ភ្នំពេញៈ ធនាគារពិភពលោក​ ​(WB) បានកែតម្រូវ​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ចកម្ពុជា​មក​នៅត្រឹម ៥,៤ ​ភាគរយ​ធ្លាក់ចុះ ០,១ ​ភាគរយ​ ពី​ការ​ព្យាករ​កាលពី​ខែ​ឧសភា ដោយសារតែ​ភាពមិនច្បាស់លាស់​ជាស​កល និង​ក្នុង​តំបន់ ដែល​បង្កឡើង​ដោយសារ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន កំពុង​បន្ត និង​ការប្រកួតប្រជែង​ភូមិ​សាស្ត្រ​នយោបាយ​ក្នុងចំណោម​បណ្ដា​ប្រទេស​មហាអំណាច​។​

​ប៉ុន្តែ​ធនាគារ​មួយ​នេះ បានលើកឡើង​ពី​ចក្ខុវិស័យ​វិជ្ជមាន​សម្រាប់​កម្ពុជា​នៃ​ការកើនឡើង​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ និង​អត្ថប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​។​


​ក្នុង​ចក្ខុវិស័យ​ពាក់កណ្តាល​​ឆ្នាំ​របស់ខ្លួន​សម្រាប់​ប​ច្ចុ​ប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា​នៅ​ថ្ងៃទី​ ២២ ខែ​​វិច្ឆិកា សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​ ៥,៤​ ភាគរយ ​ក្នុង​ឆ្នាំ​ ២០២៣ ហើយនឹង​កើន​ដល់ ៥,៨​ ភាគ​​រយ ​ក្នុង​ឆ្នាំ​ ២០២៤ និង ៦,១​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៥ ជាមួយនឹង​ការរំពឹងទុក​ពី​ការកើនឡើង​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ និង​អំពី​អត្ថប្រយោជន៍​ដែល​នឹង​កើតចេញពី​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​នានា​ដែល​កម្ពុ​ជាមាន​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី ​២២ ខែវិច្ឆិកា​។​

​យោងតាម​ធនាគារ​នេះ​ទោះបី​មានការ​វិនិយោគ​ច្រើន​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​កន្លងមក​ក្តី ផ្នែក​ដឹកជញ្ជូន និង​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក​ដែល​សមត្ថ​ភាព​នៅមានកម្រិត និង​ការ​ផ្គត់​ផ្គង់​ថាមពល​ដែល​ពិបាក​ទុក​​ចិត្តបាន នៅតែ​បន្ត​ជា​បន្ទុក​ខ្ពស់​លើ​ការចំណាយ​ថ្លៃដើម​របស់​ធុរកិច្ច និង​របស់​អ្នកប្រើប្រាស់​ជាទូទៅ​។ ក្នុង​រយៈពេល​មធ្យម វិបត្តិ​ខាងក្រៅ​ដែលមាន​នៅក្នុងពេល​តែមួយ​រួមបញ្ចូល ការ​រា​ត​​ត្បា​ត​ជំងឺ​ជាស​កល​, សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​អត្រា​ការប្រាក់​ខ្ពស់​នៅលើ​ទីផ្សារ​អន្តរជាតិ​។​


​ទន្ទឹមនឹងនេះ​វិស័យ​ទេសចរ​ណ៍​ក៏មាន​សារៈសំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ហើយ​ទោះបី​មាន​ភ្ញៀវទេសចរ​អន្តរ​​ជាតិ​ចូល​ប្រទេស​វិញ​ជា​ហូរហែ​ក៏ដោយ ក៏​ប្រាក់ចំណូល​នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយចំនួន​នៅតែមាន​ចំនួន​ទាប​ជាង​កម្រិត​មុន​ការផ្ទុះ​ជំងឺ​រា​ត​​ត្បា​ត​។

ការវិនិយោគ​ទៅលើ​ការ​​ផលិត​ទំនិញ រួមទាំង​សម្លៀក​​បំពាក់ និង​ការនាំចេញ​ទំនិញ​សម្រេច បាន​ធ្លាក់ចុះ​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​អំពី​តម្រូវការ​ទាប​នៅ​ទីផ្សារ​ពិភពលោក​។ 

ជា​លទ្ធផល ការងារ​នៅ​ផ្នែក​ឧស្សាហកម្ម​ផលិតកម្ម​បាន​ធ្លាក់ចុះ ៥​ ភាគរយ​ដែល​ញ៉ាំងឱ្យ​អាជ្ញាធរ​ធ្វើ​អន្តរាគមន៍​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កម្មករ​ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​។​

