​ភ្នំពេញៈ ជំនួប​ធុរកិច្ច​រវាង​ពា​ណិ​ជ្ជ​ករ​កម្ពុជា​-​ជប៉ុន នឹង​ក្លាយជា​ចំណែក​សំខាន់​មួយ​ក្នុងការ​​ជួយ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា​កាន់តែច្រើន ខណៈ​ទឹក​ប្រាក់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ រយៈពេល ១០​ ខែ​នៃ​ឆ្នាំ​ ២០២៣ ​មាន​ជាង ១,៥​ ​ពាន់​លាន​ដុល្លារ​។​

​ប្រធាន​អគ្គនាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា លោក អ៊ិ​ន​ ចាន់នី បានលើកឡើង​ក្នុងឱកាស​នៃ​ជំនួប​រវាង​វិនិយោគិន​កម្ពុជា និង​ជប៉ុន ដែល​រៀបចំ​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​ធនាគារ អេស៊ីលីដា កាលពី​ថ្ងៃទី ​២០ ខែវិច្ឆិកា​ថា ជំនួប​ធុរកិច្ច​រវាង​ដៃគូ​ពា​​ណិ​ជ្ជ​កម្ម​កម្ពុជា​-​ជប៉ុន គឺជា​ឱកាសល្អ​សម្រាប់​វិនិយោគិន​ប្រទេស​ទាំង ២ ដើម្បី​ប្រាស្រ័យ​ទាក់ទង​គ្នា និង​សិក្សា​ស្វែងរក​អត្ថប្រយោជន៍​រួម​នៃ​កា​រវិ​និ​​យោគ​ដ៏​មាន​សក្តានុពល​នៅ​កម្ពុជា​។​


​លោក​ថ្លែងថា​៖ «​វិនិយោគិន​ជប៉ុន​ គឺ​បានធ្វើការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ក្នុងការ​វិនិយោគ​នៅលើ​ទឹកដី​កម្ពុជា ដែលជា​កន្លែង​ផ្តល់នូវ​សុខសន្តិភាព​ពេញ​​លេញ និង​សម្បូរបែប​។ ទាំងនេះ​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ដែល​ប្រទេស​កម្ពុជា​ផ្តល់នូវ​លក្ខខណ្ឌ​វិនិយោគ​ដ៏​ល្អ​ដើម្បី​បំពេញតម្រូវការ​ជូន​វិនិយោគិន​»​។​

​បើតាម​ធនាគារ​អេស៊ីលីដា នេះ​ជា​លើក​ទី​៣ ហើយ​ដែល​ធនាគារ​របស់ខ្លួន​សហការ​ជាមួយ​សមាគម​ជប៉ុន​-​កម្ពុជា រៀបចំ​វេទិកា​នេះ​ឡើង​។ ក្នុង​ជំ​នួ​ប​ខាងលើ​មាន​ក្រុមហ៊ុន​កម្ពុជា ៣០ និង​ក្រុមហ៊ុន​ជប៉ុន ២៨ ចូលរួម​។​


​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ថ្មីៗ​នេះ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ថា ទោះបី​ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ ធ្លាក់ចុះ ប៉ុន្តែ​លោក​នៅតែមាន​សុ​ទិដ្ឋិ​និយម​ថា ចំនួន​នេះ​នឹង​កើន​ឡើងវិញ​នៅក្នុងពេល​ឆាប់ៗ ខណៈ​ប្រទេស​ទាំង ២ គឺ​សុទ្ធតែជា​សមាជិក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)​។​

​លោក​លើកឡើង​ទៀតថា​៖ «​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ២ ឱ្យ​កាន់តែ​ធំ​ថែមទៀត កន្លងមក​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ក៏បាន​បើក​ការិយាល័យ​តំ​ណា​ង​របស់ខ្លួន នៅ​ទីក្រុង​សែន​ដាយ ​(​ប្រទេស​ជប៉ុន​)​។ ការិយាល័យ​នេះ​កំពុង​ជួយ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ក៏ដូចជា​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​ឱ្យមក​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​ផងដែរ​»​។​

​លោក​ប្រាប់ទៀតថា ការធ្លាក់ចុះ​ទឹកប្រាក់​នាំចូល​ពី​ជប៉ុន​រហូតដល់​ជិត ២០​ ភាគរយ គឺ​ដោយសារ​សមត្ថភាព​នៃ​ការដាំដុះ កែច្នៃ និង​ផលិត​នៅ​កម្ពុ​ជាមាន​កាន់តែច្រើន​។​

​បើតាម​លោក លឹម ហេង ផលិត​​ផល​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​ជប៉ុន មានដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿង​បង្គុំ និង​កសិផល ចំណែក​ជប៉ុន​នាំ​ចូលមក​កម្ពុជា​វិញ​មាន ផលិតផល​គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​អេ​ឡិច​ត្រូ​និក និង​គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម​ជាដើម​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាឱ្យដឹងថា ការធ្វើ​ពាណិជ្ជ​​កម្ម​រវាង​កម្ពុជា​-​ជប៉ុន រយៈពេល ១០​ ខែ​ដើមឆ្នាំ ​២០២៣ មាន​ចំនួន ១,៥ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៨,៥​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។

ក្នុង​ចំនួន​នេះ ​គឺ​ការនាំចេញ​របស់​កម្ពុជា ៩៧៤,៩៤ ​លាន​ដុល្លារ ធ្លាក់​​ចុះ ១,៤​ ភាគរយ និង​ជប៉ុន​នាំ​ចូលមក​កម្ពុជា ៥២៩,០៣​ លាន​ដុល្លារ​ ធ្លាក់ចុះ ១៩,៣ ​ភាគរយ​។ បើតាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ឧត្តមភាព ៤៤៥,៩១​ លាន​ដុល្លារ​៕