​លក់​ឱ្យ​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​ផងដែរ​។ នេះ​បើតាម​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​។​

​ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​ស្តីពី ​«​គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា​» ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា​សហកា​រ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា លោក កែវ រតនៈ បាន​លើកឡើងថា បន្ទាប់ពី​ការខិតខំ​រយៈពេល​ប្រមាណ ៣​ ទសវត្សរ៍​បច្ចុប្បន្ន​ក​ម្ពុ​ជា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ទៅ​ស្ទើរ​គ្រប់​ភូមិ​នៅ​ទូទាំងប្រទេស​។ 


អ្វី​ដែលជា​មោទនភាព​មួយទៀត​ទាក់ទង​នឹង​សមត្ថភាព​ខាងលើ កម្ពុជា ​ក៏បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ ដែល​ចេញពី​ចំហេះ​ហ្វូ​ស៊ី​ល​ដូចជា​ធ្យូងថ្ម និង​ប្រេង​ខ្មៅ ទៅក្នុង​បរិយាកាស​ផងដែរ តាមរយៈ​ការប្រើប្រាស់​ថាមពល​ស្អាត ឬ​កកើត​ឡើងវិញ​ (​ថាមពល​ពី​ពន្លឺព្រះអាទិត្យ ខ្យល់ ទឹក និង​រលក​ទឹក ជាដើម​)​។​

​លោក​បន្ថែមថា លើ​ឆាក​អន្តរជាតិ កម្ពុជា ​ត្រូវបាន​ប្រទេស​នានា​ ទទួលស្គាល់​ពី​ការសម្រេចបាន​ជោគជ័យ​ដ៏​ធំធេង​ក្នុងការ​ផ្លាស់ប្តូរ​ពី​ការពឹង​ផ្អែកលើ​ថាមពល​ហ្វូ​ស៊ី​ល ទៅជា​ថាមពល​ស្អាត​។ ជាក់ស្តែង​ក្នុង​គោលការណ៍​របស់​អាស៊ាន គឺ​គេ​ចង់ឱ្យ​ប្រទេស​សមាជិក​ទាំងអស់​ប្រើប្រាស់​ថាមពល​ពី​ប្រភព​ស្អាត ឬ​កកើត​ឡើងវិញ​ឱ្យបាន ៣៥​ ភាគរយ​នៅត្រឹម​ឆ្នាំ​២០៣០ ប៉ុន្តែ​សម្រាប់​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០២២ បាន​ឡើងដល់​ជាង ៦០ ​ភាគរយ​ទៅហើយ​។​


​លោក​ថ្លែងថា​៖«​កាលពីមុន​យើង​ប្រើ​ភ្លើង​ដែល​ចេញពី​ប្រេងម៉ាស៊ូត ឬ​ប្រេង​ខ្មៅ​មាន​ផ្សែងហុយ​ទ្រលោម និង​ថ្លង់​គ្រប់កន្លែង ប៉ុន្តែ​ឥឡូវនេះ​ភ្លើង​នៅក្នុង​បណ្តាញ​ជាតិ​របស់​យើង​មាន ៦២​ ភាគរយ​ បើ​គិត​ត្រឹម​ចុងឆ្នាំ​២០២២ ដែលជា​ភ្លើង​យកចេញ​មកពី​ប្រភព​ថាមពល​ស្អាត និង​កកើត​ឡើងវិញ​។ ​ក្នុងនោះ​រួមមាន​ពី​ប្រភព​វា​រី​អគ្គិសនី នៅក្នុង​ប្រទេស​យើង​ជាង ៤០​ ភាគរយ ដែលជា​ថាមពល​ស្អាត និង​កកើត​ឡើងវិញថាមពល​ពន្លឺព្រះអាទិត្យ ជាង ១០ ​ភាគរយ រួមផ្សំ​ជាមួយនឹង​ថាមពលជីវម៉ាស់​បន្តិច​បន្តួច និង​រួមផ្សំ​ជាមួយ​ការនាំ​ចូល​ថាមពល​ស្អាត​ពី​ប្រទេស​ឡាវ ផ្គុំ​គ្នា​មក​បាន ៦២ ​ភាគរយ​»​។ 

លោក​បន្តថា​៖«​វិស័យ​ថាមពល​របស់​យើង​បាន​ដើរ​លើសពី​មធ្យមភាគ​អាស៊ាន ដែល​ដាក់​ផែនការ​នៅ​ឆ្នាំ​២០២៣ ជិត​ពាក់កណ្តាល​រួចទៅហើយ​»​។​