«​នៅក្នុង​ឆ្នាំនេះ​កត្តារួម​ផ្សំ​រវាង​សម្ពាធ​ពី​ខាងក្រៅ និង​បញ្ហា​ប្រ​​ឈម​ផ្នែក​រចនាសម្ព័ន្ធ​ដែល​ដាក់​សម្ពាធ​លើ​កំណើន ទោះបី​ជាមាន​ការ​ស្ទុះ​ងើប​ឡើងវិញ​ក្នុង​វិស័យ​ទេសចរណ៍ និង​សេវា​ដទៃទៀត​។ ប្រសិនបើ​ការកែ​ទម្រង់​រចនាសម្ព័ន្ធ​ដើរ​អម​គ្នា​ជាមួយ​ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ និង​កាលានុវត្តភាព​ពាណិជ្ជក​ម្ម នោះ​វា​នឹង​នាំឱ្យ​កំណើន​បន្ត​បង្កើនល្បឿន​នៅក្នុង​រយៈពេល​មធ្យម និង​វែង​។ ក្នុង​ឆ្នាំ​ ២០២២ សេដ្ឋកិច្ច​របស់​កម្ពុជា​ទទួលបាន​កំណើន ៥,២ ​ភាគរយ​»​។ នេះ​បើ​យោងតាម​ធនាគារ​នេះ​។​

​លោកស្រី ម៉ា​រី​យ៉ា​ម សា​លីម នាយិកា​គ្រប់គ្រង​នៃ​ធនាគារ​​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​ត្រូវការ​ការគាំទ្រ​ពី​វិស័យ​ឯកជន ដើម្បី​ជំរុញ​កំណើន ខណៈ​រដ្ឋា​​ភិ​បាល​ក៏ត្រូវ​កែលម្អ​វិស័យ​សា​ធា​រណៈ​ផងដែរ​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ដើម្បី​រក្សាបាន​កំណើនសេដ្ឋកិច្ច កម្ពុជា​ចាំបាច់​ត្រូវតែ​ជួយ​ដល់​វិស័យ​ឯកជន​ឱ្យបំពេញ​មុខងារ​ជា​ក្បាលម៉ាស៊ីន​កំណើន​មួយ ហើយ​កិច្ចការ​នេះ​អាច​សម្រេចបាន​ដោយ​ធ្វើ​សកម្មភាព​ភ្លាមៗ​ក្នុងការ​កែលម្អ​ការបំពេញ​កិច្ច​របស់​វិស័យ​សាធារណៈ​»​។

លោកស្រី​បន្តថា​៖ «​ការរក្សា​ស្ថិរ​​ភាព​ហិរញ្ញវត្ថុ​ក៏​ជា​អាទិភាព​មួយ ហើយ​ចាំបាច់​ត្រូវតែ​ខិតខំ​ថែមទៀត​ក្នុង​ស្តារ​លម្ហ​សារពើ​ពន្ធ​ឡើងវិញ​»​។​

​កាលពី​ចុងខែ​តុលា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF)​ ក៏បាន​បន្ទាប​ការ​ព្យាករ​កំណើន​សេដ្ឋ​​កិច្ច​កម្ពុជា​មក​នៅត្រឹម ៥,៣ ​ភាគរយ​សម្រាប់​ឆ្នាំនេះ ធ្លាក់​​ចុះ​ពី ៥,៨ ​ភាគរយ​ដែល​បាន​ព្យាករ​កាលពី​ខែមេសា​។ នៅ​ឆ្នាំ​ ២០២៤ សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង ៦,០ ​ភាគរយ​។​

​លោក Davide Furceri​ ប្រធាន​បេសកកម្ម​របស់ IMF ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​ស​ន្និ​​សីទ​សារព័ត៌មាន​កាលពី​ចុងខែ​​តុលា​ថា ការទម្លាក់​ចំណាត់ថ្នាក់​នេះ​ដោយសារ​វិស័យ​អចលន​ទ្រព្យ​ធ្លាក់ចុះ ពិសេស​បណ្តាលមកពី​ការធ្លាក់ចុះ​របស់​ដៃគូ​នាំ​​ចេញ​ទំនិញ​សំខាន់ៗ​ដូចជា​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ចិន ជាដើម​៕