ភ្នំពេញៈ ធនាគារពិភពលោក​ ​(WB) បានផ្តល់​ការយល់ព្រម​លើ​គម្រោង​ ១ ដែលមាន​តម្លៃ ១៦៣ ​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​ប្រទេស​កម្ពុជា​ នៅក្នុង​កិច្ចប្រឹងប្រែង​ពង្រឹង​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ជា​ប្រយោជន៍​ដល់​ប្រជាជន​ជាង ១៧៥ ០០០ ​នាក់ នៅក្នុង​ខេត្ត​ចំនួន​ ៤​។​


​យោងតាម​សេចក្តីប្រកាស​ធនាគារ​ផ្តល់ប្រាក់​កម្ចី​ពហុភាគី​ដែលមាន​មូល​ដ្ឋា​ន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​មួយ​នេះ បានអនុម័ត​កាលពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា​សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការ​ផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​ខេត្ត​ចំនួន ៤ រួមមាន​បាត់ដំបង ពោធិ៍សាត់ កណ្តាល និង​មណ្ឌលគិរី​។​

​ធនាគារ​បញ្ជាក់ថា ទោះបី​ប្រទេស​កម្ពុ​ជា មាន​វឌ្ឍនភាព​ច្រើន​នៅក្នុង​ការ​​បង្កើន​លទ្ធភាព​ទទួល​បាន​ទឹកស្អាត និង​អនាម័យ​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​វា​នៅមាន​កិច្ចខិតខំ​ដែល​ចាំបាច់​ត្រូវធ្វើ​ថែមទៀត​ដើម្បី​ឈានទៅ​សម្រេច​នូវ​គោលដៅ​ទី​៦ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការ​សហ​​ប្រជាជាតិ ​(SDG 6) ស្តីពី​ទឹកស្អាត និង​អនាម័យ​សម្រាប់​ទាំងអស់គ្នា​ត្រឹម​ឆ្នាំ​ ២០៣០​។ គិត​ត្រឹម​ឆ្នាំ​ ២០២២ មាន​មិន​ដល់ ១/៣ ​នៃ​ប្រជាជន​កម្ពុជា​ទេ​ដែលមាន​លទ្ធភាព​ទទួល​បានការ​ផ្គត់ផ្គង់​ទឹកស្អាត​ប្រកបដោយ​សុវត្ថិ​​ភាព ហើយ​មាន​លើសពី ១/៣ ​បន្តិច​ដែលមាន​លទ្ធភាព​ប្រើប្រាស់​សេវា​អនាម័យ​ដែលមាន​ការគ្រប់គ្រង​ល្អ​។​


«​គម្រោង​ព​ន្លឿ​ន​ការផ្គត់ផ្គង់​ទឹក​និង​អនាម័យ នឹង​គាំទ្រ​ដល់​សកម្មភាព​របស់រ​ដ្ឋា​ភិ​បាល​ក្នុងការ​បង្កើន​លទ្ធភាព​ទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រតិ​​ប​ត្តិ​ការ និង​ការថែទាំ ប្រព័ន្ធ​ដែលមាន​ស្រាប់ និង​ធានា​និរន្តរភាព​សេវាកម្ម​»​។ នេះ​បើ​យោងតាម​ធនាគារ​នេះ​។​

​គម្រោង​នេះ​មាន​សកម្មភាព​មួយ​សម្រាប់​បង្កើន​ការវិនិយោគ​ហិរញ្ញវត្ថុ​ឱ្យអស់​លទ្ធភាព​សម្រាប់​ការអភិវឌ្ឍ ដោយ​ធ្វើការ​ជាមួយ​ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​ទឹកស្អាត​ឯកជន​ដែល​កំពុង​ចូលរួមចំណែក​ជាង​ពាក់កណ្តាល​នៃ​បណ្តាញ​ទុយោ​ទឹក​ទាំងអស់​នៅ​កម្ពុជា នៅក្នុង​ការ​កៀរគរ​ធនធាន​ចំនួន​ប្រមាណ​ប្រហែល ១៧,៦ ​លាន​ដុល្លារ អាមេរិក​បន្ថែមទៀត​ពី​ប្រភព​ឯកជន សម្រាប់​ពង្រីក​ការផ្គត់ផ្គង់​សេវា​ទឹកស្អាត​។​


​លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឱ្យដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការផ្គត់ផ្គង់​ទឹក​ស្អាត​ជា​វិស័យ​អាទិភាព​មួយ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ និង​ចីរភាព និង​សម្រាប់​ពង្រឹង​សេដ្ឋកិច្ច​។​

​លោក​ថ្លែងថា​៖ «​គម្រោង​នេះ​នឹង​ជួយ​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រួម​របស់ខ្លួន ហើយ​យើង​ប្តេជ្ញា​ថា​នឹង​ធានាឱ្យមាន​កំណើន​ប្រកបដោយ​ចីរភាព​ក្នុង​វិស័យនេះ ក៏ដូចជា​ក្នុងការ​ឈានទៅ​សម្រេច​គោលដៅ SDG 6 ផងដែរ​»​។​

​លោកស្រី ម៉ា​រី​យ៉ា​ម សា​លីម ប្រធាន​គ្រប់គ្រង​នៃ​ធនាគារ​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា ការទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ជា​សិទ្ធិ ជា​មូលដ្ឋាន​របស់​មនុស្ស​៕