​លោក​ប្រាប់ទៀតថា អ្វីៗ​ដែល​កើត​មានបាន​នៅពេលនេះ ក៏​ដោយសារតែ​កម្ពុ​ជាមាន​សុខសន្តិភាព​ផងដែរ ព្រោះ​តំបន់​ដែល​ធ្លាប់ជា​កន្លែង​ប្រយុទ្ធ​គ្នា ឬ​តំបន់​មីន ពេលនេះ​បាន​ប្រែក្លាយជា​កន្លែង​បង្កើត​ថាមពល ឬ​កន្លែង​ឆ្លងកាត់​របស់​ខ្សែ​បញ្ជូន​អគ្គិសនី​។​

​យោងតាម​លោក រតនៈ បច្ចុប្បន្ន​កម្ពុជា​ មាន​ស​ម​ត្ថ​ភាព​ផលិត​ថាមពល​បាន​ប្រមាណ ៤ ០០០ ​មេ​ហ្គា​វ៉ា​ត់ ខណៈ​ការប្រើប្រាស់​ប្រចាំថ្ងៃ​នៅពេលនេះ​ មាន​ត្រឹមតែ ២ ៤០០​ មេ​ហ្គា​វ៉ា​ត់​ ប៉ុណ្ណោះ ដូច្នេះ​ជា​ឱកាស​ដែល​កម្ពុជា​ត្រូវ​គិតគូរ​ពី​ការនាំចេញ​ថាមពល​របស់ខ្លួន​ទៅ​លក់​ឱ្យ​ប្រទេស​ក្នុង​តំបន់​នាពេលខាងមុខ​។​

​លោក​លើកឡើងថា​ប្រទេស​សិង្ហ​បុរី​ ដែល​បច្ចុប្បន្ន​ពឹង​ផ្អែកលើ​ថាមពល​ពី​ឧស្ម័ន​ធម្មជាតិ​ប្រមាណ ៩៥ ​ភាគរយ​នោះ បានបង្ហាញ​ការចាប់អារម្មណ៍​ទិញ​ថាមពល​ពី​កម្ពុជា តាមរយៈ​កា​រត​ខ្សែ​បញ្ជូន​ក្រោម​បាតសមុទ្រ ដោយ​ឆ្លងកាត់​តាម​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​វៀតណាម ភ្ជាប់​មក​កម្ពុជា និង​ឡាវ ដើម្បី​បាន​ថាមពល​ពី​វៀតណាម កម្ពុជា និង​ឡាវ​។ 

លោក​ប្រាប់ទៀតថា មូលហេតុ​ដែល​សិង្ហ​បុរី​ចង់​ទិញ​ថាមពល​ពី​ប្រទេស​ទាំង ៣ គឺ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​ពី​ហ្វូ​ស៊ី​ល និង​ជួយ​ឱ្យ​តម្លៃ​ថាមពល​ចុះ​ទាប​ជាង​មុន​។​

​លោក​អះអាងថា សព្វថ្ងៃនេះ​សិង្ហ​បុរី កំពុង​ប្រ​ប្រាស់​ថាមពល​ប្រមាណ ៧-៨​ ពាន់​មេ​ហ្គា​វ៉ា​ត់ ហើយ​ចង់​ពង្រីក​បន្ថែមទៀត ដូច្នេះ​គេ​មើលឃើញ​កម្ពុជា ដែលជា​ប្រទេស​កំពុងមាន​ប្រភព​ថាមពល​ស្អាត​ច្រើន​។​

​លោក​ថា​៖ «​សិង្ហ​បុរី​ បបួល​យើង​ហើយ​យើង​គឺជា​ដៃគូ​ពិសេស​មួយ ​ដែល​យើង​ធ្វើ​កិច្ចការ​ជាមួយ​ប្រទេស​សិង្ហ​បុរី ដើម្បី​បបួល​ប្រទេស​ម៉ាឡេស៊ី ប្រទេស​វៀតណាម ប្រទេស​ឡាវ ចូលរួម​រួមគ្នា​ដើម្បី​ធ្វើ​ថាមពល​ក្នុង​តំបន់ ពីព្រោះ​អាស៊ាន​បានដាក់​គោលដៅ​ជាច្រើន​ទសវត្សរ៍​មកហើយ ​ក្នុង​ការចង់​ធ្វើ​ខ្សែបណ្តាញ​ព័ទ្ធ​អាស៊ាន ប្រទាក់ក្រឡា​គ្នា ​លើ​វិស័យ​ថាមពល​»​។​

​បើតាម​លោក កែវ រតនៈ ការប្រើប្រាស់​អគ្គិសនី​ពី​ប្រភព​ស្អាត​បែបនេះ ក៏​ជា​សក្តានុពល​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​ផងដែរ​៕